ចោទិយកថា 22 - អាល់គីតាបហ៊ូកុំអំពីសត្វ ឬរបស់របរដែលបាត់ 1 «ប្រសិនបើអ្នកឃើញគោ ឬចៀមរបស់បងប្អូនអ្នកវង្វេង កុំធ្វើពើដូចជាមិនឃើញ តែត្រូវនាំសត្វនោះទៅឲ្យម្ចាស់វាវិញ កុំបីអាក់ខានឡើយ។ 2 ប្រសិនបើម្ចាស់សត្វនៅឆ្ងាយ ហើយអ្នកមិនស្គាល់គេទេ ត្រូវនាំសត្វទៅទុកនៅផ្ទះអ្នក រហូតដល់ម្ចាស់វាមកសុំយកទៅវិញ ពេលនោះ ត្រូវតែប្រគល់វាទៅឲ្យគេចុះ។ 3 ចំពោះសត្វលា សម្លៀកបំពាក់ និងអ្វីៗទាំងអស់ដែលបងប្អូនអ្នកបាត់ ក៏ត្រូវធ្វើបែបនេះដែរ ប្រសិនបើអ្នករកឃើញ កុំធ្វើពើដូចជាមិនឃើញឡើយ។ 4 ប្រសិនបើអ្នកឃើញលា ឬគោរបស់បងប្អូនអ្នក ធ្លាក់ទៅក្នុងស្នាមភ្លោះ កុំធ្វើពើដូចជាមិនឃើញឡើយ តែត្រូវជួយគេ អូសសត្វនោះឲ្យឡើងមកវិញ»។ ហ៊ូកុំផ្សេងៗ 5 «ស្ត្រីមិនត្រូវស្លៀកពាក់ដូចបុរសឡើយ រីឯបុរសក៏មិនត្រូវស្លៀកពាក់ដូចស្ត្រីដែរ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកមិនពេញចិត្តនឹងមនុស្សដែលធ្វើដូច្នេះទេ។ 6 ពេលធ្វើដំណើរ នៅតាមផ្លូវ ប្រសិនបើអ្នកឃើញសំបុកសត្វនៅលើដើមឈើ ឬនៅផ្ទាល់ដី ហើយឃើញកូនសត្វ ឬពងសត្វ ដែលមានមេវាកំពុងតែក្រាប នោះមិនត្រូវយកទាំងមេ ទាំងកូនឡើយ។ 7 ចូរទុកឲ្យមេវាហើរទៅចុះ គឺយកតែកូនរបស់វាប៉ុណ្ណោះបានហើយ។ ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គល ព្រមទាំងមានអាយុយឺនយូរ។ 8 ប្រសិនបើអ្នកសង់ផ្ទះថ្មី ត្រូវធ្វើបង្កាន់ដៃព័ទ្ធជុំវិញដំបូលផ្ទះ ក្រែងលោមាននរណាម្នាក់ធ្លាក់ពីលើដំបូលបណ្តាលឲ្យអ្នកមានទោស ព្រោះតែផ្ទះនោះ។ 9 មិនត្រូវព្រោះពូជអ្វីផ្សេង ក្នុងចម្ការទំពាំងបាយជូររបស់អ្នកឡើយ ក្រែងលោអ្នកត្រូវយកដំណាំទាំងអស់ជូនអុលឡោះតាអាឡា គឺទាំងពូជផ្សេងដែលអ្នកព្រោះ ទាំងផលទំពាំងបាយជូរ។ 10 កុំទឹមគោ និងលា ឲ្យអូសនង្គ័លជាមួយគ្នាឡើយ។ 11 កុំស្លៀកសម្លៀកបំពាក់ ត្បាញដោយអំបោះរោមចៀម និងអំបោះធ្មៃ លាយគ្នាឡើយ។ 12 ចូរដេរខ្សែរំយោល ភ្ជាប់នឹងជាយទាំងបួនរបស់ក្រណាត់ដែលអ្នករុំខ្លួន»។ ហ៊ូកុំសីលធម៌ 13 «ប្រសិនបើបុរសណាយកស្ត្រីម្នាក់មកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង តែក្រោយមកគេបែរជាឈប់ស្រឡាញ់នាង 14 រួចចាប់តាំងបរិហារកេរ្តិ៍នាងថា “ខ្ញុំបានយកនាងនេះមកធ្វើជាភរិយា ខ្ញុំបានរួមរស់ជាមួយនាង ហើយខ្ញុំឃើញថា នាងមិនមែនជាស្ត្រីព្រហ្មចារីទេ”។ 15 ឪពុកម្តាយរបស់នាង ត្រូវយកភស្តុតាងពីភាពព្រហ្មចារីរបស់នាង ទៅបង្ហាញពួកអះលីជំអះរបស់ទីក្រុង នៅត្រង់កន្លែងកាត់ក្តី។ 16 ឪពុករបស់នាងត្រូវពោលទៅកាន់ពួកអះលីជំអះថា៖ «ខ្ញុំបានលើកកូនស្រីទៅឲ្យបុរសនោះធ្វើជាភរិយា តែគេលែងស្រឡាញ់នាង 17 គេបានបរិហារកេរ្តិ៍របស់នាង ដោយពោលថា “ខ្ញុំឃើញថាកូនរបស់លោកមិនមែនជាស្ត្រីព្រហ្មចារីទេ”។ ក៏ប៉ុន្តែ សូមអស់លោកមើលចុះ នេះជាភស្តុតាងដែលបញ្ជាក់ថា កូនស្រីរបស់ខ្ញុំពិតជាស្ត្រីព្រហ្មចារីមែន!»។ ឪពុកម្តាយត្រូវយកសំពត់របស់នាងបង្ហាញពួកអះលីជំអះរបស់ទីក្រុង។ 18 ពួកអះលីជំអះត្រូវចាប់បុរសនោះមកផ្តន្ទាទោស 19 ព្រោះគេបានបង្ខូចកេរ្តិ៍ឈ្មោះស្ត្រីព្រហ្មចារីម្នាក់នៃជនជាតិអ៊ីស្រអែល។ ពួកអះលីជំអះត្រូវពិន័យអ្នកនោះឲ្យបង់ប្រាក់មួយរយណែន ទៅឪពុករបស់នាង។ រីឯនាងវិញនាងនៅតែជាភរិយារបស់អ្នកនោះអស់មួយជីវិត គឺគេមិនអាចលែងនាងបានឡើយ។ 20 ផ្ទុយទៅវិញ ប្រសិនបើរឿងនោះជាការពិតមែន គឺប្រសិនបើគេរកបានភស្តុតាងថានាងមិននៅព្រហ្មចារីទេ 21 គេត្រូវនាំស្ត្រីនោះទៅមាត់ទ្វារផ្ទះរបស់ឪពុកនាង ហើយអ្នកស្រុកត្រូវនាំគ្នាយកដុំថ្មគប់សម្លាប់នាង ព្រោះនាងបានប្រព្រឹត្តអំពើដ៏ថោកទាបនៅស្រុកអ៊ីស្រអែល ដោយបង្ខូចខ្លួននៅពេលរស់ក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។ 22 ប្រសិនបើគេតាមទាន់បុរសម្នាក់ ដែលកំពុងរួមដំណេកជាមួយប្រពន្ធអ្នកដទៃ ជនទាំងពីរត្រូវទទួលទោសដល់ស្លាប់ គឺទាំងបុរសដែលរួមដំណេកជាមួយស្ត្រីនោះ ទាំងស្ត្រីផិតក្បត់។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ ចេញពីចំណោមជនជាតិអ៊ីស្រអែល។ 23 ពេលស្ត្រីក្រមុំព្រហ្មចារីម្នាក់មានគូដណ្តឹងហើយ ប្រសិនបើមានបុរសម្នាក់ទៀតជួបនាងនៅទីក្រុង រួចរួមដំណេកជាមួយនាង 24 អ្នករាល់គ្នាត្រូវនាំជនទាំងពីរនេះចេញពីទីក្រុង ហើយយកដុំថ្ម គប់សម្លាប់ចោលទៅ។ នាងមានទោស ព្រោះតែមិនបានស្រែកហៅអ្នកក្រុងឲ្យជួយ រីឯបុរសនោះមានទោស ព្រោះតែបានរំលោភលើគូដណ្តឹងរបស់អ្នកដទៃ។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។ 25 ប៉ុន្តែ ប្រសិនបើបុរសនោះជួបស្ត្រីក្រមុំដែលមានគូដណ្តឹងនៅវាលស្រែវិញ ហើយចាប់នាងរំលោភ។ បុរសដែលរំលោភលើនាង ត្រូវមានទោសដល់ស្លាប់។ 26 រីឯស្ត្រីក្រមុំនោះវិញ កុំធ្វើទោសនាងឲ្យសោះ ដ្បិតនាងគ្មានកំហុសអ្វីដែលត្រូវទទួលទោសដល់ស្លាប់ឡើយ (អំពើដែលបុរសនោះប្រព្រឹត្តចំពោះនាង ក៏ដូចជាឃាតកម្មមួយដែរ) 27 ទោះបីស្ត្រីក្រមុំមានគូដណ្តឹង ដែលត្រូវបុរសនោះចាប់រំលោភនៅវាលស្រែ ខំប្រឹងស្រែកយ៉ាងណាក្តី ក៏គ្មាននរណាជួយនាងដែរ។ 28 ប្រសិនបើបុរសម្នាក់ជួបនឹងស្ត្រីក្រមុំព្រហ្មចារី ដែលពុំទាន់មានគូដណ្តឹងនៅឡើយ ហើយចាប់នាងរំលោភ រួចមានគេតាមទាន់។ 29 បុរសដែលរំលោភលើនាងនោះ ត្រូវប្រគល់ប្រាក់ហាសិបណែនទៅឲ្យឪពុករបស់នាង ព្រោះតែបានរួមដំណេកជាមួយនាង។ គេត្រូវយកនាងទៅធ្វើជាភរិយារបស់ខ្លួន អស់មួយជីវិត គឺគេមិនអាចលែងនាងបានឡើយ។ 30 មិនត្រូវឲ្យនរណាម្នាក់រួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុកខ្លួនឡើយ ធ្វើដូច្នេះ គេប្រមាថឪពុករបស់ខ្លួន»។ |
© 2014 United Bible Societies, UK.
United Bible Societies