Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 42 - អាល់គីតាប


ភាគ​ទី​ពីរ (គីតាបសាបូរ ៤២-៧២) ពាក្យ​ទូរអា​របស់​មនុស្ស​ជាប់​ជា​ឈ្លើយ​សឹក
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ កំណាព្យ​របស់​កូន​ចៅ​លោក​កូរេ។

1 ឱ​អុលឡោះ​អើយ ខ្ញុំ​ប្រាថ្នា​ចង់​នៅ​ជា​មួយ ទ្រង់​ខ្លាំង​ណាស់ ដូច​សត្វ​ក្តាន់​ប្រាថ្នា​រក​ទឹក​ហូរ។

2 ខ្ញុំ​ស្រេក​ឃ្លាន​អុលឡោះ ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប តើ​ដល់​កាល​ណា​ទើប​ខ្ញុំ​អាច​ទៅ​ជិត ដើម្បី​ថ្វាយ‌បង្គំ​ទ្រង់​បាន?

3 ខ្ញុំ​សម្រក់​ទឹក​ភ្នែក​ទាំង​ថ្ងៃ​ទាំង​យប់ ឥត​មាន​ល្ហែ។ គេ​ចេះ​តែ​ពោល​មក​ខ្ញុំ​គ្រប់​ពេល​គ្រប់​វេលា​ថា «តើ​អុលឡោះ​ជា​ម្ចាស់​របស់​ឯង​នៅ​ឯ​ណា?»។

4 ខ្ញុំ​ស្រណោះ‌ស្រណោក​ក្រៃ‌លែង នៅ​ពេល​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ​នាំ​មុខ ប្រជា‌ជន​មួយ​ចំនួន​ធំ ឆ្ពោះ​ទៅ​កាន់​ដំណាក់​របស់​ទ្រង់ ពួក​គេ​មាន​អំណរ​សប្បាយ ស្រែក​ហ៊ោ និង​អរ​គុណ​ទ្រង់។

5 ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា: «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី ចូរ​ផ្ញើ​ជីវិត​លើ​អុលឡោះ​ទៅ!» ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ទ្រង់​ត​ទៅ​មុខ​ទៀត ទ្រង់​សង្គ្រោះ​ខ្ញុំ។

6 អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​ស្រយុត​ចិត្ត​ជា​ខ្លាំង ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​នឹក​ឃើញ ទ្រង់​ពី​កន្លែង​ដែល​ខ្ញុំ​នៅ​នេះ គឺ​ភូមិ​ភាគ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើរ‌ម៉ូន និង​ភ្នំ​មីត‌សារ។

7 ទ្រង់​បាន​ធ្វើ​ឲ្យ​ទុក្ខ​កង្វល់ ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​ភ្នំ លាន់​ឮ​គគ្រឹក‌គគ្រេង។

8 នៅ​ពេល​ថ្ងៃ អុលឡោះ‌តាអាឡា​សំដែង ចិត្ត​មេត្តា‌ករុណា​ចំពោះ​ខ្ញុំ នៅ​ពេល​យប់ ខ្ញុំ​ច្រៀង​បទ​តម្កើង​ទ្រង់ បទ​ចំរៀង​នេះ​ជា​ពាក្យ​ទូរអា​ចំពោះ អុលឡោះ​ជា​ម្ចាស់​នៃ​ជីវិត​ខ្ញុំ។

9 ខ្ញុំ​សូម​សួរ​អុលឡោះ​ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​បំភ្លេច​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?។

10 ខ្មាំង​សត្រូវ​នាំ​គ្នា​ជេរ​ប្រមាថ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ‌កាយ គេ​ចេះ​តែ​ពោល​មក​ខ្ញុំ​គ្រប់​ពេល គ្រប់​វេលា​ថា «តើ​អុលឡោះ​ជា​ម្ចាស់​របស់​ឯង​នៅ​ឯ​ណា?»។

11 ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី ចូរ​ផ្ញើ​ជីវិត​លើ​អុលឡោះ​ទៅ!» ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ទ្រង់​ត​ទៅ​មុខ​ទៀត ទ្រង់​សង្គ្រោះ​ខ្ញុំ ហើយ​ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម