ហូសេ 6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ប្រជាជនពិតជាវិលមករកព្រះអម្ចាស់មែនឬ? 1 អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក! ពួកយើងវិលទៅរកព្រះអម្ចាស់វិញ។ ព្រះអង្គបានធ្វើឲ្យពួកយើងរបួស ព្រះអង្គក៏នឹងប្រោសពួកយើងឲ្យជាវិញ ព្រះអង្គបានប្រហារពួកយើង ព្រះអង្គក៏នឹងរុំរបួសឲ្យពួកយើងដែរ។ 2 ពីរថ្ងៃទៀត ព្រះអង្គនឹងប្រទានជីវិត មកពួកយើងវិញ។ នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញ ហើយពួកយើងនឹងរស់នៅជាមួយព្រះអង្គ។ 3 យើងត្រូវយកចិត្តទុកដាក់ស្គាល់ព្រះអម្ចាស់ ឲ្យបានច្បាស់ ព្រះអង្គប្រាកដជាយាងមកជួយពួកយើង គឺពិតដូចថ្ងៃរះ។ ព្រះអង្គនឹងយាងមកប្រោសពួកយើង ដូចភ្លៀងធ្លាក់ស្រោចស្រពផែនដី តាមរដូវកាល”។ 4 «អេប្រាអ៊ីមអើយ! តើឲ្យយើងជួយអ្នកដូចម្ដេចបាន? យូដាអើយ! តើឲ្យយើងជួយអ្នកដូចម្ដេចបាន បើចិត្តភក្ដីរបស់អ្នករាល់គ្នាមកលើយើង ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម និងទឹកសន្សើមនៅពេលព្រឹក ដែលបាត់ទៅវិញយ៉ាងឆាប់ៗដូច្នេះ! 5 ហេតុនេះហើយបានជាយើងប្រើពួកព្យាការី ឲ្យទៅវាយអ្នករាល់គ្នា។ យើងប្រហារអ្នករាល់គ្នា ដោយពាក្យសម្ដីដែលយើងថ្លែងប្រាប់។ ការវិនិច្ឆ័យរបស់យើង មកដល់ដូចផ្លេកបន្ទោរ 6 ដ្បិតយើងចង់បានតែចិត្តភក្ដីប៉ុណ្ណោះ គឺមិនចង់បានយញ្ញបូជាទេ យើងចង់ឲ្យអ្នករាល់គ្នាស្គាល់យើង ជាជាងយកតង្វាយដុតមកឲ្យយើង។ 7 ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ សម្ពន្ធមេត្រី* ដូចអដាំ គឺអ្នករាល់គ្នាបានក្បត់យើង។ 8 កាឡាដជាសំបុកជនឧក្រិដ្ឋ ដែលបង្ហូរឈាម។ 9 ក្រុមបូជាចារ្យ*ប្រហារជីវិតមនុស្ស នៅតាមផ្លូវទៅស៊ីគែម ដូចពួកចោរលបចាំប្លន់មនុស្សដែរ ពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត! 10 ក្នុងចំណោមប្រជាជនអ៊ីស្រាអែល យើងបានឃើញហេតុការណ៍ដ៏គួរស្អប់ខ្ពើម គឺអំពើពេស្យាចាររបស់អេប្រាអ៊ីម បានធ្វើឲ្យអ៊ីស្រាអែលទៅជាសៅហ្មង។ 11 យូដាអើយ អ្នកក៏ដូច្នោះដែរ យើងប្រុងប្រៀបវិនិច្ឆ័យទោសអ្នកហើយ។ លុះដល់ពេលយើងត្រូវនាំប្រជារាស្ត្រ របស់យើងដែលជាប់ជាឈ្លើយមកវិញ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies