1 ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងព្រះបាទបាសា តាមរយៈព្យាការីយេហ៊ូវ ជាកូនរបស់លោកហាណានីថា៖ 2 «យើងបានលើកអ្នកពីធូលីដី ហើយតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ ប៉ុន្តែ អ្នកដើរតាមផ្លូវរបស់យេរ៉ូបោម ហើយនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ឲ្យប្រព្រឹត្តអំពើបាប បណ្ដាលឲ្យយើងខឹង។ 3 ហេតុនេះ យើងនឹងលុបបំបាត់អ្នក ព្រមទាំងពូជពង្សចោល។ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាតដែរ។ 4 កូនចៅរបស់បាសាដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាល នឹងត្រូវត្មាតចឹកស៊ី»។ 5 រាជកិច្ចផ្សេងៗរបស់ព្រះបាទបាសា គឺអ្វីៗដែលទ្រង់បានប្រព្រឹត្ត និងវីរភាពដ៏អង់អាចរបស់ស្ដេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ 6 កាលព្រះបាទបាសាសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងធើសា។ ព្រះបាទអេឡា ជាបុត្រ បានឡើងស្នងរាជ្យ។ 7 ព្រះអម្ចាស់ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទបាសា ព្រមទាំងរាជវង្ស តាមរយៈព្យាការីយេហ៊ូវ ជាកូនរបស់លោកហាណានីដែរ ព្រោះស្ដេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាងមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដែលបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ។ ព្រះបាទបាសាបានប្រព្រឹត្តអំពើបាប ដូចរាជវង្សរបស់ព្រះបាទយេរ៉ូបោមដែរ។ មួយវិញទៀត ស្ដេចបានសម្លាប់រង្គាលរាជវង្សរបស់ព្រះបាទយេរ៉ូបោម។ ព្រះបាទអេឡាសោយរាជ្យនៅស្រុកអ៊ីស្រាអែល8 នៅឆ្នាំទីម្ភៃប្រាំមួយនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទអេឡា ជាបុត្ររបស់ព្រះបាទបាសា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងធើសា អស់រយៈពេលពីរឆ្នាំ។ 9 មានរាជបម្រើមួយរូបរបស់ស្ដេចឈ្មោះលោកស៊ីមរី ជាមេបញ្ជាការកងរទេះចម្បាំងចំនួនពាក់កណ្ដាល បានក្បត់ព្រះបាទអេឡា។ នៅគ្រានោះ ព្រះរាជាស្នាក់នៅក្រុងធើសា កំពុងសោយសុរាស្រវឹង នៅក្នុងផ្ទះរបស់លោកអើសា ដែលជាអ្នកទទួលខុសត្រូវក្នុងវាំង។ 10 លោកស៊ីមរីចូលមក ហើយធ្វើគុតស្ដេច នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា រួចឡើងសោយរាជ្យជំនួសព្រះបាទអេឡា។ 11 កាលបានឡើងសោយរាជ្យហើយ ព្រះបាទស៊ីមរីប្រហារជីវិតរាជវង្សរបស់ព្រះបាទបាសាទាំងមូល ឥតទុកប្រុសៗណាម្នាក់ឲ្យនៅរស់ឡើយ ទោះបីក្នុងចំណោមញាតិវង្ស ឬក្នុងចំណោមអ្នកជំនិតក្ដី។ 12 ព្រះបាទស៊ីមរីសម្លាប់រង្គាលរាជវង្សរបស់ព្រះបាទបាសាទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ បានថ្លែងតាមរយៈព្យាការីយេហ៊ូវ ទាស់នឹងព្រះបាទបាសា។ 13 ហេតុការណ៍នេះកើតមាន ព្រោះតែអំពើបាបទាំងប៉ុន្មានដែលព្រះបាទបាសា និងព្រះបាទអេឡា ជាបុត្រ បានប្រព្រឹត្ត ព្រមទាំងនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ បណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ទ្រង់ព្រះពិរោធ ដោយសារពួកគេថ្វាយបង្គំព្រះក្លែងក្លាយ។ 14 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអេឡា និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ព្រះបាទស៊ីមរីសោយរាជ្យនៅស្រុកអ៊ីស្រាអែល15 នៅឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទស៊ីមរីឡើងសោយរាជ្យនៅក្រុងធើសា បានប្រាំពីរថ្ងៃ។ ពេលនោះ ពលទាហានអ៊ីស្រាអែលកំពុងបោះទ័ព នៅជិតក្រុងគីបថោន ដើម្បីវាយយកក្រុងនោះពីពួកភីលីស្ទីន។ 16 កាលពលទាហានបានដឹងថា ព្រះបាទស៊ីមរីក្បត់ព្រះបាទអេឡា ព្រមទាំងធ្វើគុតស្ដេចទៀតផងនោះ ពួកគេក៏តែងតាំងលោកមេទ័ពអូមរី ជាស្ដេចលើអ៊ីស្រាអែល។ 17 ព្រះបាទអូមរី និងកងទ័ពអ៊ីស្រាអែលដែលនៅជាមួយ ក៏ចេញពីក្រុងគីបថោនមកឡោមព័ទ្ធក្រុងធើសា។ 18 កាលព្រះបាទស៊ីមរីឃើញថា គេដណ្ដើមយកទីក្រុងបានហើយ ស្ដេចក៏យាងចូលក្នុងប៉មមួយនៅក្នុងវាំង រួចយកភ្លើងដុតប៉ម ហើយសុគតក្នុងនោះទៅ។ 19 ស្ដេចសុគតដូច្នេះ ព្រោះតែអំពើបាប និងអំពើអាក្រក់ដែលទ្រង់បានប្រព្រឹត្ត មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ដើរតាមផ្លូវរបស់ព្រះបាទយេរ៉ូបោម ដោយប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ។ 20 រាជកិច្ចផ្សេងៗ និងអំពើក្បត់របស់ព្រះបាទស៊ីមរី សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ 21 គ្រានោះ ប្រជាជនអ៊ីស្រាអែលបានបាក់បែកគ្នាជាពីរក្រុម ក្រុមមួយចង់លើកលោកធីបនី ជាកូនរបស់លោកគីណាត ឡើងជាស្ដេច ក្រុមមួយទៀតចង់លើកលោកមេទ័ពអូមរីវិញ។ 22 ក្រុមដែលគាំទ្រលោកមេទ័ពអូមរីមានប្រៀបជាងក្រុមដែលគាំទ្រលោកធីបនី ជាកូនរបស់លោកគីណាត លោកធីបនីក៏ស្លាប់ ហើយលោកមេទ័ពអូមរីឡើងសោយរាជ្យ។ ព្រះបាទអូមរីសោយរាជ្យនៅស្រុកអ៊ីស្រាអែល23 នៅឆ្នាំទីសាមសិបមួយនៃរជ្ជកាលព្រះបាទអេសា ស្ដេចស្រុកយូដា ព្រះបាទអូមរីឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលដប់ពីរឆ្នាំ គឺទ្រង់សោយរាជ្យបានប្រាំមួយឆ្នាំនៅក្រុងធើសា 24 រួចស្ដេចទិញភ្នំសាម៉ារីពីលោកសេមើរ តម្លៃប្រាក់មួយពាន់ប្រាំបីរយតម្លឹង។ ស្ដេចសង់ក្រុងមួយនៅលើភ្នំនោះ ហើយដាក់ឈ្មោះថា ក្រុងសាម៉ារី តាមឈ្មោះរបស់លោកសេមើរ ជាម្ចាស់ភ្នំនេះ។ 25 ព្រះបាទអូមរីបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺអាក្រក់លើសពីស្ដេចមុនៗទៅទៀត។ 26 ស្ដេចដើរតាមផ្លូវរបស់ព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ឥតចន្លោះត្រង់ណាឡើយ គឺស្ដេចនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប បណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល ទ្រង់ព្រះពិរោធ ដោយពួកគេថ្វាយបង្គំព្រះក្លែងក្លាយដ៏ឥតបានការ។ 27 រាជកិច្ចផ្សេងៗរបស់ព្រះបាទអូមរី គឺអ្វីៗដែលស្ដេចបានប្រព្រឹត្ត និងវីរភាពដ៏អង់អាចរបស់ស្ដេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ 28 កាលព្រះបាទអូមរីសោយទិវង្គតទៅ គេយកសពទៅបញ្ចុះនៅក្រុងសាម៉ារី។ ព្រះបាទអហាប់ ជាបុត្រ បានឡើងស្នងរាជ្យ។ ព្រះបាទអហាប់សោយរាជ្យនៅស្រុកអ៊ីស្រាអែល29 នៅឆ្នាំទីសាមសិបប្រាំបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទអហាប់ ជាបុត្ររបស់ព្រះបាទអូមរី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី អស់រយៈពេលម្ភៃពីរឆ្នាំ។ 30 ព្រះបាទអហាប់ ជាបុត្ររបស់ព្រះបាទអូមរី បានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ លើសស្ដេចមុនៗទៅទៀត។ 31 ស្ដេចមិនគ្រាន់តែប្រព្រឹត្តអំពើបាប ដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតប៉ុណ្ណោះទេ គឺទ្រង់បានរៀបអភិសេកជាមួយព្រះនាងយេសិបិល ជាបុត្រីរបស់ព្រះបាទអេតបាល ជាស្ដេចស្រុកស៊ីដូន ហើយបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះបាលថែមទៀតផង។ 32 ស្ដេចសង់អាសនៈមួយថ្វាយព្រះបាល ក្នុងវិហាររបស់ព្រះបាលដែលស្ដេចបានសង់នៅក្រុងសាម៉ារី។ 33 ព្រះបាទអហាប់ក៏បានសង់បង្គោលព្រះអាសេរ៉ា ហើយប្រព្រឹត្តអំពើអាក្រក់លើសពីស្ដេចអ៊ីស្រាអែលមុនៗ បណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ទ្រង់ព្រះពិរោធ។ 34 នៅជំនាន់នោះ លោកហ៊ីអែលជាអ្នកស្រុកបេតអែល សង់កំពែងក្រុងយេរីខូឡើងវិញ។ កាលគាត់ចាក់គ្រឹះ នោះអប៊ីរ៉ាមជាកូនប្រុសច្បងក៏ស្លាប់ ហើយកាលគាត់ដាក់ទ្វារក្រុងឡើង នោះសេគូបជាកូនប្រុសពៅក៏ស្លាប់ដែរ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកយ៉ូស្វេជាកូនរបស់លោកនូន។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies