ព្រះអម្ចាស់គ្រងរាជ្យ1 ព្រះអម្ចាស់គ្រងរាជ្យ! ចូរឲ្យផែនដីបានរីករាយឡើង! ចូរឲ្យកោះទាំងឡាយមានអំណរសប្បាយ! 2 មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំវិញព្រះអង្គ ព្រះអង្គគ្រងរាជ្យដោយសុចរិតយុត្តិធម៌។ 3 មានភ្លើងឆេះនៅខាងមុខព្រះអង្គ បំផ្លាញខ្មាំងសត្រូវដែលនៅជុំវិញព្រះអង្គ។ 4 ផ្លេកបន្ទោររបស់ព្រះអង្គជះពន្លឺ មកលើពិភពលោក ផែនដីឃើញពន្លឺនេះ ហើយញាប់ញ័រជាខ្លាំង។ 5 ភ្នំនានារលាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចជាក្រមួនត្រូវថ្ងៃ គឺនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៃផែនដីទាំងមូល។ 6 ផ្ទៃមេឃប្រកាសអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ ហើយប្រជារាស្ត្រទាំងអស់ នឹងឃើញសិរីរុងរឿងរបស់ព្រះអង្គ។ 7 អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ ហើយអួតអាងក្នុងការគោរពបម្រើ ព្រះឥតបានការ នឹងត្រូវអាម៉ាស់!។ ព្រះទាំងឡាយអើយ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។ 8 ឱព្រះអម្ចាស់អើយ ពេលអ្នកក្រុងស៊ីយ៉ូនឮដំណឹងថា ព្រះអង្គវិនិច្ឆ័យទោសដូច្នេះ គេនឹងមានអំណររីករាយ ហើយអ្នកក្រុងនានានៅស្រុកយូដា ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ 9 ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេ ដែលជាព្រះដ៏ខ្ពង់ខ្ពស់ នៅលើផែនដីទាំងមូល ព្រះអង្គប្រសើរបំផុតលើសព្រះនានាទាំងអស់។ 10 អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយ ចូរស្អប់អំពើអាក្រក់! ព្រះអង្គនឹងថែរក្សាអាយុជីវិតអស់អ្នក ដែលស្មោះត្រង់នឹងព្រះអង្គ ព្រះអង្គដោះលែងគេឲ្យរួចពីកណ្ដាប់ដៃ របស់មនុស្សអាក្រក់។ 11 មានពន្លឺបំភ្លឺមនុស្សសុចរិត ហើយមនុស្សដែលមានចិត្តទៀងត្រង់ នឹងមានអំណរសប្បាយ។ 12 មនុស្សសុចរិតអើយ ចូរនាំគ្នាអរសប្បាយ ចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើ! ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ! |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies