ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 43 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
អេសាយ 43

ព្រះ‌អម្ចាស់​នឹង​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល

1 ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​កូន​ចៅ របស់​លោក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត និង​សូន​អ្នក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក យើង​ក៏​បាន​ហៅ​អ្នក​ចំ​ឈ្មោះ ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង។

2 ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នក ប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។ ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេ អណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ

3 ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ព្រះ‌សង្គ្រោះ​របស់​អ្នក។ យើង​បាន​ប្រគល់​ប្រជា‌ជន​អេស៊ីប​ឲ្យ​សត្រូវ ដើម្បី​លោះ​អ្នក យើង​ក៏​បាន​ប្រគល់​ស្រុក​អេត្យូ‌ពី និង​ស្រុក​សេបា ជា​ថ្នូរ​ឲ្យ​គេ ដើម្បី​លោះ​អ្នក​ដែរ។

4 យើង​ប្រគល់​មនុស្ស​ជា​ច្រើន​ឲ្យ​គេ​ជំនួស​អ្នក គឺ​យើង​ក៏​ប្រគល់​ប្រជា‌ជន​ផ្សេងៗ​ឲ្យ​គេ ជា​ថ្នូរ​លោះ​អ្នក ដ្បិត​យើង​ចាត់​ទុក​ថា​អ្នក​មាន​តម្លៃ​ដ៏​លើស‌លុប ហើយ​យើង​ស្រឡាញ់​អ្នក​ថែម​ទៀត​ផង។

5 កុំ​ភ័យ​ខ្លាច​អ្វី! យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​នាំ​កូន​ចៅ​របស់​អ្នក​ពី​ស្រុក​ខាង​កើត ឲ្យ​វិល​ត្រឡប់​មក​វិញ ហើយ​ប្រមូល​ពូជ‌ពង្ស​របស់​អ្នក ពី​ស្រុក​ខាង​លិច ឲ្យ​វិល​មក​វិញ​ដែរ។

6 យើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ជើង ឲ្យ​ប្រគល់​កូន​ចៅ​របស់​អ្នក​មក​យើង​វិញ យើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ត្បូង មិន​ឲ្យ​ឃាត់​គេ​ទៀត​ឡើយ។ យើង​នឹង​ប្រាប់​ស្រុក​ទាំង​នោះ​ឲ្យ​ប្រមូល កូន​ប្រុស​កូន​ស្រី​របស់​យើង​ដែល​ស្ថិត​នៅ​ស្រុក ឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី​មក​វិញ

7 គឺ​អស់​អ្នក​ដែល​យក​ឈ្មោះ​យើង​ធ្វើ​ជា​ត្រកូល ជា​អស់​អ្នក​ដែល​យើង​បាន​សូន និង​បង្កើត ដើម្បី​បង្ហាញ​សិរី‌រុងរឿង​របស់​យើង។

អ៊ីស្រា‌អែល​ជា​សាក្សី​របស់​ព្រះ‌អម្ចាស់

8 ចូរ​នាំ​ប្រជា‌ជន​នោះ​ចេញ​មក ពួក​គេ​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ។

9 ចូរ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​មក​ជួប‌ជុំ​គ្នា ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​មក​ប្រមូល​ផ្ដុំ​គ្នា ក្នុង​ចំណោម​ព្រះ​របស់​ពួក​គេ តើ​មាន​ព្រះ​ណា​បាន​ប្រាប់ ដំណឹង​ជា​មុន​អំពី​ហេតុ‌ការណ៍​ទាំង​នេះ? តើ​ព្រះ​ណា​បាន​ប្រាប់​ឲ្យ​យើង​ដឹង អំពី​ព្រឹត្តិ‌ការណ៍​ដើម​ដំបូង? ឲ្យ​ព្រះ​ទាំង​នោះ​រក​សាក្សី និង​បង្ហាញ​ភស្ដុតាង​មក ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ឮ រួច​ពោល​ថា ពាក្យ​សម្ដី​របស់​ព្រះ​នោះ​ត្រឹម​ត្រូវ​មែន។

10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​សាក្សី​របស់​យើង អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​អ្នក​បម្រើ​របស់​យើង។ យើង​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ និង​ជឿ​លើ​យើង ព្រម​ទាំង​យល់​ថា មាន​តែ​យើង​នេះ​ទេ ជា​ព្រះ‌ជាម្ចាស់។ នៅ​មុន​យើងគ្មាន​ព្រះ​ណា​ទេ នៅ​ក្រោយ​យើង​ក៏​គ្មាន​ព្រះ​ណា​ទៀត​ដែរ។

11 មាន​តែ​យើង​ទេ​ជា​ព្រះ‌អម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ‌សង្គ្រោះ​ណា​ទៀត​ឡើយ

12 មាន​តែ​យើង​ទេ ដែល​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង និង​សង្គ្រោះ​អ្នក​រាល់​គ្នា រីឯ​ព្រះ​ដទៃ​ទៀត​មិន​បាន​ធ្វើ​បែប​នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។ ដូច្នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង ហើយ​យើង​ជា​ព្រះ‌ជាម្ចាស់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13 អំណើះ​ត​ទៅ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មាន​តែ​យើង​ទេ​ដែល​ពិត​ជា​ព្រះ‌អម្ចាស់ គ្មាន​នរណា​អាច​រំដោះ​ពី​កណ្ដាប់​ដៃ របស់​យើង​បាន​ទេ អ្វីៗ​ដែល​យើង​ធ្វើ​រួច​ហើយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ជា​ដាច់​ខាត។

14 ព្រះ‌អម្ចាស់​ដែល​បាន​លោះ​អ្នក​រាល់​គ្នា គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​យល់​ដល់​អ្នក​រាល់​គ្នា យើង​នឹង​ចាត់​ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​បាប៊ី‌ឡូន ដើម្បី​រំលំ​អំណាច​របស់​ពួក​គេ។ ពេល​នោះ ជន‌ជាតិ​ខាល់ដេ​នឹង​រត់​ខ្ចាត់‌ខ្ចាយ ដោយ​ជិះ​សំពៅ ជា​កន្លែង​ដែល​ពួក​គេ​ធ្លាប់​ហ៊ោ​សប្បាយ។

15 យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​អ្នក​រាល់​គ្នា យើង​ជា​ព្រះ‌មហា‌ក្សត្រ​ដែល​បាន បង្កើត​អ្នក​រាល់​គ្នា។

ផ្លូវ​ថ្មី​នៅ​ក្នុង​វាល​រហោ‌ស្ថាន

16 ព្រះ‌អម្ចាស់​ដែល​បាន​ញែក​សមុទ្រ​ធ្វើ​ផ្លូវ​មួយ គឺ​ធ្វើ​ផ្លូវ​តូច​នៅ​កណ្ដាល​មហា​សាគរ

17 ព្រះអង្គ​ដែល​បាន​ប្រមូល​កង‌ទ័ព មាន​រទេះ​ចម្បាំង កង‌ពល​សេះ ព្រម​ទាំង​ទាហាន​ដ៏​អង់‌អាច ព្រះអង្គ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ ក្រោក​ពុំ​រួច គឺ​ពួក​គេ​រលត់​ទៅ ដូច​ចង្កៀង​អស់​ប្រេង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា:

18 កុំ​គិត​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន នៅ​គ្រា​ដើម​ដំបូង​នោះ​ធ្វើ​អ្វី កុំ​នឹក​នា​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន នៅ​បុរាណ​កាល​ដែរ។

19 បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ​មាន ព្រឹត្តិ‌ការណ៍​ថ្មី​កើត​ឡើង ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក តើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោ‌ស្ថាន ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ នៅ​វាល​ហួត‌ហែង​ទៀត​ផង។

20 សត្វ​ព្រៃ​ទាំង‌ឡាយ គឺ​មាន​ឆ្កែ​ព្រៃ និង​ត្មាត​ជា​ដើម នឹង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើង ដ្បិត​យើង​ធ្វើ​ឲ្យ​មាន​ទឹក ក្នុង​វាល​រហោ‌ស្ថាន និង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​វាល​ហួត‌ហែង ដើម្បី​ផ្ដល់​ទឹក​ឲ្យ​ប្រជា‌ជន ដែល​យើង​បាន​ជ្រើស​រើស

21 គឺ​ប្រជា‌ជន​ដែល​យើង​បាន​បង្កើត​សម្រាប់​យើង ដើម្បី​សរសើរ​តម្កើង​យើង។

22 ពូជ‌ពង្ស​យ៉ាកុប​អើយ អ្នក​ពុំ​បាន​ហៅ​រក​យើង​ទេ អ៊ីស្រា‌អែល​អើយ អ្នក​នឿយ‌ណាយ​នឹង​បម្រើ​យើង។

23 អ្នក​យក​កូន​ចៀម​មក​ដុត​ទាំង​មូល​ធ្វើ​យញ្ញ‌បូជា តែ​មិន​មែន​ថ្វាយ​យើង​ទេ អ្នក​ធ្វើ​យញ្ញ‌បូជា តែ​មិន​បាន​បន្ថែម​សិរី‌រុងរឿង​របស់​យើង​ទេ។ យើង​មិន​បាន​បង្ខិត‌បង្ខំ អ្នក​ឲ្យ​យក​តង្វាយ​មក​ឲ្យ​យើង យើង​ក៏​មិន​បាន​ឲ្យ​អ្នក នឿយ‌ហត់​ដុត​ធូប​ដែរ។

24 អ្នក​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​ក្រអូប តែ​មិន​មែន​សម្រាប់​យើង​ទេ ហើយ​អ្នក​យក​ខ្លាញ់​សត្វ​ធ្វើ​យញ្ញ‌បូជា តែ​មិន​មែន​ដើម្បី​ចម្អែត​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​អំពើ​បាប​របស់​អ្នក អ្នក​បែរ​ជា​បង្ខិត‌បង្ខំ​យើង ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ទៅ​វិញ អ្នក​បាន​ធ្វើ​ឲ្យ​យើង​នឿយ‌ណាយ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក។

25 ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរស និង​ដោយ​យល់​ដល់​នាម​របស់​យើង យើង​យល់​ព្រម​លើក‌លែង​ទោស​ឲ្យ​អ្នក យើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាប របស់​អ្នក​ទៀត​ឡើយ។

26 ចូរ​រៀប​រាប់​ប្រាប់​យើង​មក​មើល! យើង​ទាំង​ពីរ​នឹង​វិនិច្ឆ័យ​រក​ខុស​ត្រូវ​ជា​មួយ​គ្នា ចូរ​និយាយ​ការពារ​ខ្លួន ដើម្បី​បញ្ជាក់​ថា អ្នក​ពិត​ជា​គ្មាន​ទោស!

27 យ៉ាកុប​ជា​បុព្វបុរស​របស់​អ្នក បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ពួក​តំណាង​របស់​អ្នក ក៏​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង​ដែរ។

28 ហេតុ​នេះ​ហើយ​បាន​ជា​យើង​បន្ទាប‌បន្ថោក មេ​ដឹក​នាំ​ព្រះ‌វិហារ យើង​ឲ្យ​គេ​បំផ្លាញ​កូន​ចៅ​យ៉ាកុប យើង​ឲ្យ​គេ​ប្រមាថ​មើល‌ងាយ ប្រជា‌ជន​អ៊ីស្រា‌អែល។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies