ករណីឃាតកដែលគេពុំស្គាល់មុខ1 «នៅក្នុងទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យអ្នកទុកជាកម្មសិទ្ធិ ប្រសិនបើគេប្រទះឃើញសាកសពនរណាម្នាក់នៅតាមចម្ការ ហើយគេមិនដឹងមុខឃាតកទេ 2 ពួកអះលីជំអះ និងពួកចៅក្រមត្រូវវាស់ចម្ងាយ ពីកន្លែងសាកសពនោះ ទៅក្រុងនានាដែលនៅជុំវិញ។ 3 កាលដឹងថាក្រុងណាមួយនៅជិតសាកសពជាងគេ ពួកអះលីជំអះរបស់ក្រុងនោះ ត្រូវយកគោញីស្ទាវមួយមក គឺគោដែលគេពុំធ្លាប់ទឹម ឬប្រើឲ្យធ្វើការនៅឡើយ។ 4 ពួកអះលីជំអះរបស់ទីក្រុងត្រូវនាំគោញីស្ទាវនោះ ចុះទៅកាន់ជ្រោះមួយ ដែលមានទឹកហូរមិនចេះរីង ហើយជាកន្លែងគ្មាននរណាសាបព្រោះ ឬដាំដំណាំទេ។ គេត្រូវវាយបំបាក់កគោញី នៅក្នុងជ្រោះ។ 5 ពេលនោះ ពួកអ៊ីមុាំពីកុលសម្ព័ន្ធលេវី នាំគ្នាចូលមក–អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានជ្រើសរើសពួកអ៊ីមុាំឲ្យនៅបម្រើទ្រង់ និងឲ្យពរប្រជាជនក្នុងនាមទ្រង់។ ពេលប្រជាជនមានជម្លោះ ឬវាយតប់គ្នារហូតដល់របួស ក៏ពួកអ៊ីមុាំមានមុខងារអារកាត់រឿងរ៉ាវរបស់ពួកគេដែរ។ 6 អះលីជំអះរបស់ក្រុងដែលនៅជិតសាកសព ត្រូវនាំគ្នាលាងដៃពីលើគោញី ដែលគេវាយបំបាក់កនៅក្នុងជ្រោះ 7 ទាំងប្រកាសថា “យើងខ្ញុំពុំបានធ្វើឃាតជនរងគ្រោះនេះទេ ហើយយើងខ្ញុំក៏ពុំបានឃើញនរណាធ្វើឃាតគេដែរ។ 8 អុលឡោះតាអាឡាជាម្ចាស់អើយ សូមលើកលែងទោសអ៊ីស្រអែល ដែលជាប្រជារាស្ត្ររបស់ទ្រង់ ឲ្យរួចពីបាបផង។ សូមកុំឲ្យអ៊ីស្រអែល ជាប្រជារាស្ត្រដែលទ្រង់បានរំដោះ ត្រូវទទួលទោស ព្រោះឃាតកម្មទៅលើជនស្លូតត្រង់នេះឡើយ”។ ធ្វើដូច្នេះ ពួកគេនឹងគ្មានទោស ព្រោះតែឃាតកម្មនេះទេ។ 9 រីឯអ្នកវិញ ត្រូវលុបបំបាត់ការសម្លាប់ជនស្លូតត្រង់ ឲ្យអស់ពីចំណោមអ្នក ហើយប្រព្រឹត្តតែអំពើត្រឹមត្រូវដែលគាប់បំណងអុលឡោះតាអាឡា»។ ហ៊ូកុំស្តីអំពីស្ត្រីដែលជាឈ្លើយសឹក10 «ពេលណាអ្នកចេញទៅច្បាំងនឹងខ្មាំងសត្រូវ ប្រសិនបើអុលឡោះតាអាឡាប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នក ហើយអ្នកចាប់ពួកគេមកជាឈ្លើយ 11 ក្នុងចំណោមស្ត្រីៗដែលអ្នកចាប់មកជាឈ្លើយ ប្រហែលជាអ្នកឃើញស្ត្រីម្នាក់មានរូបឆោមស្អាត ហើយអ្នកចាប់ចិត្តស្រឡាញ់ ចង់បាននាងមកធ្វើជាភរិយា 12 ត្រូវយកនាងចូលមកក្នុងផ្ទះរបស់អ្នក ហើយឲ្យនាងកោរសក់ និងកាត់ក្រចកដៃ ក្រចកជើង 13 នាងត្រូវប្តូរសម្លៀកបំពាក់ដែលនាងស្លៀក នៅពេលគេចាប់នាងមកជាឈ្លើយសឹកចេញ នាងត្រូវរស់នៅក្នុងផ្ទះរបស់អ្នក ហើយយំកាន់ទុក្ខឪពុកម្តាយរបស់ខ្លួន អស់រយៈពេលមួយខែ។ បន្ទាប់មក អ្នកអាចចូលទៅជិតនាង រៀបការជាមួយនាងហើយ នាងនឹងទៅជាភរិយារបស់អ្នក។ 14 ក្រោយមក ប្រសិនបើអ្នកមិនពេញចិត្តនឹងនាងទៀតទេ ចូរឲ្យនាងចេញទៅដោយសេរីចុះ អ្នកមិនអាចលក់នាង ឬទុកនាងជាខ្ញុំបម្រើបានទេ ព្រោះអ្នកបានរួមរស់ជាមួយនាងរួចស្រេចទៅហើយ»។ ហ៊ូកុំអំពីសិទ្ធិជាកូនច្បង15 «ប្រសិនបើបុរសម្នាក់មានភរិយាពីរ គាត់ស្រឡាញ់ភរិយាមួយខ្លាំងជាងភរិយាមួយទៀត ហើយនាងទាំងពីរមានកូនប្រុសដូចគ្នា តែកូនច្បង ជាកូនរបស់នាងដែលគាត់មិនសូវស្រឡាញ់។ 16 នៅពេលចែកកេរមត៌កឲ្យកូន គាត់មិនអាចយកចំណែកមត៌កដែលត្រូវបានទៅកូនច្បង ឲ្យកូនប្រុសរបស់ភរិយា ដែលគាត់ស្រឡាញ់ជាងនោះឡើយ ចំណែកនេះត្រូវតែបានទៅលើកូនរបស់ភរិយាដែលគាត់មិនសូវស្រឡាញ់ ព្រោះគេជាកូនច្បង។ 17 គាត់ត្រូវតែទទួលស្គាល់ថា កូនច្បង គឺកូនប្រុសរបស់ភរិយាដែលគាត់មិនសូវស្រឡាញ់ ហើយប្រគល់ចំណែកមត៌កឲ្យកូននោះពីរដងច្រើនជាងកូនឯទៀតៗ ដ្បិតកូននេះជាផលដំបូងនៃកម្លាំងរបស់គាត់ ដូច្នេះគេទទួលឯកសិទ្ធិជាកូនច្បង»។ ហ៊ូកុំស្តីអំពីកូនដែលមិនស្តាប់បង្គាប់ឪពុកម្តាយ18 «ប្រសិនបើបុរសម្នាក់មានកូនដែលរឹងរូសបះបោរ មិនស្តាប់បង្គាប់ឪពុកម្តាយ ទោះបីឪពុកម្តាយវាយប្រដៅ ក៏វានៅតែមិនស្តាប់បង្គាប់ដដែល 19 ឪពុកម្តាយត្រូវចាប់វានាំទៅជួបពួកអះលីជំអះរបស់ទីក្រុងនៅកន្លែងដែលគេកាត់ក្តី។ 20 ឪពុកម្តាយពោលទៅកាន់ពួកអះលីជំអះរបស់ទីក្រុងថា “កូនប្រុសរបស់យើងខ្ញុំនេះជាមនុស្សរឹងរូស ហើយបះបោរមិនស្តាប់បង្គាប់យើងខ្ញុំទេ។ វាជាមនុស្សខិលខូចជាមនុស្សប្រមឹក”។ 21 ប្រជាជនទាំងអស់នៅក្នុងទីក្រុងត្រូវយកដុំថ្មគប់សម្លាប់កូននោះ។ ធ្វើដូច្នេះ អ្នកលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។ ជនជាតិអ៊ីស្រអែលទាំងមូលដឹងរឿងនេះ ហើយគេនឹងភ័យខ្លាច»។ ហ៊ូកុំស្តីអំពីអ្នកទោសដែលគេព្យួរលើដើមឈើ22 «ប្រសិនបើជនណាម្នាក់មានទោសដល់ស្លាប់ ហើយត្រូវគេយកទៅប្រហារជីវិត ដោយព្យួរលើដើមឈើ 23 កុំទុកសាកសពអ្នកនោះជាប់នៅលើដើមឈើដែលគេព្យួររហូតដល់យប់ឡើយ គឺត្រូវយកសពទៅបញ្ចុះក្នុងថ្ងៃដែលគេសម្លាប់នោះ ដ្បិតអ្នកដែលគេប្រហារជីវិតដោយព្យួរ ទទួលបណ្តាសាពីអុលឡោះតាអាឡា។ ដូច្នេះ មិនត្រូវធ្វើឲ្យទឹកដីដែលអុលឡោះតាអាឡាជាម្ចាស់របស់អ្នក ប្រទានឲ្យអ្នកទុកជាកេរមត៌ក ក្លាយទៅជាសៅហ្មងឡើយ»។ |
© 2014 United Bible Societies, UK.
United Bible Societies