Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 28 - អាល់គីតាប


គូរបាន​ប្រចាំ​ថ្ងៃ

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

2 «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នាំ​យក​ជំនូន និង​អាហារ​សម្រាប់​ដុត​មក​ជូនអុលឡោះ‌តាអាឡា​ឲ្យ​បាន​តាម​ពេល​កំណត់ គឺ​ជំនូន​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្ត​អុលឡោះ។

3 រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ​ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ មក​ជូនអុលឡោះ‌តាអាឡា ជា​គូរបាន​ដុត។ គូរបាន​ដុត​នេះ ជា​ជំនូន​ដែល​ត្រូវ​ជូន​ជា​និច្ច​និរន្តរ៍​ត​រៀង​ទៅ។

4 ចូរ​ធ្វើ​កូន​ចៀម​មួយ​នៅ​ពេល​ព្រឹក កូន​ចៀម​មួយ​ទៀត​នៅ​ពេល​ល្ងាច។

5 ត្រូវ​យក​ម្សៅ​ម៉ដ្ត​មួយ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន មក​ជូន​ជា​មួយ​ផង។

6 នេះ​ជា​គូរបាន​ដុត​ជានិច្ច​និរន្តរ៍ ដែល​គេ​ជូន​នៅ​លើ​ភ្នំ​ស៊ីណៃ គឺ​ជា​គូរបាន​ដុត មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

7 ត្រូវ​យក​ស្រា​មួយ​ភាគ​បួន​នៃ​ហ៊ីន មក​ជូន​ជា​មួយ​កូន​ចៀម​នីមួយៗ​ផង​ដែរ។ ចូរ​ធ្វើ​ពិធី​ច្រួច​ស្រា​ជូនអុលឡោះ‌តាអាឡា​នៅ​ក្នុងទី​សក្ការៈ។

8 ចូរ​ជូន​កូន​ចៀម​ទី​ពីរ​នៅ​ពេល​ល្ងាច ជា​មួយ​ជំនូន​ម្សៅ​ប្រេង និង​ស្រា ដូច​នៅ​ពេល​ព្រឹក​ដែរ។ នេះជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា»។


គូរបាន​នៅ​ថ្ងៃ​ឈប់​សម្រាក

9 «នៅ​ថ្ងៃ​ឈប់​សម្រាក អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​ពីរ​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ មក​ជូន​ជា​មួយ​ម្សៅ​ម៉ដ្ត​ពីរ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង និង​ស្រា​សម្រាប់​ធ្វើ​ពិធី​ច្រួច។

10 រាល់​ថ្ងៃ​ឈប់​សម្រាក ចូរ​ធ្វើ​គូរបាន​ដុត​នេះ​ថែម​ពី​លើ​គូរបាន​ដុត និង​ស្រា​ដែល​ត្រូវ​ជូន​ប្រចាំ​ថ្ងៃ»។ គូរបាន​ប្រចាំ​ខែ

11 «នៅ​ដើម​ខែ​ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ជូនអុលឡោះ‌តាអាឡា ជា​គូរបាន​ដុត។

12 គោ​នីមួយៗ​ត្រូវ​ជូន​ជា​មួយ​ម្សៅ​ម៉ដ្ត​បី​ភាគ​ដប់​នៃ​អេផា​លាយ​នឹង​ប្រេង។ ចៀម​ឈ្មោល​ត្រូវ​ជូន​ជា​មួយ​ម្សៅ​ម៉ដ្ត ពីរ​ភាគ​ដប់​នៃ​អេផា​លាយ​ជា​មួយ​ប្រេង។

13 កូន​ចៀម​នី​មួយៗ ត្រូវ​ជូន​ជា​មួយ​ម្សៅ​ម៉ដ្ត​មួយ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

14 រីឯ​ស្រា​សម្រាប់​ធ្វើ​ពិធី​ច្រួច​ត្រូវ​ជូន​ស្រា​ទំពាំង​បាយ​ជូរ​កន្លះ​ហ៊ីន សម្រាប់​គោ​ស្ទាវ​មួយ មួយ​ភាគ​បី​នៃ​ហ៊ីន សម្រាប់​ចៀម​ឈ្មោល​មួយ និង​មួយ​ភាគ​បួន​នៃ​ហ៊ីន​សម្រាប់​កូន​ចៀម​មួយ។ នេះ​ជា​គូរបាន​ដុត​ដែល​ត្រូវ​ជូន​នៅ​ដើម​ខែ គឺ​ក្នុង​មួយ​ឆ្នាំៗ​ត្រូវ​ជូន​រៀង​រាល់​ខែ។

15 លើស​ពី​នេះ ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ​ទៀត​ជា​គូរបាន​រំដោះ​បាប ថែម​ពី​លើ​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ និង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ​»។


គូរបាន​សម្រាប់​ពិធី​បុណ្យ​រំលង

16 «នៅ​ថ្ងៃ​ទី​ដប់​បួន ក្នុង​ខែ​ទី​មួយ ជា​ថ្ងៃ​បុណ្យ​រំលង​របស់អុលឡោះ‌តាអាឡា។

17 ថ្ងៃ​ទី​ដប់​ប្រាំ ក្នុង​ខែ​នោះ​ជា​ថ្ងៃ​ផ្តើម​បុណ្យ។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

18 នៅ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​ត្រូវ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ​ហត់​ឡើយ។

19 ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​ដុត។

20 ត្រូវ​ជូន​ម្សៅ​ម៉ដ្ត​បី​ភាគ​ដប់​នៃ​អេផា​លាយ​នឹង​ប្រេង សម្រាប់​គោ​មួយ​ពីរ​ភាគ​ដប់​នៃ​អេផា​សម្រាប់​ចៀម​ឈ្មោល​មួយ

21 មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​មួយ។

22 ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ​ជា​គូរបាន​រំដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។

23 ត្រូវ​ជូន​សត្វ​ទាំង​នេះ​ជា​គូរបាន​ថែម​ពី​លើ​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ ដែល​អ្នក​រាល់​គ្នា​ជូន​នៅ​ពេល​ព្រឹក។

24 រៀង​រាល់​ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ចូរ​យក​អាហារ​ទាំង​នោះ​មក​ដុត ធ្វើ​ជា​គូរបាន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។ ត្រូវ​ជូន​ជំនូន​នេះ​ថែម​ពី​លើ​គូរបាន​ដុត​ជានិច្ច​និរន្តរ៍ និង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

25 នៅ​ថ្ងៃទី​ប្រាំ‌ពីរ​នៃ​ពិធី​បុណ្យ ត្រូវ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ​ហត់​ឡើយ»។


គូរបាន​សម្រាប់​បុណ្យ​ថ្ងៃ​ទី​ហាសិប

26 «នៅ​ថ្ងៃ​បុណ្យ​ផល​ដំបូង ជា​ថ្ងៃ​អ្នក​រាល់​គ្នា​យក​ស្រូវ​ទើប​នឹង​ច្រូត​មក​ជូនអុលឡោះ‌តាអាឡា ក្នុង​ឱកាស​បុណ្យ​ថ្ងៃ​ទី​ហាសិប ត្រូវ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ​ហត់​ឡើយ។

27 ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ធ្វើ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

28 ត្រូវ​ជូន​ម្សៅ​ម៉ដ្ត​បី​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង សម្រាប់​គោ​នី​មួយៗ

29 ពីរ​ភាគ​ដប់​នៃ​អេផា សម្រាប់​ចៀម​ឈ្មោល និង​មួយ​ភាគ​ដប់​នៃ​អេផា​សម្រាប់​កូន​ចៀម​នី​មួយៗ​ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។

30 ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ​ជា​ជំនូន ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។

31 ត្រូវ​ធ្វើ​គូរបាន​ទាំង​នេះ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ធ្វើ​ពិធី​ច្រួច​ថែម​ពី​លើ​គូរបាន​ដុត​ជានិច្ច​និរន្តរ៍ និង​ជំនូន​ម្សៅ​ដែល​ត្រូវ​ជូន​ជា​មួយ។ ត្រូវ​យក​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ​មក​ជូន»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម