ទំនុកតម្កើង 45 - អាល់គីតាបចំរៀងនៅពេលស្តេចរៀបការ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទផ្កាម្លិះ។ កំណាព្យរបស់កូនចៅលោកកូរេ។ ចំរៀងស្នេហា។ 1 ចិត្តរបស់ខ្ញុំពោរពេញ ទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចំរៀងនេះជូនស្តេច ។ សូមឲ្យសំដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយនាក់ដ៏ចំណាន។ 2 ក្នុងចំណោមបុរសទាំងអស់ មានតែស្តេចទេដែលរូបសម្បត្តិល្អជាងគេ ស្តេចមានសំនួនវោហារដ៏ពូកែ ហេតុនេះហើយបានជាអុលឡោះ ប្រទានពរដល់អ្នករហូតតទៅ។ 3 ឱវីរបុរសដ៏មានអំណាចអើយ សូមពាក់ដាវដ៏រុងរឿង និងភ្លឺចិញ្ចែងចិញ្ចាចរបស់ស្តេចទៅ។ 4 សូមស្តេចឈរនៅលើរទេះ ប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមស្តេចទទួលមហាជោគជ័យ ដោយអំណាចរបស់អ្នក។ 5 សូមឲ្យព្រួញដ៏មុតរបស់ស្តេច បានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវ សូមឲ្យប្រជាជាតិទាំងឡាយ នៅក្រោមជើងរបស់ស្តេច។ 6 អុលឡោះអើយ បល្ល័ង្ករបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ហើយទ្រង់គ្រងរាជ្យដោយយុត្តិធម៌ 7 ទ្រង់តែងតែពេញចិត្តនឹងសេចក្ដីសុចរិត ទ្រង់មិនពេញចិត្តនឹងអំពើទុច្ចរិតទេ ហេតុនេះហើយអុលឡោះជាម្ចាស់ របស់អ្នកបានជ្រើសរើសអ្នក ពីក្នុងចំណោមមិត្តភក្ដិរបស់អ្នក ហើយប្រទានឲ្យអ្នក មានអំណរសប្បាយដ៏លើសលប់ ដោយចាក់ប្រេងតែងតាំងអ្នក។ 8 អាវវែងរបស់ស្តេចក្រអូបទៅដោយ ក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រស្នា មានក្រុមតន្ត្រីប្រគំភ្លេងជូនស្តេច នៅក្នុងវាំងដែលរចនាអំពីភ្លុកដំរី។ 9 ស្រីស្នំរបស់ស្តេចសុទ្ធតែជាបុត្រី របស់ស្ដេចនគរនានា ហើយមហាក្សត្រិយានីពាក់គ្រឿងអលង្ការ ធ្វើពីមាសដ៏ល្អប្រណីត នៅខាងស្ដាំស្តេច។ 10 ម្ចាស់ក្សត្រីអើយ សុំត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ ចូរកុំនឹកនាប្រជារាស្ត្រ និងរាជវង្សរបស់នាងទៀតអី! 11 ដ្បិតស្តេចពេញចិត្ត នឹងសម្ផស្សរបស់នាងខ្លាំងណាស់ ចូរគោរពស្តេចទៅ គាត់ជាម្ចាស់របស់នាងហើយ។ 12 ប្រជារាស្ត្រនៅក្រុងទីរ៉ុសនឹងនាំរបស់ មកជូននាង អ្នកមានទាំងឡាយនឹងនាំគ្នា មកផ្គាប់ផ្គុននាង។ 13 ម្ចាស់ក្សត្រីនៅក្នុងបរមរាជវាំង នាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់ អាវវែងរបស់នាងលំអទៅដោយមាស។ 14 គេដង្ហែនាងចូលទៅជួបស្តេច ទាំងពាក់អាវវែងចំរុះពណ៌ និងមានពួកភីលៀងហែហមពីក្រោយ ចូលទៅជួបស្តេចផង។ 15 ពួកនាងចូលទៅកាន់ដំណាក់របស់ស្តេច ដោយមានបណ្ដាជនបន្លឺសំឡេងអបអរសាទរ យ៉ាងសប្បាយ។ 16 សូមជម្រាបស្តេច សូមឲ្យបុត្រា ស្តេចបានឡើងគ្រងរាជ្យ តពីអយ្យកោរបស់ស្តេច។ ស្តេចនឹងតែងតាំងបុត្រា របស់ស្តេចឲ្យគ្រប់គ្រងទួទាំងនគរ។ 17 ខ្ញុំនឹងថ្លាថ្លែងរំលឹកពីនាម របស់ស្តេចរហូតតទៅ ហើយប្រជារាស្ត្រនានាក៏នឹងនាំគ្នាលើកតម្កើង ស្តេចអស់កល្បជាអង្វែងតរៀងទៅដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies