ចូរបន្លឺសំឡេងតម្កើងអុលឡោះដោយអំណរ!1 មនុស្សសុចរិតអើយ ចូរនាំគ្នា អបអរលើកតម្កើងអុលឡោះតាអាឡា! មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលអាចកោតសរសើរទ្រង់។ 2 ចូរលើកតម្កើងអុលឡោះតាអាឡា ដោយសំឡេងពិណ ចូរច្រៀង គីតាបសាបូរទ្រង់ ទាំងលេងចាប៉ីខ្សែដប់កំដរផង។ គីតាបសាបូរទ្រង់ 3 ចូរច្រៀងបទថ្មីជូនទ្រង់! ចូរប្រគំតន្ត្រីយ៉ាងពីរោះ ក្នុងពេលស្រែកអបអរសាទរទ្រង់ 4 ដ្បិតអុលឡោះតាអាឡាមានបន្ទូលយ៉ាងទៀងត្រង់ ហើយទ្រង់តែងប្រព្រឹត្តតាម បន្ទូលសន្យាជានិច្ច។ 5 ទ្រង់ពេញចិត្តនឹងសេចក្ដីសុចរិត ព្រមទាំងសេចក្ដីទៀងត្រង់ ផែនដីទាំងមូលសំដែងអំពីចិត្ត មេត្តាករុណារបស់អុលឡោះតាអាឡា។ 6 ផ្ទៃមេឃកើតឡើងដោយសារបន្ទូល របស់អុលឡោះតាអាឡា ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើង ដោយសារបញ្ជារបស់ទ្រង់ដែរ។ 7 ទ្រង់បានធ្វើឲ្យទឹកសមុទ្រ មកផ្ដុំគ្នានៅកន្លែងតែមួយ ទ្រង់បានបង្ខាំងមហាសមុទ្រ ឲ្យនៅមួយកន្លែង។ 8 ចូរឲ្យផែនដីទាំងមូលកោតខ្លាចអុលឡោះតាអាឡា! ចូរឲ្យមនុស្សទាំងអស់នៅលើផែនដី ញាប់ញ័រនៅចំពោះទ្រង់! 9 ដ្បិតអ្វីៗទាំងអស់កើតមាន ដោយសារបន្ទូលរបស់ទ្រង់ ទ្រង់បង្គាប់យ៉ាងណា ក៏កើតមានយ៉ាងនោះមែន ។ 10 អុលឡោះតាអាឡារំលំផែនការរបស់ប្រជាជាតិនានា! ទ្រង់រំលាយគម្រោងការរបស់ ប្រជាជនទាំងឡាយ។ 11 រីឯផែនការរបស់ទ្រង់វិញ នៅស្ថិតស្ថេររហូតតទៅ ហើយគម្រោងការរបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជានិច្ច។ 12 មានសុភមង្គលហើយ ប្រជាជាតិណា ដែលគោរពបម្រើអុលឡោះតាអាឡា ទុកជាម្ចាស់របស់ខ្លួន! មានសុភមង្គលហើយ ប្រជាជនណាដែលទ្រង់បានជ្រើសរើស ទុកជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់! ។ 13 អុលឡោះតាអាឡាមើលពីសូរ៉កា ទ្រង់ឃើញមនុស្សលោកទាំងអស់ 14 ហើយពីដំណាក់របស់ទ្រង់ ទ្រង់រំពៃមើលមនុស្សទាំងអស់ ដែលរស់នៅលើផែនដី 15 គឺទ្រង់ហើយដែលបានបង្កើត ចិត្តគំនិតរបស់គេទាំងអស់គ្នា ហើយទ្រង់យកចិត្ត ទុកដាក់នឹងអំពើទាំងអស់ដែលគេប្រព្រឹត្ត។ 16 ពុំដែលមានស្ដេចណាយកជ័យជំនះបាន ដោយសារកងទ័ពដ៏ខ្លាំងពូកែនោះឡើយ ហើយក៏ពុំដែលមានវីរបុរសណាវាយឈ្នះ ដោយសារកម្លាំងខ្លាំងក្លានោះដែរ។ 17 សេះចំបាំងពុំអាចធ្វើឲ្យមានជ័យជំនះបានឡើយ ហើយទោះបីវាខ្លាំងយ៉ាងណាក៏ដោយ ក៏ពុំអាចជួយរំដោះបានដែរ។ 18 អុលឡោះតាអាឡាតាមថែរក្សា អស់អ្នកដែលគោរពកោតខ្លាចទ្រង់ គឺអស់អ្នកដែលពឹងផ្អែកលើចិត្ត មេត្តាករុណារបស់ទ្រង់។ 19 ទ្រង់សង្គ្រោះគេឲ្យរួចពីសេចក្ដីស្លាប់ ហើយឲ្យគេបានរួចជីវិតនៅគ្រាមានទុរ្ភិក្ស។ 20 យើងផ្ញើជីវិតលើអុលឡោះតាអាឡា ទ្រង់ជួយសង្គ្រោះ និងការពារយើង 21 យើងមានអំណរសប្បាយ ដោយរួមជាមួយទ្រង់ យើងទុកចិត្តលើនាមដ៏វិសុទ្ធ*របស់ទ្រង់។ 22 ឱអុលឡោះតាអាឡាអើយ! សូមសំដែងចិត្តមេត្តាករុណា មកលើយើងខ្ញុំផង ព្រោះយើងខ្ញុំផ្ញើជីវិតលើទ្រង់ហើយ។ |
© 2014 United Bible Societies, UK.
United Bible Societies