1 ចូរហៅបងប្អូនប្រុសរបស់អ្នករាល់គ្នាថា “អាំមី” ចូរហៅបងប្អូនស្រីរបស់អ្នករាល់គ្នាថា “រូហាម៉ា” ។ ជនជាតិអ៊ីស្រាអែលប្រៀបបាននឹងភរិយាក្បត់ចិត្ត2 ចូរចោទប្រកាន់ម្ដាយរបស់អ្នករាល់គ្នាទៅ ដ្បិតនាងមិនមែនជាភរិយារបស់យើងទៀតទេ ហើយយើងក៏មិនមែនជាប្ដីរបស់នាងទៀតដែរ! ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីពេស្យា ចេញពីមុខរបស់ខ្លួន ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីក្បត់ប្ដី ចេញពីដើមទ្រូងរបស់ខ្លួនទៅ! 3 បើមិនដូច្នោះទេ យើងនឹងយកសម្លៀកបំពាក់ចេញពីនាង ទុកឲ្យខ្លួននៅទទេ ដូចថ្ងៃដែលនាងទើបនឹងកើត យើងធ្វើឲ្យនាងប្រៀបបាននឹងវាលរហោស្ថាន។ យើងធ្វើឲ្យនាងក្លាយដូចជាដីហួតហែង យើងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។ 4 យើងនឹងមិនអាណិតអាសូរកូនរបស់នាងទេ ព្រោះកូនទាំងនេះសុទ្ធតែជាកូនដែលកើតពី អំពើពេស្យាចារ។ 5 ម្ដាយរបស់ពួកគេជាស្រីពេស្យា ស្រីដែលពរផ្ទៃពួកគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់ នាងពោលថា ខ្ញុំនឹងរត់តាមគូស្នេហ៍របស់ខ្ញុំ ព្រោះអ្នកទាំងនោះឲ្យខ្ញុំមានបាយទឹក រោមចៀម និងក្រណាត់ទេសឯក សម្រាប់បិទបាំងកាយ ព្រមទាំងប្រេង និងស្រាផង។ 6 ហេតុនេះហើយបានជាយើងយកបន្លា មកស្រះផ្លូវរបស់នាង យើងដាក់របងឃាំងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។ 7 នាងខំរត់តាមគូស្នេហ៍របស់នាង តែតាមពួកគេមិនទាន់ទេ នាងខំដើររកពួកគេ តែរកមិនឃើញឡើយ។ នាងក៏ពោលថា: បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញ ដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។ 8 នាងពុំបានយល់ថា គឺយើងឯណេះទេ ដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាង យើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរ តែនាង បែរជាយករបស់ទាំងនោះសែន ព្រះបាលទៅវិញ។ 9 ហេតុនេះបានជាយើងនឹងវិលមកយក ស្រូវរបស់យើងវិញ នៅរដូវចម្រូត យើងនឹងយកស្រាថ្មីរបស់យើងវិញ នៅរដូវបេះផ្លែទំពាំងបាយជូរ យើងក៏នឹងយករោមចៀម និងក្រណាត់ទេសឯក សម្រាប់បិទបាំងកាយនាងទៅវិញដែរ។ 10 ឥឡូវនេះ យើងបើកកេរខ្មាសនាង នៅចំពោះមុខគូស្នេហ៍របស់នាង គ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។ 11 យើងធ្វើឲ្យនាងបាត់បង់ ការសប្បាយទាំងប៉ុន្មាន ហើយពិធីបុណ្យនានា បុណ្យចូលខែថ្មី បុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មាន ក៏លែងមានទៀតដែរ។ 12 យើងនឹងបំផ្លាញចម្ការទំពាំងបាយជូរ និងចម្ការឧទុម្ពររបស់នាង ព្រោះនាងពោលថា ចម្ការទាំងនោះ ជាកម្រៃដែលគូស្នេហ៍បានប្រគល់ឲ្យ។ យើងធ្វើឲ្យចម្ការទាំងនោះក្លាយទៅជាព្រៃ ហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។ 13 យើងដាក់ទោសនាង តាមចំនួនថ្ងៃ ដែលនាងបានដុតគ្រឿងក្រអូបសែន ព្រះបាលទាំងឡាយ នាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែក រត់តាមគូស្នេហ៍របស់នាង។ រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 14 ហេតុនេះយើងនឹងទាក់ទាញចិត្តនាង ដោយនាំនាងទៅវាលរហោស្ថាន យើងនឹងនិយាយលួងលោមចិត្តនាង។ 15 ពេលនោះ យើងនឹងប្រគល់ចម្ការ ទំពាំងបាយជូរឲ្យនាងវិញ។ ជ្រលងភ្នំអាកោរ នឹងក្លាយទៅជាទ្វារ នាំនាងទៅរកសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានាងនៅពីក្មេង គឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។ 16 នៅថ្ងៃនោះ នាងនឹងហៅយើងថា “ស្វាមី” គឺនាងលែងហៅយើងថា “ព្រះម្ចាស់នាងខ្ញុំ!” ទៀតហើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 17 យើងនឹងឲ្យនាងលែងបញ្ចេញ ឈ្មោះព្រះបាលទាំងនោះទៀត គឺគេលែងរំឭកឈ្មោះទាំងនេះទៀតហើយ។ 18 នៅថ្ងៃនោះ យើងនឹងចងសម្ពន្ធមេត្រី ជាមួយសត្វព្រៃ បក្សាបក្សី និងសត្វលូនវារ ដើម្បីជាប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើង យើងនឹងកាច់បំបាក់ធ្នូ និងដាវ មិនឲ្យមានសង្គ្រាមក្នុងស្រុកទៀតទេ គឺយើងនឹងឲ្យពួកគេដេកយ៉ាងសុខស្រួល។ 19 យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ជាដរាបតរៀងទៅ យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ដោយសុចរិត និងយុត្តិធម៌ ដោយភក្ដីភាព និងអាណិតអាសូរ។ 20 យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ដោយចិត្តស្មោះស្ម័គ្រ ហើយនាងនឹងទទួលស្គាល់ព្រះអម្ចាស់។ 21 នៅថ្ងៃនោះ យើងនឹងឆ្លើយតប ពាក្យអង្វររបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងធ្វើឲ្យមេឃបង្អុរភ្លៀង យើងនឹងធ្វើឲ្យដីបង្កើតផល តាមសេចក្ដីត្រូវការ។ 22 ផែនដីនឹងធ្វើឲ្យមានស្រូវ ព្រមទាំងស្រាទំពាំងបាយជូរថ្មី និងប្រេង តាមសេចក្ដីត្រូវការរបស់វាលយេសរាល។ 23 យើងនឹងព្រោះពូជទុកសម្រាប់យើងនៅក្នុងស្រុក។ យើងនឹងស្រឡាញ់ឡូរូហាម៉ា យើងនឹងហៅឡូអាំមីថា “ប្រជារាស្ដ្ររបស់យើង” ហើយគេនឹងពោលមកយើងថា “ព្រះនៃទូលបង្គំ!”។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies