Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 17 - អាល់គីតាប


ដំបង​របស់​ណាពី​ហារូន

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

2 «ចូរ​បង្គាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​ប្រាប់​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ​យក​ដំបង​ម្នាក់​មួយៗ​មក​ឲ្យ​អ្នក គឺ​មាន​ដំបង​ទាំង​អស់​ដប់​ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ពួក​គេ។ ត្រូវ​ចារ​ឈ្មោះ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ​លើ​ដំបង​នោះ។

3 ចូរ​ចារ​ឈ្មោះ​ហារូន​លើ​ដំបង​របស់​កុល‌សម្ព័ន្ធ​លេវី ដ្បិត​មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​នី​មួយៗ​ត្រូវ​មាន​ដំបង​មួយ។

4 ចូរ​ដាក់​ដំបង​ទាំង​នោះ​នៅ​ពី​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ជា​កន្លែង​ដែល​យើង​មក​ជួប​អ្នក​រាល់​គ្នា។

5 ដំបង​របស់​អ្នក​ណា​ចេញ​ផ្កា គឺ​អ្នក​នោះ​ហើយ​ដែល​យើង​បាន​ជ្រើស​រើស។ យើង​នឹង​បញ្ឈប់​ជន‌ជាតិ​អ៊ីស្រ‌អែល​លែង​ឲ្យ​រអ៊ូ​រទាំ​ប្រឆាំង​អ្នក​ទាំង​ពីរ​នៅ​ចំពោះ​មុខ​យើង​ទៀត»។

6 ម៉ូសា​នាំ​ពាក្យ​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ពួក​មេ​ដឹក​នាំ​ទាំង​អស់​ក៏​នាំ​គ្នា​យក​ដំបង​ម្នាក់​មួយៗ​មក​ជូន​គាត់ គឺ​មាន​ដំបង​ដប់​ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ពួក​គេ។ ដំបង​របស់​ហារូន ស្ថិត​នៅ​កណ្តាល​ដំបង​របស់​ពួក​គេ។

7 ម៉ូសា​បាន​ដាក់​ដំបង​ទាំង​នោះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ក្នុង​ជំរំ​នៃ​សន្ធិ‌សញ្ញា។

8 នៅ​ថ្ងៃ​បន្ទាប់ ពេល​ម៉ូសា​ចូល​ទៅ​ក្នុង​ជំរំ​នៃ​សន្ធិ‌សញ្ញា លោក​ឃើញ​ដំបង​របស់​ហារូន ដែល​ជា​តំណាង​កុល‌សម្ព័ន្ធ​លេវី​មាន​ពន្លក​ចេញ​ផ្កា ហើយ​មាន​ទាំង​ផ្លែ​ទៀត​ផង។

9 ម៉ូសា​យក​ដំបង​ទាំង​នោះ​ចេញ​ពី​មុខអុលឡោះ‌តាអាឡា ទៅ​បង្ហាញ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ពួក​គេ​យក​ដំបង​របស់​ខ្លួន​វិញ។

10 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​យក​ដំបង​របស់​ហារូន​ទៅ​ដាក់​នៅ​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា រក្សា​ទុក​ជា​ទី​សំគាល់​ព្រមាន​ពួក​បះបោរ ដើម្បី​បញ្ឈប់​ពួក​គេ​ឲ្យ​លែង​រអ៊ូ​រទាំ ហើយ​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ស្លាប់»។

11 ម៉ូសា​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​គាត់។

12 ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​ទៅ​កាន់​ម៉ូសា​ថា៖ «យើង​ខ្ញុំ​មុខ​ជា​ផុត​ដង្ហើម​វិនាស​សូន្យ​ទាំង​អស់​គ្នា​មិន​ខាន!

13 ដ្បិត​អ្នក​ដែល​ចូល​ជិត​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា នឹង​ត្រូវ​ស្លាប់។ តើ​យើងខ្ញុំ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ឬ?»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម