1 បូជាចារ្យអើយ ចូរស្ដាប់សេចក្ដីនេះ! ពូជពង្សអ៊ីស្រាអែលអើយ ចូរផ្ចង់ចិត្ត! ញាតិវង្សរបស់ស្ដេចអើយ ចូរត្រង់ត្រាប់ស្ដាប់! គឺអ្នករាល់គ្នាហើយ ដែលត្រូវរកយុត្តិធម៌ ផ្ទុយទៅវិញ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា អ្នករាល់គ្នាបោះសំណាញ់នៅភ្នំតាបោរ 2 អ្នករាល់គ្នាជីករណ្ដៅដ៏ជ្រៅនៅគីទីម យើងនឹងវាយប្រដៅអ្នកទាំងអស់គ្នាពុំខាន។ 3 យើងស្គាល់អេប្រាអ៊ីមយ៉ាងច្បាស់ យើងមើលអ៊ីស្រាអែលធ្លុះទាំងអស់។ អេប្រាអ៊ីមអើយ អ្នកបានប្រព្រឹត្តអំពើពេស្យាចារ ដែលធ្វើឲ្យអ៊ីស្រាអែលទៅជាសៅហ្មង។ 4 អំពើដែលពួកគេប្រព្រឹត្ត រារាំងពួកគេមិនឲ្យវិលត្រឡប់មករក ព្រះរបស់ខ្លួនវិញបានឡើយ ដ្បិតពួកគេគិតតែពីប្រព្រឹត្តអំពើពេស្យាចារ ពួកគេពុំស្គាល់ព្រះអម្ចាស់ទេ។ 5 អំនួតរបស់អ៊ីស្រាអែលចោទប្រកាន់ខ្លួនឯង អ៊ីស្រាអែល និងអេប្រាអ៊ីម ជំពប់ដួល ព្រោះតែកំហុសរបស់ខ្លួន ហើយយូដាក៏ជំពប់ដួលជាមួយពួកគេដែរ។ 6 ពួកគេនាំគ្នាស្វែងរកព្រះអម្ចាស់ ដោយយកចៀម និងគោទៅជាមួយ ដើម្បីថ្វាយយញ្ញបូជា តែពួកគេរកព្រះអង្គពុំឃើញឡើយ ព្រោះព្រះអង្គបោះបង់ចោលពួកគេហើយ។ 7 ពួកគេបានក្បត់ព្រះអម្ចាស់ ដោយបង្កើតកូនឥតខាន់ស្លា។ ឥឡូវនេះ បុណ្យចូលខែថ្មីក្លាយទៅជា មហន្តរាយដល់ពួកគេ និងទឹកដីរបស់ពួកគេ។ សង្គ្រាមផ្ទៃក្នុងរវាងអ៊ីស្រាអែល និងយូដា8 ចូរផ្លុំស្នែងប្រកាសសឹកនៅគីបៀរ! ចូរផ្លុំត្រែប្រកាសភាពអាសន្ននៅរ៉ាម៉ា! ចូរស្រែកហ៊ោនៅបេតអាវេន! បេនយ៉ាមីន ចូរប្រយ័ត្នខាងក្រោយខ្នងអ្នក! 9 នៅថ្ងៃព្រះជាម្ចាស់ដាក់ទោស អេប្រាអ៊ីមនឹងត្រូវវិនាសអន្តរាយ។ យើងប្រាប់ដំណឹងដ៏ពិតឲ្យកុលសម្ព័ន្ធនានា នៃជនជាតិអ៊ីស្រាអែលដឹងជាមុន។ 10 មេដឹកនាំរបស់ជនជាតិយូដាប្រៀបបាននឹង អស់អ្នកដែលបង្ខិតបង្គោលរបង យើងនឹងជះកំហឹងរបស់យើងលើពួកគេ ដូចទឹកហូរយ៉ាងខ្លាំង។ 11 អេប្រាអ៊ីមរងនូវការវិនិច្ឆ័យទោស ហើយត្រូវគេជិះជាន់សង្កត់សង្កិន ព្រោះអេប្រាអ៊ីមរត់ទៅពឹងពាក់លើអ្វីៗ ដែលឥតបានការ ។ 12 រីឯយើងវិញ យើងប្រៀបបាននឹងអង្គែ ដែលស៊ីពួកអេប្រាអ៊ីម ហើយដូចដំបៅស៊ីរូងពួកយូដា។ 13 អេប្រាអ៊ីមឃើញរោគរបស់ខ្លួន យូដាក៏ឃើញដំបៅរបស់ខ្លួនដែរ ដូច្នេះ អេប្រាអ៊ីមទៅពឹងស្រុកអាស្ស៊ីរី គេចាត់អ្នកនាំសារឲ្យទៅគាល់ព្រះចៅអធិរាជ ប៉ុន្តែ ស្ដេចនោះពុំអាចកែរោគអ្នករាល់គ្នា ឬព្យាបាលដំបៅអ្នករាល់គ្នា ឲ្យជាសះបានឡើយ។ 14 យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី គឺយើងនេះហើយដែលហែកពួកគេ រួចយើងចាកចេញទៅ ទាំងពាំពួកគេយកទៅជាមួយ ឥតមាននរណាអាចរំដោះពួកគេបានឡើយ។ 15 យើងនឹងវិលទៅដំណាក់របស់យើងវិញ រហូតទាល់តែពួកគេសារភាពថាខ្លួនខុស ហើយស្វែងរកយើង។ នៅពេលមានអាសន្ន ពួកគេនឹងវិលមករកយើងវិញជាមិនខាន។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies