ពិភពលោកទាំងមូលថ្លែងពីសិរីរុងរឿងរបស់អុលឡោះទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ណាពីទត។ 1 ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿង របស់អុលឡោះ អាកាសវេហាស៍ប្រកាសអំពីស្នាដៃ របស់ទ្រង់។ 2 ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត យប់មួយប្រាប់យប់មួយទៀតឲ្យបានដឹង 3 តែមិនមែនដោយប្រើភាសា ឬពាក្យសំដីទេ ហើយក៏មិនឮសូរស័ព្ទអ្វីដែរ។ 4 ប៉ុន្តែ សេចក្ដីថ្លាថ្លែងរបស់វា ត្រាច់ចរលើផែនដីទាំងមូល ហើយសំឡេងរបស់វាលាន់ឮរហូតដល់ជើងមេឃ ជាកន្លែងដែលអុលឡោះបានដំឡើងជំរំសម្រាប់ ព្រះអាទិត្យ។ 5 រីឯព្រះអាទិត្យក៏រះឡើង ប្រៀបបីដូចជាកូនកំលោះចេញមកសំពះផ្ទឹម និងប្រៀបបីដូចជាវីរបុរសដ៏ខ្លាំងពូកែមួយនាក់ ចេញមករត់ប្រណាំងដោយអរសប្បាយ។ 6 ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត គ្មាននរណា អាចបំបាំងកំដៅរបស់ព្រះអាទិត្យបានឡើយ។ ហ៊ូកុំរបស់អុលឡោះ7 ហ៊ូកុំរបស់អុលឡោះតាអាឡាល្អឥតខ្ចោះ ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ ដំបូន្មានរបស់អុលឡោះតាអាឡាគួរជាទីទុកចិត្ត ធ្វើឲ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា 8 ឱវាទរបស់អុលឡោះតាអាឡាសុទ្ធតែត្រឹមត្រូវ ធ្វើឲ្យចិត្តមានអំណរសប្បាយ បទបញ្ជារបស់អុលឡោះតាអាឡា ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតឲ្យបានយល់។ 9 ការគោរពកោតខ្លាចអុលឡោះតាអាឡាជាអំពើមួយ ល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតទៅ។ ហ៊ូកុំរបស់អុលឡោះតាអាឡា សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់ 10 គួរឲ្យប្រាថ្នាជាងមាសសុទ្ធដ៏ច្រើន ព្រមទាំងផ្អែមជាងទឹកឃ្មុំដែលហូរ ចេញពីសំបុកទៅទៀត។ 11 សេចក្ដីទាំងនេះបានបំភ្លឺខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ ហើយដោយការប្រព្រឹត្តតាម ខ្ញុំបានទទួលផលយ៉ាងបរិបូណ៌។ 12 គ្មាននរណាម្នាក់អាចមើលឃើញកំហុស ដែលខ្លួនប្រព្រឹត្តដោយ អចេតនានោះបានឡើយ សូមលើកលែងទោសឲ្យខ្ញុំ នូវកំហុសណាដែលខ្ញុំមើល មិនឃើញនោះផង។ 13 សូមការពារខ្ញុំឲ្យរួចពីចិត្តអួតបំប៉ោង សូមកុំឲ្យចិត្តអួតបំប៉ោងនេះ ធ្វើជាម្ចាស់លើខ្ញុំបានឡើយ ធ្វើដូច្នេះ ខ្ញុំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។ 14 អុលឡោះតាអាឡាអើយ សូមប្រោសប្រណី ទទួលពាក្យដែលខ្ញុំជម្រាបជូន ព្រមទាំងទទួលគំនិតដែលខ្ញុំរិះគិត នៅចំពោះទ្រង់នេះផង ដ្បិតទ្រង់ជាថ្មដា និងជាម្ចាស់ដែលការពារខ្ញុំ!។ |
© 2014 United Bible Societies, UK.
United Bible Societies