ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ចោទិយ‌កថា 16 - អាល់គីតាប អាល់គីតាប
ចោទិយ‌កថា 16

ពិធី​បុណ្យ​រំលង

1 «នៅ​ខែ​ចេត្រ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​រំលង ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដ្បិត​នៅ​យប់​ខែ​ចេត្រ​នេះ​ហើយ ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​នាំ​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

2 ចូរ​យក​ចៀម និង​គោ ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ក្នុង​ឱកាស​បុណ្យ​រំលង នៅ​កន្លែង​ដែល​ទ្រង់​នឹង​ជ្រើស​រើស​ទុក​ជា​ដំណាក់ សម្រាប់​សំដែង​នាម​របស់​ទ្រង់។

3 ក្នុង​អំឡុង​ពេល​បុណ្យ​នេះ មិន​ត្រូវ​បរិភោគ​នំបុ័ង​ដែល​មាន​ដាក់​មេ​ឡើយ គឺ​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ចំនួន​ប្រាំ​ពីរ​ថ្ងៃ ជា​នំបុ័ង​នៃ​ទុក្ខ​លំបាក រំលឹក​ពី​គ្រា​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប យ៉ាង​ប្រញាប់‌ប្រញាល់។ ធ្វើ​ដូច្នេះ អ្នក​នឹង​ចង​ចាំ​អស់​មួយ​ជីវិត អំពី​គ្រា​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

4 ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ​នោះ ក្នុង​ផ្ទះ​របស់​អ្នក និង​នៅ​លើ​ទឹក​ដី​ទាំង​មូល​របស់​អ្នក មិន​ត្រូវ​ឲ្យ​មាន​មេ​ដំបែ​ឡើយ រីឯ​សាច់​របស់​សត្វ ដែល​អ្នក​សម្លាប់​ធ្វើ​គូរបាន​នៅ​ល្ងាច​ទី​មួយ ក៏​មិន​ត្រូវ​ទុក​មួយ​យប់​រហូត​ដល់​ព្រឹក​ដែរ។

5 អ្នក​មិន​អាច​ធ្វើ​គូរបាន​នៃ​ពិធី​បុណ្យ​រំលង​នេះ នៅ​ត្រង់​កន្លែង​ណា​មួយ ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ប្រទាន​មក​អ្នក​នោះ​ឡើយ

6 គឺ​ត្រូវ​ធ្វើ​គូរបាន​នៃ​ពិធី​បុណ្យ​រំលង​នេះ នៅ​កន្លែង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ជ្រើស​រើស​ទុក​ជា​ដំណាក់ សម្រាប់​នាម​របស់​ទ្រង់។ ចូរ​ធ្វើ​គូរបាន​នៅ​ពេល​ល្ងាច ជា​ពេល​ថ្ងៃ​លិច គឺ​ចំ​នឹង​ពេល​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

7 ចូរ​ចំអិន​សាច់​ដែល​អ្នក​ធ្វើ​ជា​គូរបាន ហើយ​បរិភោគ​នៅ​កន្លែង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ជ្រើស​រើស។ លុះ​ព្រលឹម​ឡើង អ្នក​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​របស់​អ្នក​វិញ។

8 អ្នក​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ចំនួន​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ជា​ថ្ងៃ​បុណ្យ​ធំ​សម្រាប់​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក គឺ​មិន​ត្រូវ​ធ្វើ​កិច្ចការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ»។

បុណ្យ​សបា្តហ៍ ឬ​បុណ្យ​ថ្ងៃ​ទី​ហាសិប

9 «ត្រូវ​គិត​ពី​ថ្ងៃ​ដែល​អ្នក​ចាប់​ផ្តើម​ច្រូត​ស្រូវ​ទៅ ចំនួន​ប្រាំ​ពីរ​សបា្តហ

10 រួច​ហើយ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​សបា្តហ៍​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ ពេល​នោះ ចូរ​ជូន​ជំនូន​ស្ម័គ្រ​ចិត្ត ដោយ​គិត​តាម​ភោគ​ផល ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ។

11 ត្រូវ​ជប់​លៀង​យ៉ាង​សប្បាយ ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។ ត្រូវ​ជប់​លៀង​បែប​នេះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ត្រង់​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស ទុក​ជា​ដំណាក់​សម្រាប់​សំដែង​នាម​ទ្រង់។

12 ត្រូវ​ចង​ចាំ​ថា​អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​ហ៊ូកុំ​ទាំង​នេះ»។

បុណ្យ​ជំរំ

13 «ពេល​ណា​អ្នក​បោក​បែន​ស្រូវ និង​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​រួច​រាល់​ហើយ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​ជំរ ចំនួន​ប្រាំ​ពីរ​ថ្ងៃ។

14 ក្នុង​ឱកាស​ពិធី​បុណ្យ​នេះ អ្នក​ត្រូវ​ជប់​លៀង​យ៉ាង​សប្បាយ ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។

15 ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នៅ​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​ទទួល​ភោគ​ផល​ច្រើន ហើយ​ប្រទាន​ពរ​អ្នក​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ អ្នក​នឹង​មាន​អំណរ​ឥត​ឧបមា។

16 បី​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​មេ បុណ្យ​សបា្តហ៍និង​បុណ្យ​ជំរំ ត្រូវ​ឲ្យ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នៅ​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស។ ប៉ុន្តែ មិន​ត្រូវ​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ដោយ​ដៃ​ទទេ​ឡើយ។

17 ម្នាក់ៗ​ត្រូវ​យក​ជំនូន​ទៅ​ជា​មួយ តាម​តែ​ខ្លួន​អាច​ធ្វើ​បាន ដោយ​គិត​តាម​ភោគ​ផល​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ»។

ការ​តែង​តាំង​មេ​ដឹក​នាំ

18 «ត្រូវ​តែង​តាំង​ឲ្យ​មាន​ចៅ​ក្រម និង​អ្នក​ត្រួត‌ត្រា នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ។ អ្នក​ទាំង​នោះ​នឹង​វិនិច្ឆ័យ​ប្រជា‌ជន​នៅ​តាម​កុល‌សម្ព័ន្ធ​នា​នា ដោយ​យុត្តិធម៌។

19 មិន​ត្រូវ​បំពាន​លើ​ហ៊ូកុំ ឬ​វិនិច្ឆ័យ​នរណា​ម្នាក់ ដោយ​រើស​មុខ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ទទួល​សំណូក​ដែរ ដ្បិត​សំណូក​រមែង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​ទៅ​ជា​ខ្វាក់ ហើយ​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​និយាយ​វៀច​វេរ។

20 ត្រូវ​ស្វែង​រក​តែ​យុត្តិធម៌ ដើម្បី​ឲ្យ​អ្នក​មាន​ជីវិត ហើយ​កាន់​កាប់​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ»។

មិន​ត្រូវ​គោរព​ព្រះ​ក្លែង​ក្លាយ

21 «កុំ​ដំ​ឡើង​បង្គោល​ឈើ​នៃ​ព្រះ‌អា‌សេរ៉ា នៅ​ក្បែរ​អាសនៈ​ដែល​អ្នក​សង់​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ឡើយ

22 ហើយ​ក៏​មិន​ត្រូវ​ដំឡើង​ស្តូប​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក មិន​ពេញ​ចិត្ត​នោះ​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies