ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ចោទិយ‌កថា 14 - អាល់គីតាប អាល់គីតាប
ចោទិយ‌កថា 14

ការ​ហាម​មិន​ឲ្យ​ធ្វើ​ពិធី​ឆូត​សាច់

1 «អ្នក​រាល់​គ្នា​ជា​បុត្រ​ធីតា​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ នៅ​ពេល​កាន់​ទុក្ខ មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់ ហើយ​ក៏​មិន​ត្រូវ​កោរ​សក់​ផ្នែក​ខាង​មុខ​ដែរ

2 ដ្បិត​អ្នក​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ជ្រើស​រើស​អ្នក ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់»។

សត្វ​ហាឡាល់ និង​សត្វ​មិន​ហាឡាល់

3 «កុំ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ​ឡើយ

4 សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន គឺ​មាន​គោ ចៀម និង​ពពែ

5 ឈ្លូស ក្តាន់ រមាំង ពពែ​ភ្នំ ប្រើស ទន្សោង ទ្រាយ។

6 អ្នក​រាល់​គ្នា​អាច​បរិភោគ​សត្វ​ទាំង​អស់​ដែល​មាន​ក្រចក​ជើង​ឆែក​ជា​ពីរ ហើយ​ជា​សត្វ​ទំពា​អៀង។

7 ប៉ុន្តែ ក្នុង​ចំណោម​សត្វ​ដែល​ទំពា​អៀង ឬ​សត្វ​ដែល​មាន​ក្រចក​ជើង​ឆែក​នោះ មិន​ត្រូវ​បរិភោគ​សត្វ​អូដ្ឋ ទន្សាយ​គល់ និង​ទន្សាយ​ថ្ម​ឡើយ ដ្បិត​សត្វ​ទាំង​នេះ​ទំពា​អៀង តែ​គ្មាន​ក្រចក​ជើង​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​ហាឡាល់។

8 រីឯ​ជ្រូក​ក៏​មិន​ត្រូវ​បរិភោគ​ដែរ ព្រោះ​វា​មាន​ក្រចក​ជើង​ឆែក តែ​មិន​ទំពា​អៀង​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ហាឡាល់ គឺ​កុំ​បរិភោគ​សាច់​វា ហើយ​ក៏​កុំ​ប៉ះ​ពាល់​ខ្មោច​វា​ដែរ។

9 ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅ​ក្នុង​ទឹក អ្នក​រាល់​គ្នា​អាច​បរិភោគ​ត្រី​ទាំង​អស់ ដែល​មាន​ព្រុយ និង​មាន​ស្រកា។

10 ចំណែក​ឯ​ត្រី​ដែល​គ្មាន​ព្រុយ និង​គ្មាន​ស្រកា​កុំ​បរិភោគ​ឡើយ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​ហាឡាល់។

11 អ្នក​អាច​បរិភោគ​សត្វ​ស្លាប​ហាឡាល់​ទាំង​អស់​បាន។

12 ប៉ុន្តែ ចំពោះ​សត្វ​ដែល​អ្នក​រាល់​គ្នា​មិន​អាច​បរិភោគ គឺ​ត្មាត ខ្លែង​ស្រាក និង​ខ្លែង

13 ល្អូត រអាត ស្ទាំង និង​ពពួក​សត្វ​ប្រភេទ​នេះ

14 ក្អែក​គ្រប់​ប្រភេទ

15 អូទ្រីច ទីទុយ រំពេរ ប្រមង់ និង​ពពួក​សត្វ​ប្រភេទ​នេះ

16 គូក មៀម អក

17 ទុង ក្អែក​ទឹក ស្មោញ

18 កុក ក្រសារ និង​ពពួក​សត្វ​ប្រភេទ​នេះ ព្រម​ទាំង​ត្រសេះ និង​ប្រចៀវ។

19 អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​សត្វ​ល្អិត​ដែល​មាន​ស្លាប​ទាំង​អស់ ជា​សត្វ​មិន​ហាឡាល់ គឺ​មិន​ត្រូវ​បរិភោគ​ឡើយ។

20 អ្នក​រាល់​គ្នា​បរិភោគ​បាន​តែ​សត្វ​ស្លាប​ណា​ដែល​ហាឡាល់។

21 មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ឯក​ឯង​ឡើយ ត្រូវ​ឲ្យ​សត្វ​នោះ​ទៅ​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា បរិភោគ ឬ​លក់​ឲ្យ​សាសន៍​ដទៃ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​ដ៏​វិសុទ្ធ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។

ជំនូន​មួយ​ភាគ​ដប់

22 «រៀង​រាល់​ឆ្នាំ ត្រូវ​ញែក​ភោគ​ផល​ពី​ស្រែ​ចម្ការ​របស់​អ្នក ចំនួន​មួយ​ភាគ​ដប់​ទុក​ជា​ជំនូន។

23 ត្រូវ​បរិភោគ​ជំនូន​មួយ​ភាគ​ដប់ ដែល​អ្នក​ញែក​ចេញ​ពី​ស្រូវ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ប្រេង ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ត្រង់​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស ទុក​ជា​ដំណាក់​សម្រាប់​សំដែង​នាម​របស់​ទ្រង់ ដើម្បី​ឲ្យ​អ្នក​រៀន​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រហូត​តទៅ។

24 ប្រសិន​បើ​ផ្ទះ​របស់​អ្នក​នៅ​ឆ្ងាយ​ពី​កន្លែង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ជ្រើស​រើស ទុក​ជា​ដំណាក់ សម្រាប់​សំដែង​នាម​របស់​ទ្រង់ ហើយ​អ្នក​មិន​អាច​ដឹក​ជញ្ជូន​ជំនូន​មួយ​ភាគ​ដប់​នៃ​ភោគ​ផល​ដែល​អ្នក​បាន​ទទួល ដោយ​សារអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​ទេ​នោះ

25 ចូរ​លក់​ជំនូន​មួយ​ភាគ​ដប់​របស់​អ្នក ហើយ​យក​ប្រាក់​ដែល​អ្នក​លក់​បាន ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ជ្រើស​រើស។

26 ពេល​ទៅ​ដល់ អ្នក​អាច​ទិញ​អ្វីៗ​ដែល​អ្នក​ពេញ​ចិត្ត ដូច​ជា គោ ចៀម ស្រា​ទំពាំង​បាយ​ជូរ ឬ​ស្រា​ផ្សេង​ទៀត គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​អ្នក​សប្បាយ​ចិត្ត រួច​បរិភោគ​ដោយ​រីក‌រាយ ជា​មួយ​ក្រុម​គ្រួសារ នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។

27 កុំ​ភ្លេច​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​ឡើយ ដ្បិត​គេ​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក​ទេ។

28 បី​ឆ្នាំ​ម្តង ត្រូវ​យក​ភោគ​ផល​ដែល​អ្នក​ទទួល​នៅ​ឆ្នាំ​ទី​បី ចំនួន​មួយ​ភាគ​ដប់ ចេញ​មក​ដាក់​ក្នុង​ក្រុង​ដែល​អ្នក​រស់​នៅ។

29 ពេល​នោះ ពួក​លេវី​ដែល​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និងស្ត្រី​មេ​ម៉ាយ ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក នឹង​នាំ​គ្នា​មក​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។ ធ្វើ​ដូច្នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​បាន​ចំរុង​ចំរើន ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ»។

© 2014 United Bible Societies, UK.

United Bible Societies