អុលឡោះអើយ សូមក្រោកឡើង!ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំណាព្យរបស់កូនចៅលោកកូរេ។ 1 ឱអុលឡោះអើយ ដូនតាយើងខ្ញុំធ្លាប់រៀបរាប់ឲ្យ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក នូវស្នាដៃទាំងប៉ុន្មាន ដែលទ្រង់បានធ្វើនៅជំនាន់របស់ពួកគេ គឺតាំងពីយូរអង្វែងណាស់មកហើយ។ 2 ដោយសារអំណាចរបស់ទ្រង់ ទ្រង់បានបណ្ដេញប្រជាជាតិនានា ចេញពីស្រុករបស់ខ្លួន ហើយយកប្រជារាស្ត្ររបស់ទ្រង់ ឲ្យមកនៅជំនួស។ ទ្រង់បានធ្វើទោសសាសន៍ទាំងនោះ ដើម្បីឲ្យប្រជារាស្ត្ររបស់ទ្រង់ពង្រីកទឹកដី។ 3 ប្រជារាស្ត្ររបស់ទ្រង់ពុំបានចាប់យកទឹកដីនេះ ដោយសារអាវុធរបស់ខ្លួនឡើយ ហើយគេក៏ពុំបានយកជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនដែរ គឺគេទទួលជ័យជំនះដោយសារជំនួយ និងអំណាចរបស់ទ្រង់ ព្រោះទ្រង់ស្រឡាញ់ ហើយពេញចិត្តនឹងពួកគេ។ 4 ឱអុលឡោះអើយ ទ្រង់ជាស្តេចរបស់ខ្ញុំ! មានតែទ្រង់ទេដែលប្រទានជ័យជំនះ ដល់ប្រជារាស្ដ្ររបស់ទ្រង់។ 5 ដោយសារទ្រង់ យើងខ្ញុំបានយកជ័យជំនះលើបច្ចាមិត្ត ដោយសារនាមរបស់ទ្រង់ យើងខ្ញុំបានបង្ក្រាបអស់អ្នក ដែលប្រឆាំងនឹងយើងខ្ញុំ 6 ដ្បិតខ្ញុំមិនពឹងផ្អែកលើធ្នូរបស់ខ្ញុំឡើយ ហើយដាវរបស់ខ្ញុំ ក៏មិនអាចសង្គ្រោះខ្ញុំបានដែរ។ 7 មានតែទ្រង់ទេដែលសង្គ្រោះយើងខ្ញុំឲ្យរួច ពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយធ្វើឲ្យ អស់អ្នកដែលស្អប់យើងខ្ញុំត្រូវអាម៉ាស់។ 8 ឱអុលឡោះអើយ យើងខ្ញុំលើកតម្កើង សិរីរុងរឿងរបស់ទ្រង់ជារៀងរាល់ថ្ងៃ ហើយយើងខ្ញុំនឹងសរសើរតម្កើង នាមរបស់ទ្រង់អស់កល្បជានិច្ច។ - សម្រាក 9 ក៏ប៉ុន្តែ ឥឡូវនេះ ទ្រង់បានបោះបង់ចោល យើងខ្ញុំ ទ្រង់បានធ្វើឲ្យយើងខ្ញុំបាក់មុខ ទ្រង់មិនទៅជាមួយកងទ័ព របស់យើងខ្ញុំទៀតទេ។ 10 ទ្រង់បានធ្វើឲ្យយើងដកទ័ពថយ នៅមុខបច្ចាមិត្ត ហើយខ្មាំងសត្រូវនាំគ្នាប្រមូលទ្រព្យសម្បត្តិ របស់យើងខ្ញុំយកទៅធ្វើជាជយភ័ណ្ឌ។ 11 ទ្រង់ប្រគល់យើងខ្ញុំទៅឲ្យ ខ្មាំងសត្រូវត្របាក់លេបដូចហ្វូងសត្វ ទ្រង់ធ្វើឲ្យយើងខ្ញុំខ្ចាត់ខ្ចាយ ទៅតាមប្រទេសនានា 12 ទ្រង់បានលក់ប្រជារាស្ត្ររបស់ទ្រង់ យ៉ាងថោកបំផុត គឺទ្រង់ពុំបានចំណេញអ្វីឡើយ។ 13 ទ្រង់បានបណ្ដោយឲ្យប្រទេស ជិតខាងមើលងាយយើងខ្ញុំ ប្រជាជាតិដែលនៅជុំវិញ នាំគ្នាសើចចំអកឡកឡឺយដាក់យើងខ្ញុំ។ 14 ទ្រង់បានធ្វើឲ្យប្រជាជាតិនានា យករឿងយើងខ្ញុំទុកជាការលេងសើច ពួកគេនាំគ្នាងក់ក្បាលចំអកដាក់យើងខ្ញុំ 15 ខ្ញុំតែងតែបាក់មុខជារៀងរាល់ថ្ងៃ ហើយខ្ញុំអាម៉ាស់មុខណាស់ 16 នៅពេលឮសូរខ្មាំងសត្រូវដែលចងគំនុំនឹងយើងខ្ញុំ នាំគ្នានិយាយបន្តុះបង្អាប់បន្ទាបបន្ថោកយើងខ្ញុំ។ 17 ឱអុលឡោះតាអាឡាអើយ ហេតុការណ៍ទាំងនេះកើតមានចំពោះយើងខ្ញុំ ទោះបីយើងខ្ញុំពុំបានបំភ្លេចទ្រង់ ហើយទោះបីយើងខ្ញុំពុំបានផ្ដាច់ចំណង សម្ពន្ធមេត្រីជាមួយទ្រង់ក៏ដោយ។ 18 យើងខ្ញុំពុំបានបែរចិត្តចេញពីទ្រង់ទេ ហើយយើងខ្ញុំក៏ពុំបានឃ្លាតចាក ពីមាគ៌ារបស់ទ្រង់ដែរ 19 មិនគួរណាទ្រង់បំបរបង់ចោល យើងខ្ញុំនៅកន្លែងដែលមានសត្វសាហាវ ព្រមទាំងឲ្យយើងខ្ញុំធ្លាក់ទៅ ក្នុងកណ្ដាប់ដៃរបស់មច្ចុរាជឡើយ។ 20 ប្រសិនបើយើងខ្ញុំបំភ្លេចនាមអុលឡោះជាម្ចាស់នៃយើងខ្ញុំ ប្រសិនបើយើងខ្ញុំបែរទៅសូមអង្វរ ព្រះណាមួយផ្សេងទៀតនោះ 21 អុលឡោះមុខតែជ្រាបជាមិនខាន ដ្បិតទ្រង់ឈ្វេងយល់អ្វីៗ ដែលលាក់ទុកនៅក្នុងចិត្តមនុស្ស!។ 22 ព្រោះតែទ្រង់ គេប្រហារជីវិតយើងខ្ញុំគ្រប់ពេលវេលា ហើយគេចាត់ទុកយើងខ្ញុំ ដូចជាចៀមដែលត្រូវយកទៅសម្លាប់ ។ 23 អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់នៅសម្រាន្តលក់ដូច្នេះ? សូមក្រោកឡើង! សូមក្រោកឡើង កុំបោះបង់ចោលយើងខ្ញុំរហូតតទៅឡើយ។ 24 ហេតុអ្វីបានជាទ្រង់ពួន មិនមើលមកយើងខ្ញុំដូច្នេះ? ហេតុអ្វីបានជាទ្រង់បំភ្លេចយើងខ្ញុំ ដែលកំពុងតែវេទនា និងត្រូវគេជិះជាន់ដូច្នេះ? 25 ដ្បិតគេជាន់ឈ្លីយើងខ្ញុំក្នុងធូលីដី យើងខ្ញុំបរាជ័យផ្កាប់មុខនៅនឹងដី ។ 26 សូមក្រោកឡើង សូមជួយសង្គ្រោះយើងខ្ញុំផង! ដោយចិត្តមេត្តាករុណាចំពោះយើងខ្ញុំ សូមរំដោះយើងខ្ញុំផង។ |
© 2014 United Bible Societies, UK.
United Bible Societies