ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 41 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 41

សូម​ប្រោស​ខ្ញុំ​ឲ្យ​ជា​ឡើង​វិញ​ផង
គីតាបសាបូរ​របស់​ណាពី​ទត។

1 មាន​សុភ‌មង្គល​ហើយ អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់ នឹង​មនុស្ស​កំសត់​ទុគ៌ត! ដ្បិត​នៅ​ថ្ងៃ​មាន​អាសន្ន អុលឡោះ‌តាអាឡា នឹង​ជួយ​អ្នក​នោះ​ជា​មិន​ខាន។

2 អុលឡោះ‌តាអាឡា​នឹង​ថែ‌រក្សា​អាយុ​ជីវិត​របស់​គេ ហើយ​អ្នក​នោះ​មាន​សុភ‌មង្គល​នៅ​លើ​ផែនដី ទ្រង់​នឹង​មិន​បណ្ដោយ​ឲ្យ​គេ​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ។

3 អុលឡោះ‌តាអាឡា​បី​បាច់​ថែ‌រក្សា​គេ នៅ​ពេល​គេ​ឈឺ​ធ្ងន់​ក្រោក​ពុំ​រួច ហើយ​ទ្រង់​ប្រោស​គេ ឲ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ។

4 ខ្ញុំ​អង្វរ​អុលឡោះ‌តាអាឡា​ថា ទ្រង់​អើយ សូម​ប្រណី​មេត្តា​ខ្ញុំ សូម​ប្រោស​ខ្ញុំ​ឲ្យ​ជា​ឡើង​វិញ​ផង ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​ទ្រង់​ហើយ។

5 សត្រូវ​របស់​ខ្ញុំ​នាំ​គ្នា និយាយ​អាក្រក់​ពី​ខ្ញុំ គេ​បន់​ឲ្យ​តែ​ខ្ញុំ​ស្លាប់ គេ​បន់​ឲ្យ​តែ​ឈ្មោះ​ខ្ញុំ​សាប​សូន្យ​ទៅ។

6 អស់​អ្នក​ដែល​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ គេ​មាន​គំនិត​មិន​ល្អ​ទេ គេ​មក​ប្រមូល​ដំណឹង​អាក្រក់ រួច​ចេញ​ទៅ​វិញ ទាំង​និយាយ​បរិហារ​ពី​ខ្ញុំ។

7 អស់​អ្នក​ដែល​ស្អប់​ខ្ញុំ និយាយ​ខ្សឹប‌ខ្សៀវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ប្រឆាំង​នឹង​ខ្ញុំ ថា​ខ្ញុំ​គេច​មិន​ផុត​ពី​ស្លាប់។

8 គេ​ពោល​ថា«ជំងឺ​អ្នក​នេះ​មើល​មិន​ជា​ទេ! គាត់​ពុំ​អាច​ក្រោក​ពី​គ្រែ​ឡើង​វិញ​បាន​ឡើយ»។

9 សូម្បី​តែ​មិត្ត​សម្លាញ់​ដ៏​ជិត‌ស្និទ្ធ​របស់​ខ្ញុំ គឺ​អ្នក​ដែល​ខ្ញុំ​ទុក​ចិត្ត ហើយ​ជា​អ្នក​ដែល​បរិភោគ​អាហារ រួម​ជា​មួយ​ខ្ញុំ ក៏​ប្រឆាំង​នឹង​ខ្ញុំ​ដែរ​ ។

10 ចំពោះ​ទ្រង់​វិញ ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រណី​មេត្តា​ខ្ញុំ សូម​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា​ឡើង​វិញ​ផង នោះ​ខ្ញុំ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ ឲ្យ​សម​នឹង​អំពើ​របស់​គេ។

11 បើ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ គ្មាន​ជ័យ‌ជំនះ​លើ​ខ្ញុំ​ទេ​នោះ ខ្ញុំ​នឹង​ដឹង​ជាក់​ថា ទ្រង់​ពិត​ជា​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន។

12 ទ្រង់​បាន​ជួយ​ខ្ញុំ ដោយ​ប្រោស​ខ្ញុំ​ឲ្យ​ជា​ទាំង​ស្រុង ហើយ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ជា​មួយ​ទ្រង់​រហូត​ត​ទៅ។

13 សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ីន! អាម៉ីន!។

© 2014 United Bible Societies, UK.

United Bible Societies