ចិត្តមេត្តាករុណារបស់អុលឡោះនៅស្ថិតស្ថេររហូតតទៅ1 ចូរលើកតម្កើងអុលឡោះតាអាឡា ដ្បិតទ្រង់សប្បុរស ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ! 2 សូមឲ្យជនជាតិអ៊ីស្រអែលពោលឡើងថា៖ ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ! 3 សូមឲ្យកូនចៅរបស់ហារូន ពោលឡើងថា៖ ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ! 4 សូមឲ្យអស់អ្នកដែលគោរពកោតខ្លាច អុលឡោះតាអាឡាពោលឡើងថា៖ ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ! 5 នៅពេលមានអាសន្ន ខ្ញុំបានអង្វរអុលឡោះតាអាឡា អុលឡោះតាអាឡាក៏បានឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឲ្យខ្ញុំមានសេរីភាព។ 6 អុលឡោះតាអាឡាកាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចឡើយ តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត? 7 ដោយអុលឡោះតាអាឡាកាន់ខាងខ្ញុំ ហើយជួយខ្ញុំ ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។ 8 ផ្ញើជីវិតលើអុលឡោះតាអាឡា នោះប្រសើរជាងទុកចិត្តលើមនុស្ស។ 9 ផ្ញើជីវិតលើអុលឡោះតាអាឡា នោះប្រសើរជាងទុកចិត្តលើអ្នកធំ។ 10 ប្រជាជាតិទាំងប៉ុន្មាននាំគ្នាមកឡោមព័ទ្ធខ្ញុំ តែខ្ញុំនឹងកំទេចពួកគេ ដោយសារនាមរបស់អុលឡោះតាអាឡា។ 11 ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំគ្រប់ទិសទី តែខ្ញុំនឹងកំទេចពួកគេ ដោយសារនាមរបស់អុលឡោះតាអាឡា។ 12 ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ តែពួកគេនឹងឆេះអស់ទៅដូចភ្លើងឆេះបន្លា ខ្ញុំនឹងកំទេចពួកគេ ដោយសារនាមរបស់អុលឡោះតាអាឡា។ 13 គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល តែអុលឡោះតាអាឡាបានជួយសង្គ្រោះខ្ញុំ។ 14 អុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំច្រៀងជូនទ្រង់ ទ្រង់សង្គ្រោះខ្ញុំ។ 15 មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោ នៅក្នុងជំរំរបស់ខ្លួន ព្រោះតែមានជ័យជំនះ អុលឡោះតាអាឡាសំដែងកម្លាំងប្រកប ដោយអំណាច! 16 អុលឡោះតាអាឡាសំដែងអំណាចដ៏ខ្ពង់ខ្ពស់បំផុត! អុលឡោះតាអាឡាសំដែងកម្លាំងប្រកប ដោយអំណាច។ 17 ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនស្លាប់ឡើយ ហើយខ្ញុំនឹងរៀបរាប់អំពី ស្នាដៃរបស់អុលឡោះតាអាឡា។ 18 មែនហើយ អុលឡោះតាអាឡាបានវាយប្រដៅខ្ញុំយ៉ាងខ្លាំង តែទ្រង់មិនបណ្ដោយឲ្យខ្ញុំស្លាប់ឡើយ។ 19 ចូរនាំគ្នាបើកទ្វារនៃសេចក្ដីសុចរិត ឲ្យខ្ញុំ ដើម្បីខ្ញុំចូលទៅលើកតម្កើងអុលឡោះតាអាឡា។ 20 នេះនែ៎ ទ្វារដែលនាំចូលទៅរកអុលឡោះតាអាឡា មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។ 21 ខ្ញុំនឹងលើកតម្កើងទ្រង់ ព្រោះទ្រង់បានឆ្លើយតបមកខ្ញុំ ទ្រង់បានសង្គ្រោះខ្ញុំ។ 22 ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ 23 អុលឡោះតាអាឡាបានសម្រេចការអស្ចារ្យ យើងក៏បានឃើញ ហើយស្ងើចសរសើរផង។ 24 ថ្ងៃនេះជាថ្ងៃដែលអុលឡោះតាអាឡាបានបង្កើតមក យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ! 25 អុលឡោះតាអាឡាអើយ សូមសង្គ្រោះយើងខ្ញុំ! អុលឡោះតាអាឡាអើយ សូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ! 26 សូមលើកតម្កើងគាត់ដែលមក ក្នុងនាមអុលឡោះតាអាឡា យើងសូមឲ្យពរអ្នករាល់គ្នា ពីក្នុងដំណាក់របស់អុលឡោះតាអាឡា។ 27 មានតែអុលឡោះតាអាឡាទេដែលជាម្ចាស់ដ៏ពិត តែមួយ ទ្រង់បំភ្លឺយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈរបស់អុលឡោះតាអាឡា! 28 ទ្រង់ជាម្ចាស់នៃខ្ញុំ ខ្ញុំនឹងសរសើរតម្កើងទ្រង់ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំសូមលើកតម្កើងទ្រង់! 29 ចូរលើកតម្កើងអុលឡោះតាអាឡា ដ្បិតទ្រង់សប្បុរស ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ! |
© 2014 United Bible Societies, UK.
United Bible Societies