ក្រុងស៊ីយ៉ូន ជាកន្លែងរបស់អុលឡោះបទចំរៀង។ ទំនុករបស់កូនចៅលោកកូរេ។ 1 អុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្ដម ដែលត្រូវតែលើកតម្កើង ឲ្យខ្ពង់ខ្ពស់បំផុត នៅក្នុងកន្លែងអុលឡោះជាម្ចាស់របស់យើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ទ្រង់។ 2 ភ្នំរបស់អុលឡោះជាភ្នំមួយដ៏ល្អប្រណីត គឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភព ជាបុរីរបស់ស្តេច ដែលនាំឲ្យផែនដីទាំងមូលមានអំណរ។ 3 នៅក្នុងបុរីនេះ គេទទួលស្គាល់ថា អុលឡោះជាកំពែងដ៏រឹងមាំ។ 4 ស្ដេចនានាបានលើកគ្នាមកវាយប្រហារភ្នំស៊ីយ៉ូន 5 ពេលគេឃើញក្រុងស៊ីយ៉ូន គេស្ញែងខ្លាចជាខ្លាំង ហើយគេនាំគ្នារត់ចេញទៅវិញ ទាំងភ័យតក់ស្លុត 6 ដ្បិតគេភ័យញាប់ញ័រ ហើយឈឺចុកចាប់ដូចជាស្ត្រីសំរាលកូន 7 និងដូចជាខ្យល់ព្យុះបក់មកពីទិសបូព៌ា បំបែកនាវាដ៏ធំៗ ។ 8 យើងបានឮគេថ្លែងអំពីស្នាដៃ ដ៏អស្ចារ្យរបស់ទ្រង់ ឥឡូវនេះ យើងក៏បានឃើញផ្ទាល់នៅក្នុងទីក្រុង របស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់របស់យើង ទ្រង់នឹងការពារ ក្រុងនេះ ឲ្យបានរឹងមាំរហូតតទៅ។ - សម្រាក 9 ឱអុលឡោះអើយ ពេលយើងខ្ញុំនៅក្នុងម៉ាស្ជិទរបស់ទ្រង់ យើងខ្ញុំរិះគិតអំពីចិត្ត មេត្តាករុណារបស់ទ្រង់។ 10 អុលឡោះអើយ ដូចនាមរបស់ទ្រង់ ល្បីរន្ទឺ ក្នុងលោកទាំងមូលយ៉ាងណា មនុស្សម្នាក៏នឹងលើកតម្កើងទ្រង់ រហូតដល់ស្រុកដាច់ស្រយាល ផែនដីយ៉ាងនោះដែរ។ ទ្រង់គ្រប់គ្រងដោយសុចរិត។ 11 សូមឲ្យអ្នកក្រុងស៊ីយ៉ូនបានរីករាយឡើង សូមឲ្យអ្នកស្រុកយូដាបានរីករាយជាខ្លាំង ដ្បិតទ្រង់វិនិច្ឆ័យប្រកបដោយយុត្តិធម៌។ 12 ប្រជាជនរបស់អុលឡោះអើយ ចូរនាំគ្នាហែក្បួនព័ទ្ធជុំវិញក្រុងស៊ីយ៉ូន! ចូររាប់ចំនួនប៉មរបស់ក្រុងនេះមើល! 13 ចូរស្ងើចសរសើរកំពែងក្រុង ចូរពិនិត្យមើលជញ្ជាំងក្រុងនេះទៅ ដើម្បីឲ្យអ្នករាល់គ្នាអាចយកទៅថ្លែង ប្រាប់មនុស្សនៅជំនាន់ក្រោយថា៖ 14 «អុលឡោះពិតជាម្ចាសរបស់យើង អស់កល្បជានិច្ច ហើយទ្រង់ជាម្ចាស់ដឹកនាំយើង ជាអង្វែងតរៀងទៅដែរ»។ |
© 2014 United Bible Societies, UK.
United Bible Societies