ចោទិយកថា 17 - អាល់គីតាប1 កុំយកគោ ឬកូនចៀម ដែលមានស្លាកស្នាម ឬពិការ ធ្វើជាគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកឡើយ ដ្បិតទ្រង់ស្អប់ខ្ពើមគូរបានបែបនេះ។ 2 ក្នុងចំណោមអ្នក ប្រហែលជាមានប្រុសម្នាក់ ឬស្រីម្នាក់ ប្រព្រឹត្តអំពើបាបដែលមិនពេញចិត្ត អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ក្នុងក្រុងដែលទ្រង់ប្រទានឲ្យ គឺអ្នកនោះបំពានលើសម្ពន្ធមេត្រីរបស់ទ្រង់ 3 ទៅគោរពបម្រើព្រះដទៃ ហើយក្រាបថ្វាយបង្គំព្រះទាំងនោះ ឬក្រាបថ្វាយបង្គំព្រះអាទិត្យ ព្រះច័ន្ទ និងហ្វូងតារាទាំងប៉ុន្មាន ផ្ទុយពីសេចក្តីដែលខ្ញុំបានបង្គាប់។ 4 ពេលណាអ្នកឮដំណឹងនេះ ត្រូវស៊ើបសួរឲ្យបានច្បាស់លាស់ថា តើការណ៍នេះពិត ឬមិនពិត។ ប្រសិនបើមានភស្តុតាងបញ្ជាក់ថា ហេតុការណ៍ដ៏គួរស្អប់ខ្ពើមនេះ ពិតជាកើតមាននៅស្រុកអ៊ីស្រអែលមែន 5 ត្រូវនាំប្រុស ឬស្រីដែលបានប្រព្រឹត្តអំពើអាក្រក់នោះ ទៅមាត់ទ្វារក្រុង ហើយយកដុំថ្មគប់រហូតទាល់តែស្លាប់។ 6 ជនជាប់ចោទនោះមានទោសដល់ស្លាប់ ល្គឹកណាតែមានមនុស្សពីរ ឬបីនាក់ធ្វើជាសាក្សី។ ប្រសិនបើមានសាក្សីតែម្នាក់ គេមិនអាចប្រហារជីវិតជនជាប់ចោទនោះបានឡើយ។ 7 សាក្សីត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះមុនគេ បន្ទាប់មក ទើបប្រជាជនគប់តាមក្រោយ។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា»។ ការកាត់ក្តី 8 «ចំពោះឃាតកម្ម ការប្តឹងផ្តល់គ្នា និងការវាយគ្នាឲ្យមានរបួស ជាករណីដែលពិបាកកាត់ក្តី នៅក្នុងក្រុងរបស់អ្នក ត្រូវនាំយករឿងនេះទៅកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ជ្រើសរើស។ 9 អ្នកត្រូវទៅជួបពួកអ៊ីមុាំនៃកុលសម្ព័ន្ធលេវី និងចៅក្រមនៅជំនាន់នោះ ដើម្បីសុំសួរយោបល់។ ពួកគេនឹងប្រាប់អ្នកថា ត្រូវវិនិច្ឆ័យរឿងនេះបែបណា។ 10 ចូរធ្វើតាមការវិនិច្ឆ័យដែលអ្នកទាំងនោះប្រាប់អ្នក នៅកន្លែងអុលឡោះតាអាឡាជ្រើសរើស។ ចូរធ្វើតាមពាក្យដែលពួកអ្នកណែនាំឲ្យបានឥតខ្ចោះ។ 11 ចូរធ្វើឲ្យបានត្រឹមត្រូវតាមហ៊ូកុំ ដែលអ្នកទាំងនោះណែនាំ និងការវិនិច្ឆ័យដែលពួកគេបានសម្រេច គឺត្រូវធ្វើតាមពាក្យដែលពួកគេអារកាត់ ឥតលំអៀងឡើយ 12 អ្នកណាតាំងចិត្តមានះ មិនព្រមធ្វើតាមពាក្យរបស់អ៊ីមុាំ ដែលបានទទួលតំណែងបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ឬមិនស្តាប់ពាក្យរបស់ចៅក្រមទេ អ្នកនោះត្រូវតែស្លាប់។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមជនជាតិអ៊ីស្រអែល។ 13 ប្រជាជនទាំងអស់ឮដំណឹងនេះ គេនឹងភ័យខ្លាច ហើយគ្មាននរណាហ៊ានតាំងចិត្តមានះបែបនេះទៀតឡើយ»។ ហ៊ូកុំស្តីអំពីស្តេច 14 «ពេលណាអ្នកចូលទៅដល់ស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ ពេលណាអ្នកកាន់កាប់ស្រុក និងតាំងទីលំនៅនៅក្នុងស្រុកនោះហើយ ប្រហែលជាអ្នកនឹកចង់បានស្តេចមួយគ្រប់គ្រងលើអ្នក ដូចប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញដែរ។ 15 អ្នកត្រូវតែងតាំងស្តេច ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ជ្រើសរើស។ អ្នកត្រូវតែងតាំងស្តេច ដែលជាជនរួមជាតិរបស់អ្នក គឺមិនត្រូវតែងតាំងជនបរទេស ដែលមិនមែនជាជនរួមជាតិរបស់អ្នកឡើយ។ 16 ស្តេចរបស់អ្នកមិនត្រូវមានសេះច្រើន ហើយក៏មិនត្រូវឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីប ដើម្បីរកសេះឲ្យបានច្រើនដែរ ដ្បិតអុលឡោះតាអាឡាមានបន្ទូលមកអ្នករាល់គ្នាថា “មិនត្រូវវិលត្រឡប់ទៅស្រុកនោះវិញឡើយ”។ 17 ស្តេចរបស់អ្នកមិនត្រូវមានប្រពន្ធច្រើនឡើយ ក្រែងលោស្តេចបែកចិត្តចេញឆ្ងាយពីអុលឡោះតាអាឡា។ ស្តេចក៏មិនត្រូវមានមាសប្រាក់ច្រើនពេកដែរ។ 18 ពេលណាស្តេចឡើងគ្រងរាជសម្បត្តិហើយ ត្រូវឲ្យស្តេចយកហ៊ូកុំនេះពីអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ទៅចម្លងទុកក្នុងសៀវភៅមួយ។ 19 សៀវភៅនេះត្រូវនៅជាប់ជាមួយស្តេចជានិច្ច ហើយស្តេចអានជារៀងរាល់ថ្ងៃ អស់មួយជីវិត ដើម្បីរៀនគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ព្រមទាំងកាន់ ហើយប្រតិបត្តិហ៊ូកុំទាំងប៉ុន្មាន ដែលមាននៅក្នុងគីតាបហ៊ូកុំនេះ។ 20 ធ្វើដូច្នេះ ស្តេចនឹងគ្មានគំនិតតម្កើងខ្លួនខ្ពស់ជាងជនរួមជាតិឡើយ ហើយក៏មិនបែកចិត្តចេញឆ្ងាយពីបទបញ្ជារបស់អុលឡោះតាអាឡា ដោយងាកទៅឆ្វេង ឬទៅស្តាំដែរ ដើម្បីឲ្យស្តេច និងរាជវង្សរបស់ស្តេចគ្រងរាជ្យបានយូរឆ្នាំ លើជនជាតិអ៊ីស្រអែល»។ |
© 2014 United Bible Societies, UK.
United Bible Societies