អុលឡោះនៅជាមួយយើងទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទចំរៀងរបស់កូនចៅលោកកូរេ។ បទសម្រាប់នារី។ 1 អុលឡោះជាជំរក និងជាបង្អែកដ៏រឹងមាំរបស់យើង នៅពេលមានអាសន្ន ទ្រង់តែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។ 2 ហេតុនេះហើយបានជាយើង មិនភ័យខ្លាចអ្វីឡើយ គឺទោះបីមានរញ្ជួយផែនដី ទោះបីភ្នំនានារលំធ្លាក់ទៅក្នុងមហាសាគរ 3 ឬទោះបីឮសូរសន្ធឹកសមុទ្របក់បោក បែកពពុះទឹកធ្វើឲ្យកក្រើកភ្នំ នានាយ៉ាងណាក្ដី ក៏យើងមិនភ័យខ្លាចអ្វីដែរ។ - សម្រាក 4 មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រព កន្លែងរបស់ទ្រង់ ដែលជាដំណាក់ ដ៏សក្ការៈនៃអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ។ 5 អុលឡោះនៅក្នុងកន្លែងមួយ ហើយកន្លែងនោះនឹងមិនរង្គើសោះឡើយ។ ទ្រង់នឹងសង្គ្រោះកន្លែងនោះ តាំងពីពេលថ្ងៃរះ។ 6 ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ អុលឡោះបន្លឺសំឡេងដូចផ្គរលាន់ ផែនដីក៏រលាយអស់ទៅ 7 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នៅជាមួយយើង អុលឡោះជាម្ចាស់របស់យ៉ាកកូបជាជំរក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក 8 ចូរនាំគ្នាមកមើលស្នាដៃរបស់អុលឡោះតាអាឡា ទ្រង់បានធ្វើការដ៏អស្ចារ្យក្រៃលែង នៅលើផែនដីនេះ! 9 គឺទ្រង់បញ្ឈប់សង្គ្រាមនៅលើ សកលលោកទាំងមូល ទ្រង់កាច់បំបាក់ធ្នូ និងលំពែង ហើយដុតរទេះចំបាំងចោលអស់។ 10 អុលឡោះតាអាឡាមានបន្ទូលថា «ចូរឈប់ច្បាំង ចូរដឹងថា យើងនេះហើយជាអុលឡោះ យើងគ្រប់គ្រងលើប្រជាជាតិនានា ហើយគ្រប់គ្រងលើផែនដីទាំងមូល»។ 11 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នៅជាមួយយើង អុលឡោះជាម្ចាស់របស់យ៉ាកកូបជាជំរក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក |
© 2014 United Bible Societies, UK.
United Bible Societies