ព្រះបន្ទូលប្រឆាំងនឹងស្រុកម៉ូអាប់1 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកម៉ូអាប់បាន ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានដុតធាតុរបស់ស្ដេច ស្រុកអេដុមឲ្យទៅជាផេះ។ 2 ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ស្រុកម៉ូអាប់ ព្រមទាំងឆេះកម្ទេចប្រាសាទ របស់ក្រុងកេរីយ៉ុតផង។ ស្រុកម៉ូអាប់នឹងវិនាសក្រោមសម្រែកជ្រួលច្របល់ សម្រែកសឹកសង្គ្រាម និងសំឡេងត្រែ។ 3 យើងនឹងដកស្ដេចចេញពីពួកគេ ព្រមទាំងប្រហារជីវិតមេដឹកនាំទាំងអស់ដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះបន្ទូលប្រឆាំងនឹងស្រុកយូដា4 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកយូដាបាន ប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នា យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានបោះបង់ចោល ក្រឹត្យវិន័យរបស់យើងជាព្រះអម្ចាស់ ហើយមិនកាន់តាមច្បាប់របស់យើងទេ។ ពួកគេវង្វេងទៅតាមព្រះក្លែងក្លាយ ដូចដូនតារបស់ពួកគេដែរ។ 5 ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ស្រុកយូដា ព្រមទាំងឆេះកម្ទេចប្រាសាទ របស់ក្រុងយេរូសាឡឹមផង»។ ព្រះបន្ទូលប្រឆាំងនឹងស្រុកអ៊ីស្រាអែល6 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកអ៊ីស្រាអែលបាន ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេលក់មនុស្សសុចរិតដើម្បីប្រាក់ និងលក់ជនក្រីក្រដើម្បីស្បែកជើងមួយគូ។ 7 ពួកគេជិះជាន់សង្កត់សង្កិនជនទុគ៌ត ហើយរំលោភសិទ្ធិប្រជាជនតូចតាច។ កូន និងឪពុករួមដំណេកជាមួយស្រីតែម្នាក់ ពួកគេធ្វើដូច្នេះ ប្រមាថនាមដ៏វិសុទ្ធរបស់យើង។ 8 នៅក្បែរអាសនៈរបស់ពួកគេ ពួកគេដេកលើសម្លៀកបំពាក់ដែលអ្នកក្រ យកមកបញ្ចាំ។ ពួកគេយកស្រាពីអ្នកដែលត្រូវពិន័យ ទៅផឹកក្នុងវិហារនៃព្រះរបស់ពួកគេដែរ។ 9 រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរី ដែលមានកម្ពស់ដូចដើមគគីរ និងមានកម្លាំងដូចដើមម៉ៃសាក់ ឲ្យវិនាសសាបសូន្យនៅមុខពួកគេ គឺយើងបានបំផ្លាញទាំងដើម ទាំងឫស។ 10 យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងដឹកនាំអ្នករាល់គ្នានៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។ 11 យើងបានធ្វើឲ្យពួកព្យាការីងើបឡើង ពីចំណោមកូនចៅរបស់អ្នករាល់គ្នា និងឲ្យពួកណាសារីត*ងើបឡើង ពីចំណោមពួកយុវជនរបស់អ្នករាល់គ្នា តើពិតជាដូច្នេះមែនឬកូនចៅអ៊ីស្រាអែល? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 12 ប៉ុន្តែ អ្នករាល់គ្នាបង្អកស្រាដល់ពួកណាសារីត* អ្នករាល់គ្នាហាមពួកព្យាការីមិនឲ្យ ថ្លែងពាក្យក្នុងនាមយើង 13 ហេតុនេះ យើងនឹងកិនកម្ទេចអ្នករាល់គ្នា ឲ្យខ្ទេចខ្ទី ដូចរទេះដឹកស្រូវកិនអ្វីៗទាំងអស់ ដែលនៅក្រោមកង់។ 14 អ្នករហ័សរហួនពុំអាចគេចខ្លួនបានឡើយ អ្នកមានកម្លាំងខ្លាំងក្លាមិនអាចបញ្ចេញកម្លាំង អ្នកចម្បាំងដ៏អង់អាចក៏ពុំអាចសង្គ្រោះជីវិត របស់ខ្លួនបានដែរ។ 15 អ្នកពូកែបាញ់ធ្នូមិនអាចតទល់បាន អ្នកពូកែរត់ក៏រត់មិនរួច អ្នកជិះសេះពុំអាចសង្គ្រោះជីវិត របស់ខ្លួនបានដែរ។ 16 នៅថ្ងៃនោះ អ្នកចម្បាំងដ៏ក្លាហានជាងគេ នឹងរត់ទៅទាំងខ្លួនទទេ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies