ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 2 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 2

ស្តេច​ដែល​អុលឡោះ​តែង‌តាំង

1 ហេតុ​អ្វី​បាន​ជា​ជាត​សាសន៍​ទាំង‌ឡាយ នាំ​គ្នា​បង្កើត​កោលា‌ហល​ ហើយ​ប្រជា‌រាស្ត្រ​នានា​រអ៊ូ‌រទាំ ដោយ​ឥត​ខ្លឹម‌សារ​យ៉ាង​នេះ?

2 ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ពួត‌ដៃ​គ្នា​បះ‌បោរ ហើយ​ពួក​អ្នក​ដឹក​នាំ​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​អុលឡោះ‌តាអាឡា ព្រម​ទាំង​ប្រឆាំង​នឹង​អាល់ម៉ា‌ហ្សៀស​របស់​ទ្រង់​ ដោយ​ពោល​ថា៖

3 «ចូរ​យើង​នាំ​គ្នា​បំបាក់​នឹម​របស់​ទ្រង់ ហើយ​គ្រវែង​ច្រវាក់​របស់​ទ្រង់​ចេញ​ទៅ!»។

4 ប៉ុន្តែ អុលឡោះ‌តាអាឡា​ដែល​គ្រង​រាជ្យ​នៅ​សូរ៉កា ទ្រង់​អស់​សំណើច ទ្រង់​ចំអក​ឲ្យ​ពួក​គេ។

5 ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ ដោយ​កំហឹង ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត ដោយ‌សារ​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់ ទ្រង់​មាន​បន្ទូល​ថា៖

6 «គឺ​យើង​នេះ​ហើយ ដែល​បាន​តែង‌តាំង​ស្ដេច​របស់​យើង ឲ្យ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង!»។

7 ខ្ញុំ​នឹង​ប្រកាស​ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា ទ្រង់​មាន​បន្ទូល​មក​កាន់​ខ្ញុំ​ថា៖ «អ្នក​ជា​បុត្រា​របស់​យើង គឺ​យើង​ទៅ​ជា​បិតា​អ្នក​នៅ​ថ្ងៃ​នេះ​ ។

8 បើ​អ្នក​សុំ យើង​នឹង​ប្រគល់​ប្រជា‌ជាតិ​នានា ឲ្យ​អ្នក​ទុក​ជា​មត៌ក យើង​ក៏​នឹង​ប្រគល់​ផែនដី​ទាំង​មូល ឲ្យ​អ្នក​ទុក​ជា​កម្មសិទ្ធិ​ដែរ។

9 អ្នក​នឹង​បង្ក្រាប​ពួក​គេ​ដោយ​ដំបង​ដែក ហើយ​អ្នក​កំទេច​គេ ដូច​ជាង​ស្មូន​កំទេច​ភាជន៍»​

10 ឥឡូវ​នេះ ស្ដេច​ទាំង‌ឡាយ​អើយ ចូរ​រិះ‌គិត​ពិចារណា​ឡើង! អ្នក​គ្រប់‌គ្រង​ទាំង‌ឡាយ​នៅ​លើ​ផែនដី​អើយ ចូរ​ទទួល​យក​សេចក្ដី​អប់រំ​ទៅ!

11 ចូរ​បម្រើ​អុលឡោះ‌តាអាឡា​ដោយ​គោរព​កោត​ខ្លាច ចូរ​ត្រេក​អរ​សប្បាយ ទាំង​ញាប់​ញ័រ

12 ចូរ​គោរព​បុត្រា​ ក្រែង​អុលឡោះ‌តាអាឡា​ខឹង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​អន្តរាយ ក្នុង​មាគ៌ា​របស់​អ្នក​រាល់​គ្នា ដ្បិត​កំហឹង​របស់​ទ្រង់ នឹង​ឆេះ‌ឆួល​ឡើង​យ៉ាង​ឆាប់ៗ។ អ្នក​ណា​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ទ្រង់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!

© 2014 United Bible Societies, UK.

United Bible Societies