ចោទិយកថា 25 - អាល់គីតាប1 ពេលណាមនុស្សពីរនាក់មានរឿងជាមួយគ្នា ហើយឡើងទៅឲ្យតុលាការកាត់ក្តី ម្នាក់ជាអ្នកស្លូតត្រង់ឈ្នះក្តី ម្នាក់ទៀតមានទោស។ 2 ប្រសិនបើអ្នកមានទោសនោះត្រូវទទួលរំពាត់ ចៅក្រមត្រូវឲ្យគាត់ដេកលើដីនៅចំពោះមុខលោក។ គេត្រូវវាយអ្នកនោះ ឲ្យសមនឹងកំហុសដែលខ្លួនបានប្រព្រឹត្ត។ 3 ប៉ុន្តែ មិនត្រូវវាយគាត់លើសពីសែសិបរំពាត់ឡើយ បើវាយលើសពីនោះ ក្រែងលោបងប្អូនរួមជាតិរបស់អ្នក ត្រូវបាត់បង់កិត្តិយសនៅចំពោះមុខអ្នក។ 4 កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ»។ ស្ត្រីមេម៉ាយដែលគ្មានកូន 5 «ពេលបងប្អូនប្រុសៗរស់នៅជាមួយគ្នា ប្រសិនបើម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុសទេ ប្រពន្ធរបស់អ្នកដែលស្លាប់នោះ ពុំអាចរៀបការជាមួយអ្នកដទៃបានឡើយ។ ប្អូនថ្លៃរបស់នាងត្រូវយកនាងមកធ្វើជាភរិយា ហើយប្រព្រឹត្តចំពោះនាងតាមភារកិច្ចរបស់ខ្លួនជាប្អូនថ្លៃ។ 6 កូនប្រុសដំបូងដែលនាងបង្កើតមក ត្រូវមានឈ្មោះជាកូនរបស់ប្ដីដែលស្លាប់ទៅហើយនោះ ដើម្បីកុំឲ្យគេបាត់ឈ្មោះពីចំណោមជនជាតិអ៊ីស្រអែល។ 7 ប្រសិនបើប្អូនប្រុសនោះមិនសុខចិត្តរៀបការជាមួយបងថ្លៃរបស់ខ្លួនទេ នាងត្រូវទៅជួបពួកអះលីជំអះនៅមាត់ទ្វារក្រុង ជម្រាបថា “ប្អូនថ្លៃរបស់នាងខ្ញុំ មិនព្រមរក្សាឈ្មោះបងប្រុសរបស់ខ្លួនឲ្យបានគង់វង្ស នៅក្នុងចំណោមជនជាតិអ៊ីស្រអែលទេ គឺគាត់មិនចង់រៀបការជាមួយនាងខ្ញុំ តាមភារកិច្ចរបស់គាត់ជាប្អូនថ្លៃឡើយ”។ 8 ពួកអះលីជំអះរបស់ទីក្រុងត្រូវហៅអ្នកនោះមកសួរ។ ប្រសិនបើគាត់នៅតែបដិសេធ មិនព្រមរៀបការជាមួយនាងទេនោះ 9 បងថ្លៃត្រូវចូលទៅជិតគាត់នៅចំពោះមុខពួកអះលីជំអះ នាងត្រូវហូតស្បែកជើងចេញពីជើងរបស់គាត់ ព្រមទាំងស្តោះទឹកមាត់ដាក់មុខគាត់ រួចប្រកាសថា “មនុស្សដែលពុំព្រមបន្តពូជឲ្យបងប្រុសរបស់ខ្លួន ត្រូវតែបាក់មុខដូច្នេះឯង!”។ 10 ក្នុងស្រុកអ៊ីស្រអែលទាំងមូល គេនឹងដាក់ឈ្មោះក្រុមគ្រួសារអ្នកនោះថា “ពូជអត់ស្បែកជើង”»។ ការហាមឃាត់នៅពេលឈ្លោះប្រកែកគ្នា 11 «នៅពេលបុរសពីរនាក់កំពុងបោកចំបាប់គ្នា ប្រសិនបើប្រពន្ធរបស់បុរសម្នាក់ ចូលទៅជួយប្ដីរបស់ខ្លួនឲ្យរួចពីកណ្តាប់ដៃរបស់គូវិវាទ ដោយចាប់ទាញកេរខ្មាសរបស់បុរសម្នាក់ទៀត 12 ចូរកាត់ដៃស្ត្រីនោះចោល គឺមិនត្រូវអាណិតមេត្តានាងឡើយ»។ ជញ្ជីង និងរង្វាល់ត្រឹមត្រូវ 13 «ក្នុងថង់របស់អ្នក មិនត្រូវមានកូនទម្ងន់ពីរខុសគ្នា គឺមួយធ្ងន់ មួយស្រាលឡើយ។ 14 ក្នុងផ្ទះរបស់អ្នកក៏មិនមានរង្វាល់ពីរខុសគ្នា គឺមួយធំ មួយតូចដែរ។ 15 អ្នកត្រូវតែមានកូនទម្ងន់ និងរង្វាល់ត្រឹមត្រូវ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅក្នុងស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប្រគល់ឲ្យ។ 16 អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកស្អប់ខ្ពើម ជនដែលប្រព្រឹត្តអំពើគៃបន្លំរបៀបនេះណាស់»។ ជនជាតិអាម៉ាឡេក ជាសត្រូវសួរពូជ 17 «ចូរកុំភ្លេចនូវអំពើដែលជនជាតិអាម៉ាឡេក បានប្រព្រឹត្តចំពោះអ្នក នៅតាមផ្លូវ ក្រោយពេលដែលអ្នកចាកចេញពីស្រុកអេស៊ីប។ 18 ពួកគេបានសំងំចាំអ្នកនៅតាមផ្លូវ ហើយពេលអ្នកអស់កម្លាំងនោះ ពួកគេបានវាយអស់អ្នកដែលដើរយឺតជាងគេ នៅតាមក្រោយ។ ពួកគេធ្វើដូច្នេះ មកពីពួកគេមិនកោតខ្លាចអុលឡោះតាអាឡា។ 19 កាលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក កំចាត់ខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញអ្នក ហើយប្រោសឲ្យអ្នកបានសម្រាកនៅក្នុងស្រុក ដែលទ្រង់ប្រទានឲ្យអ្នកកាន់កាប់ជាកេរមត៌ក ចូរប្រហារជនជាតិអាម៉ាឡេកឲ្យវិនាសសូន្យ កុំឲ្យនរណាម្នាក់នៅលើផែនដីនឹកឃើញពួកគេឡើយ។ ចូរកុំភ្លេចឲ្យសោះ!»។ |
© 2014 United Bible Societies, UK.
United Bible Societies