ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ចោទិយ‌កថា 24 - អាល់គីតាប អាល់គីតាប
ចោទិយ‌កថា 24

ហ៊ូកុំ​អំពី​ការ​លែង​លះ​គ្នា

1 «ពេល​ណា​បុរស​ម្នាក់​រៀប​ការ​ជា​មួយ​ស្ត្រី​ម្នាក់ ហើយ​ក្រោយ​មក​គេ​ឈប់​ស្រឡាញ់​នាង ព្រោះ​គេ​មិន​ពេញ​ចិត្ត​នឹង​នាង​ត្រង់​កន្លែង​ណា​មួយ គេ​ត្រូវ​ធ្វើ​លិខិត​លែង​លះ ហើយ​ប្រគល់​លិខិត​នោះ​ឲ្យ​នាង រួច​បើក​ឲ្យ​នាង​ទៅ​ចុះ។

2 ក្រោយ​ចាក​ចេញ​ពី​ប្ដី​ដើម​ទៅ នាង​រៀប​ការ​ជា​មួយ​បុរស​ម្នាក់​ទៀត។

3 ឧបមា​ថា​ប្ដី​ទី​ពីរ​នេះ​ឈប់​ស្រឡាញ់​នាង គេ​ធ្វើ​លិខិត​លែង​ប្រគល់​ឲ្យ​នាង ហើយ​ឲ្យ​នាង​ចាក​ចេញ​ពី​ផ្ទះ ឬ​មួយ​ក៏​ប្ដី​ទី​ពីរ​នេះ​ស្លាប់

4 ប្ដី​ដើម​ដែល​បាន​លែង​នាង មិន​អាច​យក​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​វិញ​ឡើយ។ គេ​ត្រូវ​ចាត់​ទុក​នាង​ថា​ជា​ស្រី​សៅ​ហ្មង។ បើ​ប្ដី​ដើម​យក​នាង​វិញ​នោះ គឺ​ជា​អំពើ​មួយ​ដែលអុលឡោះ‌តាអាឡា​ស្អប់​ខ្ពើម។ មិន​ត្រូវ​ធ្វើ​ឲ្យ​អំពើ​បាប​បែប​នេះ កើត​មាន​នៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​ទុក​ជា​កេរ‌មត៌ក​ឡើយ»។

ហ៊ូកុំ​ផ្សេងៗ

5 «មិន​ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​ទើប​នឹង​រៀប​ការ ទៅ​ធ្វើ​ទាហាន​ឡើយ ហើយ​ក៏​មិន​ត្រូវ កែន​គេ​ឲ្យ​ទៅ​ធ្វើ​ការ​អ្វី​ដែរ។ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ គេ​ត្រូវ​តែ​នៅ​ផ្ទះ ហើយ​ធ្វើ​ឲ្យ​ភរិយា​បាន​សប្បាយ។

6 មិន​ត្រូវ​ទទួល​យក​ត្បាល់​កិន ជា​របស់​បញ្ចាំ​ឡើយ គឺ​សូម្បី​តែ​ថ្ម​ផ្នែក​ខាង​លើ​របស់​ត្បាល់​កិន ក៏​មិន​ត្រូវ​ទទួល​យក​ដែរ ព្រោះ​ធ្វើ​ដូច្នេះ ដូច​ជា​បង្អត់​អាហារ​ម្ចាស់​ត្បាល់។

7 ប្រសិន​បើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ណា​ម្នាក់ ចាប់​ជន​រួម​ជាតិ​របស់​ខ្លួន​យក​ទៅ​ធ្វើ​ជា​ទាសករ ឬ​យក​ទៅ​លក់ អ្នក​នោះ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

8 ចូរ​ប្រយ័ត្ន​អំពី​ករណី​រោគ​ឃ្លង់។ ចូរ​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ពួក​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី​បង្រៀន​អ្នក​រាល់​គ្នា។ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ៊ីមុាំ​ទាំង​នោះ។

9 ចូរ​នឹក​ចាំ​ពី​ហេតុ‌ការណ៍​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ធ្វើ​ចំពោះ​សាទី​ម៉ារៀម នៅ​តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

10 ប្រសិន​បើ​អ្នក​ឲ្យ​អ្វី​មួយ ទៅ​បង‌ប្អូន​របស់​អ្នក​ខ្ចី មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គាត់ ដើម្បី​យក​វត្ថុ​បញ្ចាំ​ឡើយ។

11 អ្នក​ត្រូវ​ឈរ នៅ​ខាង​ក្រៅ​ផ្ទះ ចាំ​បង‌ប្អូន​នោះ​យក​វត្ថុ​បញ្ចាំ​ចេញ​មក​ឲ្យ។

12 ប្រសិន​បើ​កូន​បំណុល​នោះ ជា​ជន​ក្រី​ក្រ អ្នក​មិន​ត្រូវ​ចូល​ដំណេក​ដោយ​ទុក​វត្ថុ​បញ្ចាំ​ជាប់​នឹង​ខ្លួន​ឡើយ

13 តែ​ត្រូវ​ប្រគល់​អាវ​ធំ​ដែល​គេ​យក​មក​បញ្ចាំ​នោះ​ទៅ​ឲ្យ​គេ​វិញ មុន​ពេល​ថ្ងៃ​លិច ដើម្បី​ឲ្យ​គេ​មាន​អាវ​ដណ្តប់​នៅ​ពេល​យប់ ព្រម​ទាំង​ឲ្យ​ពរ​អ្នក​ទៀត​ផង។ ការ​ប្រព្រឹត្ត​ដូច្នេះ​ជា​អំពើ​មួយ​ដ៏​សុចរិត ដែល​គាប់​បំណងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។

14 មិន​ត្រូវ​ជិះ​ជាន់​កម្មករ​ក្រី​ក្រ ហើយ​កំសត់​ទុគ៌ត​ឡើយ ទោះ​បី​អ្នក​នោះ​ជា​ជន​រួម​ជាតិ​របស់​អ្នក ឬ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ក្តី។

15 ត្រូវ​បើក​ប្រាក់​ប្រចាំ​ថ្ងៃ​ឲ្យ​គេ​មុន​ពេល​ថ្ងៃ​លិច ដ្បិត​គ្នា​ជា​ជន​ក្រី​ក្រ ហើយ​ត្រូវ​ការ​ប្រាក់​ឈ្នួល​របស់​ខ្លួន​ជា​ចាំ​បាច់។ ប្រសិន​បើ​គេ​មិន​បាន​ទទួល​ប្រាក់​ទេ ពេល​គេ​ទូរអា​អង្វរអុលឡោះ‌តាអាឡា​ប្រឆាំង​នឹង​អ្នក នោះ​អ្នក​មុខ​ជា​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​បាប​មិន​ខាន។

16 មិន​ត្រូវ​ប្រហារ​ជីវិត​ឪពុក ព្រោះ​តែ​ទោស​របស់​កូន ហើយ​ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត។

17 មិន​ត្រូវ​រំលោភ​លើ​សិទ្ធិ​របស់​ជន​បរទេស ឬ​ក្មេង​កំព្រា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​សម្លៀក​បំពាក់​របស់​ស្ត្រី​មេ​ម៉ាយ ទុក​ជា​វត្ថុ​បញ្ចាំ​ដែរ។

18 ត្រូវ​នឹកចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ នៅ​ស្រុក​អេស៊ីប ហើយអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​បទ​បញ្ជា​ទាំង​នេះ ឲ្យ​អ្នក​ប្រព្រឹត្ត​តាម។

19 ពេល​ណា​អ្នក​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​អ្នក ហើយ​អ្នក​ភ្លេច​ស្រូវ​មួយ​កណ្តាប់​នៅ​ក្នុង​ស្រែ នោះ​កុំ​វិល​ត្រឡប់​ទៅ​យក​វិញ​ឡើយ គឺ​ត្រូវ​ទុក​ស្រូវ​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា ឬ​ស្ត្រី​មេ​ម៉ាយ​រើស ដើម្បី​ឲ្យអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។

20 ពេល​ណា​អ្នក​បេះ​ផ្លែ​អូលីវ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ។

21 ពេល​ណា​អ្នក​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ។

22 ត្រូវ​នឹក​ចាំ​ថា​អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ នៅ​ស្រុក​អេស៊ីប ហេតុ​នេះ​ហើយ បាន​ជា ខ្ញុំ​ប្រគល់​បទ​បញ្ជា​ទាំង​នេះ​ឲ្យ​អ្នក​ប្រព្រឹត្ត​តាម។

© 2014 United Bible Societies, UK.

United Bible Societies