ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ជន‌គណនា 16 - អាល់គីតាប អាល់គីតាប
ជន‌គណនា 16

ការ​បះ​បោរ​របស់​លោក​កូរេ ដាថាន និង​អប៊ីរ៉ាម

1 លោក​កូរេ​ជា​កូន​របស់​លោក​យីតសារ ជា​ចៅ​របស់​លោក​កេហាត់ ក្នុង​កុល‌សម្ព័ន្ធ​លេវី​បាន​ចូល​ដៃ​ជា​មួយ​លោក​ដាថាន និង​លោក​អប៊ីរ៉ាម ដែល​ត្រូវ​ជា​កូន​របស់​លោក​អេលាប ព្រម​ទាំង​លោក​អូន​ជា​កូន​របស់​លោក​ពេឡេត មក​ពី​កុល‌សម្ព័ន្ធ​រូបេន។

2 អ្នក​ទាំង​នោះ​លើក​គ្នា បះ​បោរ​ប្រឆាំង​នឹង​ម៉ូសា​ដោយ​មាន​ជន‌ជាតិ​អ៊ីស្រ‌អែល​ពីរ​រយ​ហាសិប​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ និង​ជា​តំណាង​សហគមន៍ ហើយ​ជា​អ្នក​មាន​ឈ្មោះ​ល្បី​ជួយ​គាំ​ទ្រ​ផង។

3 ពួក​គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​ម៉ូសា ព្រម​ទាំង​ហារូន​ដោយ​ពោល​ថា៖ «ពួក​គាត់​ធ្វើ​ជ្រុល​ពេក​ហើយ! សហគមន៍​ទាំង​មូល​សុទ្ធ​តែ​ជា​ប្រជា‌ជន​ដ៏​វិសុទ្ធ អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា ហេតុ​អ្វី​បាន​ជា​ពួក​គាត់​តាំង​ខ្លួន​ជា​អធិបតី​លើ​ប្រជា‌ជន​របស់អុលឡោះ‌តាអាឡា​ដូច្នេះ?»។

4 កាល​ម៉ូសា​ឮ​ដូច្នេះ គាត់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។

5 គាត់​និយាយ​ទៅ​កាន់​លោក​កូរេ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ព្រឹក​ស្អែក អុលឡោះ‌តាអាឡា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​នរណា​ជា​អ្នក​បម្រើ​របស់​ទ្រង់ នរណា​ជា​មនុស្ស​ដ៏​វិសុទ្ធ ដែល​អាច​ចូល​ទៅ​ជិត​ទ្រង់ ហើយ​ជា​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់។

6 ចូរ​ធ្វើ​ដូច​ត​ទៅ​នេះ គឺ​លោក​កូរេ និង​អ្នក​នៅ​ជា​មួយ​គាត់ ត្រូវ​យក​ពាន​មក

7 ហើយ​ស្អែក​ពួក​គេ​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប​ទៅ​ក្នុង​ពាន​ទាំង​នោះ រួច​នាំ​គ្នា​ចូល​ទៅ​ជិតអុលឡោះ‌តាអាឡា។ អុលឡោះ‌តាអាឡា​ជ្រើស​រើស​អ្នក​ណា អ្នក​នោះ​នឹង​បាន​បរិសុទ្ធ។ កូន​ចៅ​លោក​លេវី​អើយ អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!»។

8 ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ​ថា៖ «កូន​ចៅ​លោក​លេវី​អើយ ចូរ​នាំ​គ្នា​ស្តាប់!

9 អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ដាច់​ឡែក​ពី​សហគមន៍​អ៊ីស្រ‌អែល អុលឡោះ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជិត​ទ្រង់ ឲ្យ​អ្នក​រាល់​គ្នា​បម្រើ​ទ្រង់ នៅ​ក្នុង​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា និង​ឲ្យ​អ្នក​រាល់​គ្នា​បំពេញ​កិច្ចការ​ក្នុង​ឈ្មោះ​សហគមន៍​ទាំង​មូល ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ល្មម​ទេ​ឬ?

10 អុលឡោះ​ឲ្យ​លោក និង​បង​ប្អូន​របស់​លោក​ទាំង​អស់​ដែល​ជា​កូន​ចៅ​លោក​លេវី ចូល​ទៅ​ជិត​ទ្រង់​ប៉ុណ្ណឹង​ហើយ អស់​លោក​បែរ​ជា​ចង់​បាន​មុខ​ងារ​ជា​អ៊ីមុាំ​ថែម​ទៀត!

11 ហេតុ​នេះ​ហើយ​បាន​ជា​លោក និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​លោក​លើក​គ្នា​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា។ តើ​ហារូន​ជា​អ្វី បាន​ជា​ពួក​អ្នក​រអ៊ូ​រទាំ​ប្រឆាំង​នឹង​គាត់​ដូច្នេះ?»។

12 ម៉ូសា​ចាត់​ឲ្យ​គេ​ទៅ​ហៅ​លោក​ដាថាន និង​លោក​អប៊ីរ៉ាម ជា​កូន​របស់​លោក​អេលាប។ អ្នក​ទាំង​ពីរ​ពោល​ថា៖ «ពួក​យើង​មិន​ទៅ​ទេ!

13 អ្នក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ តើ​នៅ​មិន​ទាន់​ល្មម​ទេ​ឬ​បាន​ជា​អ្នក​តាំង​ខ្លួន​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ពួក​យើង​ថែម​ទៀត?។

14 អ្នក​មិន​បាន​នាំ​ពួក​យើង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ហើយ​អ្នក​ក៏​មិន​បាន​ប្រគល់​ស្រែ​ចម្ការ ឬ​ចម្ការ​ទំពាំង​បាយ​ជូរ​មក​យើង​ខ្ញុំ ទុក​ជា​មត៌ក​ដែរ តើ​អ្នក​ស្មាន​ថា​ប្រជា‌ជន​ទាំង​នេះ​ជា​មនុស្ស​ខ្វាក់​ឬ? ពួក​យើង​មិន​ព្រម​ទៅ​ទេ!»។

15 ម៉ូសា​ខឹង​យ៉ាង​ខ្លាំង គាត់​សុំអុលឡោះ‌តាអាឡា​ថា៖ «សូម​កុំ​រវី​រវល់​នឹង​ជំនូន​របស់​ពួក​គេ​ឡើយ។ ខ្ញុំ​មិន​ដែល​យក​អ្វី​ពី​ពួក​គេ​ទេ សូម្បី​តែ​សត្វ​លា​មួយ ក៏​ខ្ញុំ​មិន​បាន​យក​ដែរ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ពួក​គេ​ទេ»។

អុលឡោះ‌តាអាឡា​ដាក់​ទោស​លោក​កូរេ និង​បក្ស​ពួក​របស់​គាត់

16 ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ​ថា៖ «ស្អែក សូម​លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះអុលឡោះ‌តាអាឡា​ជា​មួយ​ហារូន

17 ម្នាក់ៗ​កាន់​ពាន​ដែល​មាន​ដាក់​គ្រឿង​ក្រអូប គឺ​មាន​ពាន​ទាំង​អស់​ចំនួន​ពីរ​រយ​ហា‌សិប ហើយ​នាំ​គ្នា​ចូល​ទៅ​ជិតអុលឡោះ‌តាអាឡា។ រីឯ​ហារូន និង​ខ្លួន​លោក​ផ្ទាល់​ក៏​ត្រូវ​កាន់​ពាន​មួយ​ម្នាក់​ដែរ»។

18 ពួក​គេ​ក៏​យក​ពាន​ម្នាក់​មួយៗ​មក​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប ហើយ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ជា​មួយ​ម៉ូសា និង​ហារូន។

19 លោក​កូរេ ប្រមូល​បក្ស​ពួក​របស់​គាត់​មក​ឈរ​ទល់​មុខ​នឹង​អ្នក​ទាំង​ពីរ នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ពេល​នោះ សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​លេច​មក​ឲ្យ​សហគមន៍​ទាំង​មូល​ឃើញ។

20 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ថា៖

21 «ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ចំណោម​សហគមន៍​នេះ​ទៅ យើង​នឹង​កំទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ មួយ​រំពេច»។

22 អ្នក​ទាំង​ពីរ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ទូរអា​ថា៖ «ឱ អុលឡោះ​អើយ ទ្រង់​ជា‌ម្ចាស់​នៃ​ជីវិត​សត្វ​លោក​ទាំង​មូល! បើ​មនុស្ស​តែ​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប តើ​ទ្រង់​គួរ​ខឹង​នឹង​សហគមន៍​ទាំង​មូល​ឬ?»។

23 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

24 «ចូរ​ប្រាប់​សហគមន៍​ឲ្យ​ចេញ​ឆ្ងាយ​ពី​ទីលំ​នៅ​របស់​កូរេ ដាថាន និង​អប៊ីរ៉ាម»។

25 ម៉ូសា​ក្រោក​ឡើង ដើរ​ទៅ​រក​លោក​ដាថាន និង​លោក​អប៊ីរ៉ាម ដោយ​មាន​ពួក​អះលី‌ជំអះ​ដើរ​តាម​ក្រោយ​ផង។

26 គាត់​និយាយ​ទៅ​កាន់​សហគមន៍​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​តង់ត៍​របស់​មនុស្ស​អាក្រក់​ទាំង​នេះ មិន​ត្រូវ​ប៉ះ​ពាល់​អ្វីៗ​របស់​ពួក​គេ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ដែរ»។

27 ប្រជា‌ជន​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ទី​លំនៅ​របស់​លោក​កូរេ លោក​ដាថាន និង​លោក​អប៊ីរ៉ាម។ លោក​ដាថាន និង​លោក​អប៊ីរ៉ាម ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​ខ្លួន​ជា​មួយ​ប្រពន្ធ​កូន និង​ចៅ។

28 ម៉ូសា​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ស្គាល់​ថាអុលឡោះ‌តាអាឡា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​បំពេញ​កិច្ចការ​ទាំង​នេះ គឺ​ខ្ញុំ​ពុំ​បាន​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ!

29 ប្រសិន​បើ​អ្នក​ទាំង​នេះ​ស្លាប់​តាម​ធម្មតា គឺ​ប្រសិន​បើ​ពួក​គេ​ស្លាប់​ដូច​មនុស្ស​ឯ​ទៀតៗ នោះ​បាន​សេចក្តី​ថា អុលឡោះ‌តាអាឡា​ពុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។

30 ផ្ទុយ​ទៅ​វិញ ប្រសិន​បើអុលឡោះ‌តាអាឡា​ធ្វើ​កិច្ចការ​ដ៏​ចម្លែក​អស្ចារ្យ គឺ​ប្រសិន​បើ​ដី​ប្រេះ​ចេញ​ពី​គ្នា លេប​ពួក​គេ និង​អ្វីៗ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ផ្នូរ​ខ្មោច​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ពិត​ជា​បាន​មាក់​ងាយអុលឡោះ‌តាអាឡា​មែន»។

31 ម៉ូសា​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ដី​នៅ​ពី​ក្រោម​លោក​ដាថាន និង​លោក​អប៊ីរ៉ាម ក៏​ប្រេះ​ចេញ​ពី​គ្នា

32 ហើយ​លេប​ពួក​គេ ព្រម​ទាំង​ក្រុម​គ្រួសារ ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក​កូរេ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួក​គេ​ដែរ។

33 ពួក​គេ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ផ្នូរ​ខ្មោច​ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន។ ដី​បាន​គ្រប​ពី​លើ​ពួក​គេ ឲ្យ​បាត់​សូន្យ​ពី​ចំណោម​សហគមន៍។

34 ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ដែល​នៅ​ជុំ​វិញ​ឮ​សំរែក​របស់​ពួក​គេ ក៏​នាំ​គ្នា​រត់​ចេញ​ទៅ ព្រោះ​ខ្លាច​ដី​ស្រូប​ខ្លួន​ដែរ។

35 មាន​ភ្លើង​ចេញ​មក​ពីអុលឡោះ‌តាអាឡា ឆេះ​កំទេច​មនុស្ស​ទាំង​ពីរ​រយ​ហា‌សិប​នាក់ ដែល​ចូល​ទៅ​ជូន​គ្រឿង​ក្រអូប​នោះ​ដែរ។

ពាន​ដាក់​ភ្លើង​របស់​បក្ស​ពួក​អ្នក​កូរេ

36 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

37 «ចូរ​ប្រាប់​អេឡាសារ ជា​កូន​របស់​អ៊ីមុាំ​ហារូន ឲ្យ​យក​ពាន​ចេញ​ពី​ក្នុង​ភ្លើង រួច​យក​ទៅ​គោះ​ភ្លើង​ចោល​ឲ្យ​ឆ្ងាយ ដ្បិត​ពាន​ទាំង​នោះជា​វត្ថុ​សក្ការៈ។

38 ចូរ​យក​ពាន​របស់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បាត់​បង់​ជីវិត​នោះ ទៅ​ដំ​ជា​បន្ទះ​លោហ‌ធាតុ ស្រោប​អាសនៈ​ទុក​ជា​ការ​ព្រមាន​ដល់​កូន​ចៅ​អ៊ីស្រ‌អែល។ ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ ព្រោះ​គេ​បាន​យក​មក​ជូនអុលឡោះ‌តាអាឡា»។

39 អ៊ីមុាំ​អេឡាសារ​ក៏​យក​ពាន​លង្ហិន​ដែល​អស់​អ្នក​បាត់​បង់​ជីវិត​នៅ​ក្នុង​ភ្លើង​យក​មក​ជូន​នោះ ទៅ​ដំ​ជា​បន្ទះ​ស្រោប​អាសនៈ

40 ទុក​ជា​ទី​រំលឹក​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល ថា​ក្រៅ​ពី​ពូជ‌ពង្ស​របស់​ហារូន គ្មាន​នរណា​ម្នាក់​អាច​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​ជូនអុលឡោះ‌តាអាឡា​បាន​ទេ។ អ្នក​ណា​បំពាន អ្នក​នោះ​ត្រូវ​ទទួល​ទោស ដូច​លោក​កូរេ និង​បក្ស​ពួក​របស់​គាត់ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក តាម​រយៈ​ម៉ូសា។

ប្រជា‌ជន​ទិតៀន​ណាពី​ម៉ូសា និង​ណាពី​ហារូន

41 នៅ​ថ្ងៃ​បន្ទាប់ សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល នាំ​គ្នា​រអ៊ូ​រទាំ​ដាក់​ម៉ូសា និង​ហារូន​ថា៖ «អ្នក​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​របស់អុលឡោះ‌តាអាឡា​បាត់​បង់​ជីវិត!»។

42 សហគមន៍​លើក​គ្នា​ប្រឆាំង​នឹង​ម៉ូសា ព្រម​ទាំង​ហារូន ប៉ុន្តែ ពេល​ពួក​គេ​បែរ​មុខ​ទៅ​រក​ជំរំ​ជួប​អុលឡោះ‌តាអាឡា នោះ​ស្រាប់​តែ​មាន​ពពក​គ្រប​បាំង​ជំរំ ហើយ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ក៏​លេច​មក​ដែរ

43 ម៉ូសា និង​ហារូន​នាំ​គ្នា​ទៅ​ដល់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

44 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

45 «ចូរ​ដក​ខ្លួន​ចេញ​ពី​ចំណោម​សហគមន៍​នេះ​ទៅ យើង​នឹង​កំទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ​មួយ​រំពេច»។ អ្នក​ទាំង​ពីរ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

46 ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «សូម​បង​យក​ភ្លើង​ពី​អាសនៈ​ដាក់​ក្នុង​ពាន ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង រួច​ប្រញាប់​ទៅ​ជួប​សហគមន៍​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ពួក​គេ​ទៅ ដ្បិតអុលឡោះ‌តាអាឡា​ខឹង​ហើយ គ្រោះ​កាច​ក៏​ចាប់​ផ្តើម​កើត​មាន​ដែរ»។

47 ហារូន​ក៏​យក​ពាន តាម​ពាក្យ​របស់​ម៉ូសា រួច​គាត់​រត់​ទៅ​ក្នុង​អង្គ​ប្រជុំ។ ពេល​នោះ​គ្រោះ​កាច​ក៏​ចាប់​ផ្តើម​កើត​មាន​ក្នុង​ចំណោម​ប្រជា‌ជន។ គាត់​ក៏​ជូន​គ្រឿង​ក្រអូប ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ប្រជា‌ជន។

48 គាត់​ឈរ​នៅ​ចន្លោះ​សាក‌សព និង​អស់​អ្នក​ដែល​នៅ​រស់ ហើយ​គ្រោះ​កាច​ក៏​ឈប់។

49 មាន​ប្រជា‌ជន​មួយ​ម៉ឺន​បួន​ពាន់​ប្រាំ‌ពីរ​រយ​នាក់​ស្លាប់​ដោយ​សារ​គ្រោះ​កាច​នេះ ថែម​ពី​លើ​ចំនួន​អស់​អ្នក​ដែល​ស្លាប់​នៅ​ពេល​លោក​កូរេ​បះបោរ។

50 ហារូន​វិល​ទៅ​រក​ម៉ូសា នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​គ្រោះ​កាច​ក៏​ឈប់។

© 2014 United Bible Societies, UK.

United Bible Societies