ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ជន‌គណនា 27 - អាល់គីតាប អាល់គីតាប
ជន‌គណនា 27

ហ៊ូកុំ​អំពី​កេរមត៌ក​សម្រាប់​កូន​ស្រី

1 ពេល​នោះ កូន​ស្រី​របស់​លោក​ស្លូផិហាត ជា​ចៅ​របស់​លោក​ហេភើរ ជា​ចៅ​ទួត​របស់​លោក​កាឡាដ​ក្នុង​អំបូរ​ម៉ាកៀរ នៃ​កុល‌សម្ព័ន្ធ​ម៉ាណាសេ ដែល​ត្រូវ​ជា​កូន​របស់​យូសុះ នាំ​គ្នា​ចូល​មក។ នាង​ទាំង​នោះ​ឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។

2 ពួក​នាង​ចូល​មក​ជួប​ម៉ូសា អ៊ីមុាំ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ពួក​នាង​ពោល​ថា៖

3 «ឪពុក​យើង​ខ្ញុំ​បាន​ស្លាប់​នៅ​វាល​រហោ‌ស្ថាន តែ​គាត់​ពុំ​បាន​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេ ដើម្បី​បះបោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា​ឡើយ គឺ​គាត់​ស្លាប់ ព្រោះ​តែ​បាប​របស់​គាត់​ផ្ទាល់។ ឪពុក​របស់​យើង​ខ្ញុំ​គ្មាន​កូន​ប្រុស​ទេ។

4 មិន​គួរ​ឲ្យ​ឈ្មោះ​របស់​ឪពុក​យើង​ខ្ញុំ ត្រូវ​លុប​បំបាត់​ពី​អំបូរ​របស់​គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​នោះ​ឡើយ ហេតុ​នេះ សូម​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​យើង​ខ្ញុំ នៅ​ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង»។

5 ម៉ូសា​នាំ​រឿង​ហេតុ​របស់​ពួក​នាង ទៅ​ជម្រាបអុលឡោះ‌តាអាឡា។

6 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

7 «កូន​ស្រី​របស់​ស្លូផិហាត​និយាយ​ត្រូវ​មែន។ ចូរ​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​ពួក​នាង ឲ្យ​ពួក​នាង គឺ​ចំណែក​មត៌ក​របស់​ឪពុក​ពួក​នាង នឹង​ត្រូវ​បាន​ទៅ​លើ​ពួក​នាង។

8 អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: “ប្រសិន​បើ​បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន​ប្រុស​ទេ ចូរ​ប្រគល់​កេរ‌មត៌ក​របស់​អ្នក​នោះ​ទៅ​ឲ្យ​កូនស្រី​របស់​គាត់។

9 ប្រសិន​បើ​គាត់​គ្មាន​កូន​ស្រី​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​ទៅ​ឲ្យ​បង​ប្អូន​របស់​គាត់។

10 ប្រសិន​បើ​គាត់​គ្មាន​បង​ប្អូន​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​ទៅ​ឲ្យ​បង​ប្អូន​ឪពុក​គាត់។

11 ប្រសិន​បើ​ឪពុក​របស់​គាត់​គ្មាន​បង​ប្អូន​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​នោះទៅ​ឲ្យ​សាច់​ញាតិ​ណា​ម្នាក់ ដែល​ជិត​ជាង​គេ ក្នុង​អំបូរ​របស់​គាត់ គឺ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ទទួល​មត៌ក​នេះ”»។ ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​អនុវត្ត​តាម​គោល​ការណ៍​នេះ​ជា​ហ៊ូកុំ ស្រប​នឹង​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

យ៉ូស្វេ​ទទួល​មុខ​ងារ​ជំនួស​ណាពី​ម៉ូសា

12 អុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបារីម ហើយ​សម្លឹង​មើល​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល។

13 អ្នក​មើល​ឃើញ​ស្រុក​នេះ ប៉ុន្តែ អ្នក​ត្រូវ​ស្លាប់ ទៅ​ជួប​ជុំ​នឹង​សាច់​ញាតិ​របស់​អ្នក​វិញ ដូច​ហារូន​ជា​បង​របស់​អ្នក​ដែរ

14 ព្រោះ​អ្នក​ទាំង​ពីរ​បាន​ប្រឆាំង​នឹង​បញ្ជា​របស់​យើង ក្នុង​ពេល​ដែល​សហគមន៍​នាំ​គ្នា​បះ​បោរ នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​សំដែង​ឲ្យ​ពួក​គេ​ឃើញ​ភាព​បរិសុទ្ធ​របស់​យើង នៅ​ពេល​ប្រជា‌ជន​បះ​បោរ​អំពី​រឿង​ទឹក​ឡើយ»។ ប្រជា‌ជន​បាន​បះ​បោរ​អំពី​រឿង​ទឹក​នេះ នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ស៊ីន។

15 ម៉ូសា​ទូរអា​អង្វរអុលឡោះ‌តាអាឡា​ថា៖

16 «សូមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្យល់​ដង្ហើម​របស់​សត្វ​លោក​ទាំង​អស់ មេត្តា​តែង​តាំង​មនុស្ស​ម្នាក់​ឲ្យ​ដឹក​នាំ​សហគមន៍​អ៊ីស្រ‌អែល​ផង។

17 អ្នក​នោះ​នឹង​នាំ​មុខ​ប្រជា‌ជន​ចេញ​ទៅ​ច្បាំង ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​វិញ ដើម្បី​កុំ​ឲ្យ​សហគមន៍​របស់អុលឡោះ‌តាអាឡា​ប្រៀប​បាន​នឹង​ហ្វូង​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​នោះ​ឡើយ»។

18 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «ចូរ​នាំ​យ៉ូស្វេ ជា​កូន​របស់​នូន ជា​មនុស្ស​ដែល​មាន​រស​អុលឡោះ​នៅ​ជា​មួយ​មក ហើយ​ដាក់​ដៃ​លើ​គាត់។

19 ចូរ​នាំ​គាត់​ទៅ​ឈរ​នៅ​មុខ​អ៊ីមុាំ​អេឡាសារ និង​សហគមន៍​ទាំង​មូល ហើយ​ប្រកាស​តែង​តាំង​គាត់ នៅ​ចំពោះ​មុខ​ពួក​គេ។

20 ចូរ​ផ្ទេរ​អំណាច​របស់​អ្នក​មួយ​ចំណែក​ដល់​គាត់ ឲ្យ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ដឹង​ឮ​ផង។

21 យ៉ូស្វេ​ត្រូវ​ឈរ​នៅ​មុខ​អ៊ីមុាំ​អេឡាសារ ហើយ​ពេល​នោះ អេឡាសារ​ត្រូវ​សួរ​យូរីម ដើម្បី​ដឹង​ពី​ការ​សម្រេច​របស់អុលឡោះ‌តាអាឡា។ បន្ទាប់​មក យ៉ូស្វេ និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ចេញ​ទៅ​ច្បាំង ឬ​ត្រឡប់​មក​វិញ តាម​បញ្ជា​របស់​អេឡាសារ»។

22 ម៉ូសា​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​គាត់។ គាត់​នាំ​យ៉ូស្វេ​មក​ឈរ​នៅ​ចំពោះ​មុខ​អ៊ីមុាំ​អេឡាសារ និង​សហគមន៍​ទាំង​មូល។

23 គាត់​ដាក់​ដៃ​លើ​យ៉ូស្វេ ដើម្បី​ប្រគល់​តំណែង​ឲ្យ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​គាត់។

© 2014 United Bible Societies, UK.

United Bible Societies