ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!1 ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! មនុស្សនៅផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះអម្ចាស់! 2 ចូរច្រៀងថ្វាយព្រះអម្ចាស់ និងសរសើរតម្កើងព្រះនាមព្រះអង្គ ចូរប្រកាសជារៀងរាល់ថ្ងៃ អំពីការសង្គ្រោះរបស់ព្រះអង្គ។ 3 ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា អំពីសិរីរុងរឿងរបស់ព្រះអង្គ ហើយប្រកាសនៅក្នុងចំណោម ប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គ! 4 ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត ព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។ 5 ព្រះទាំងប៉ុន្មានរបស់សាសន៍នានា សុទ្ធតែឥតបានការអ្វីទាំងអស់ រីឯព្រះអម្ចាស់វិញ ព្រះអង្គបានបង្កើតផ្ទៃមេឃ។ 6 មានពន្លឺរស្មីចិញ្ចែងចិញ្ចាច ចាំងចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គ ព្រះដំណាក់របស់ព្រះអង្គពោរពេញ ទៅដោយឫទ្ធិបារមីដ៏ថ្កុំថ្កើងរុងរឿង។ 7 ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ហើយថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ។ 8 ចូរលើកតម្កើងសិរីរុងរឿង ព្រះនាមរបស់ព្រះអម្ចាស់! ចូរនាំគ្នាយកតង្វាយចូលមក ក្នុងព្រះវិហាររបស់ព្រះអង្គ! 9 ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ! មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គចុះ! 10 ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ ពិភពលោករឹងមាំឥតរង្គើសោះឡើយ។ ព្រះអម្ចាស់គ្រប់គ្រងលើប្រជារាស្ត្រនានា ដោយយុត្តិធម៌។ 11 ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ ឲ្យផែនដីបានរីករាយឡើង ហើយសមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង! 12 ចូរឲ្យស្រែចម្ការ និងអ្វីៗដែលស្ថិតនៅទីនោះ ត្រេកអរសប្បាយ ចូរឲ្យព្រៃព្រឹក្សាទាំងប៉ុន្មាន ស្រែកហ៊ោនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ 13 ដ្បិតព្រះអង្គយាងមកហើយ ព្រះអង្គយាងមកវិនិច្ឆ័យទោសផែនដី ព្រះអង្គវិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌ ព្រះអង្គវិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies