Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ចោទិយ‌កថា 15 - អាល់គីតាប


ឆ្នាំ​ទី​ប្រាំ​ពីរ ជា​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល

1 «ប្រាំ​ពីរ​ឆ្នាំ​ម្តង អ្នក​ត្រូវ​តែ​លុប​បំណុល។

2 ការ​លុប​បំណុល​នេះ ត្រូវ​អនុវត្ត​ដូច​តទៅ: ម្ចាស់​បំណុល​ទាំង​ឡាយ​ដែល​បាន​ឲ្យ​ប្រាក់​អ្នក​ដទៃ​ខ្ចី ត្រូវ​លុប​បំណុល​នោះ។ កាល​ណា​គេ​ប្រកាស​ការ​លុប​បំណុល ដើម្បី​លើក​តម្កើងអុលឡោះ‌តាអាឡា ម្ចាស់​បំណុល​មិន​ត្រូវ​ទាម​ទារ​ឲ្យ​អ្នក​ដទៃ ដែល​ជា​បង‌​ប្អូន​រួម​ជាតិ​របស់​ខ្លួន សង​ប្រាក់​វិញ​ឡើយ។

3 អ្នក​អាច​ទាម​ទារ​ឲ្យ​ជន​បរទេស​សង​ប្រាក់ តែ​ត្រូវ​លុប​បំណុល​ឲ្យ​បង‌ប្អូន ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក។

4 ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​មាន​ជន​ក្រី​ក្រ​ឡើយ ដ្បិតអុលឡោះ‌តាអាឡា នឹង​ប្រទាន​ពរ​អ្នក​យ៉ាង​បរិបូណ៌ នៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រគល់​ឲ្យ​អ្នក​កាន់​កាប់​ទុក​ជា​ចំណែក​មត៌ក។

5 ប៉ុន្តែ អ្នក​ត្រូវ​ស្តាប់​បង្គាប់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដោយ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​នៅ​ថ្ងៃ​នេះ។

6 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​នឹង​ប្រទាន​ពរ​ដល់​អ្នក ដូច​ទ្រង់​បាន​សន្យា​ជា​មួយ​អ្នក។ អ្នក​អាច​ចង​ការ​ប្រាក់​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន តែ​អ្នក​មិន​ត្រូវ​ខ្ចី​ប្រាក់​ពី​ពួក​គេ​ទេ អ្នក​នឹង​ត្រួត‌ត្រា​លើ​ប្រជា‌ជាតិ​ជា​ច្រើន តែ​ពួក​គេ​នឹង​មិន​ត្រួត‌ត្រា​លើ​អ្នក​ឡើយ។

7 ក្នុង​បណ្តា​ក្រុង​នៃ​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ប្រទាន​ឲ្យ ប្រសិន​បើ​មាន​បង‌ប្អូន​ខ្លះ​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ មិន​ត្រូវ​មាន​ចិត្ត​កំណាញ់ ឥត​រវី‌រវល់​ជួយ​បង‌ប្អូន​ដែល​ក្រ​នោះ​ឡើយ។

8 ផ្ទុយ​ទៅ​វិញ ត្រូវ​ជួយ​គាត់ ដោយ​ឲ្យ​ខ្ចី​ប្រាក់​តាម​ចំនួន​ដែល​គាត់​ត្រូវ​ការ។

9 ចូរ​ប្រយ័ត្ន មិន​ត្រូវ​មាន​ចិត្ត​អាក្រក់ ដោយ​គិត​ថា ឆ្នាំ​ទី​ប្រាំ​ពីរ ជា​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល កាន់​តែ​ខិត​ជិត ហើយ​អ្នក​ក៏​គ្មាន​ចិត្ត​មេត្តា​ដល់​បង‌ប្អូន​ដែល​ក្រ​នោះ គឺ​មិន​ជួយ​អ្វី​ទាំង​អស់។ ពេល​គាត់​សុំអុលឡោះ‌តាអាឡា ចោទ​ប្រកាន់​អ្នក នោះ​អ្នក​មុខ​ជា​មាន​បាប​មិន​ខាន។

10 ចូរ​ជូន​ប្រាក់​ទៅ​គាត់​ដោយ​មិន​ទើស​ទាល់ ដ្បិត​ធ្វើ​ដូច្នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។

11 នៅ​ក្នុង​ស្រុក តែង​តែ​មាន​អ្នក​ក្រ​ជា​និច្ច ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក ឲ្យ​មាន​ចិត្ត​ទូលាយ​ដល់​បង‌ប្អូន​របស់​អ្នក ដែល​ក្រី​ក្រ កំសត់​ទុគ៌ត នៅ​ក្នុង​ស្រុក»។


ឆ្នាំ​ដែល​ត្រូវ​ដោះ​លែង​ខ្ញុំ​បម្រើ

12 «ប្រសិន​បើ​មាន​បង‌ប្អូន​របស់​អ្នក ដែល​ជា​ជន‌ជាតិ​អ៊ីប្រានី ទោះ​បី​ប្រុស ឬ​ស្រី​ក្តី មក​លក់​ខ្លួន​ឲ្យ​អ្នក ត្រូវ​ឲ្យ​គេ​នៅ​បម្រើ​អ្នក​ប្រាំ​មួយ​ឆ្នាំ។ លុះ​ដល់​ឆ្នាំ​ទី​ប្រាំ​ពីរ ត្រូវ​ដោះ​លែង​គេ​ឲ្យ​ទៅ​វិញ​ចុះ។

13 ប៉ុន្តែ កុំ​ដោះ​លែង​គេ​ឲ្យ​ទៅ​វិញ ដោយ​ដៃ​ទទេ​ឡើយ។

14 ត្រូវ​យក​ភោគ​ផល ជា​ពរ​ដែល​អ្នក​ទទួល​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក គឺ​មាន​ចៀម ស្រូវ និង​ស្រា​ទំពាំង​បាយ​ជូរ ផ្តល់​ជា​អំណោយ​ដល់​គេ​ផង។

15 ត្រូវ​ចង​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ដូច្នេះ។

16 ប្រសិន​បើ​ខ្ញុំ​បម្រើ​របស់​អ្នក​ពោល​ថា គេ​មិន​ចង់​ចេញ​ពី​ផ្ទះ​របស់​អ្នក ព្រោះ​គេ​ស្រឡាញ់​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ពេញ​ចិត្ត​នឹង​រស់​នៅ​ជា​មួយ​អ្នក

17 ត្រូវ​យក​ដែក​ចោះ​ត្រចៀក​អ្នក​បម្រើ​នោះ នៅ​លើ​សន្លឹក​ទ្វារ​ផ្ទះ​របស់​អ្នក ហើយ​គេ​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក រហូត​តទៅ។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ស្រី​បម្រើ​ដែរ។

18 ពេល​ដោះ​លែង​ខ្ញុំ​បម្រើ អ្នក​មិន​ត្រូវ​នឹក​ស្តាយ​ឡើយ ព្រោះ​គេ​បាន​នៅ​បម្រើ​អ្នក​អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ ហើយ​ធ្វើ​ការ​ឲ្យ​អ្នក​បាន​ផល​ពីរ​ដង​លើស​កម្មករ ដែល​អ្នក​ជួល​មក​ធ្វើ​ការ​ទៅ​ទៀត។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ»។


កូន​ដំបូង​របស់​សត្វ

19 «ត្រូវ​ញែក​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​អ្នក គឺ​កូន​គោ​ឈ្មោល និង​កូន​ចៀម​ឈ្មោល ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ មិន​ត្រូវ​ប្រើ​កូន​ដំបូង​របស់​គោ សម្រាប់​ភ្ជួរ​រាស់ ហើយ​ក៏​មិន​ត្រូវ​កាត់​រោម​កូន​ដំបូង​របស់​ចៀម​ដែរ។

20 រៀង​រាល់​ឆ្នាំ ចូរ​បរិភោគ​កូន​ដំបូង​នៃ​ហ្វូង​សត្វ ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​ជ្រើស​រើស។

21 ប្រសិន​បើ​សត្វ​នោះ​ពិការ ខ្វិន​ជើង ខ្វាក់​ភ្នែក ឬ​មាន​ស្លាក​ស្នាម កន្លែង​ណា​មួយ កុំ​យក​វា​ទៅ​ធ្វើ​គូរបាន ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ឡើយ។

22 ត្រូវ​បរិភោគ​សត្វ​នោះ​នៅ​កន្លែង​ដែល​អ្នក​រស់​នៅ មនុស្ស​មិន​បរិសុទ្ធ ឬ​មនុស្ស​បរិសុទ្ធ អាច​បរិភោគ​បាន​ដូច​គ្នា គឺ​ដូច​បរិភោគ​សាច់​ក្តាន់ ឬ​សាច់​ឈ្លូស​ដែរ។

23 ប៉ុន្តែ កុំ​បរិភោគ​ឈាម​ឡើយ ត្រូវ​ចាក់​ឈាម​នោះ​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម