ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 56 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 56

ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «ព្រាប​ស្ងៀម​ស្ងាត់​នៅ​ស្រុក​ឆ្ងាយ»។ បទ​ចម្រៀង​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ជន‌ជាតិ​ភីលីស្ទីន​ចាប់​ព្រះអង្គ​នៅ​ក្រុង​កាដ។

1 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង ដ្បិត​មាន​មនុស្ស​លើក​គ្នា​វាយ​ប្រហារ​ទូលបង្គំ គេ​លើក​គ្នា​មក​ប្រយុទ្ធ និងបៀត‌បៀន​ទូលបង្គំ​ជា​រៀង​រាល់​ថ្ងៃ។

2 ជា​រៀង​រាល់​ថ្ងៃ បច្ចា‌មិត្ត​របស់​ទូលបង្គំ នាំ​គ្នា​ដេញ​វាយ​ប្រហារ​ទូលបង្គំ ពួក​គេ​វាយ​ឫក​ខ្ពស់ ហើយ​គេ​មាន​គ្នា​ច្រើន មក​ប្រយុទ្ធ​នឹង​ទូលបង្គំ។

3 ឱ​ព្រះ‌ជាម្ចាស់​អើយ! នៅ​ថ្ងៃ​ទូលបង្គំ​ភ័យ​ខ្លាច ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។

4 ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?

5 ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​ជេរ​ប្រមាថ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់ គេ​តែង​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ​ជានិច្ច។

6 គេ​ឃុប‌ឃិត​គ្នា​ចាំ​ឃ្លាំ​មើល និង​តាម​ដាន​ខ្ញុំ ដើម្បី​រក​ឱកាស​សម្លាប់​ខ្ញុំ។

7 ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់ ដែល​ពួក​គេ​ប្រព្រឹត្ត សូម​ទ្រង់​សម្តែង​ព្រះ‌ពិរោធ បង្ក្រាប​ប្រជា‌ជន​ទាំង​នោះ។

8 ព្រះអង្គ​ជ្រាប​ច្បាស់​ថា ទូលបង្គំ​រង​ទុក្ខ​យ៉ាង​ណា សូម​ត្រង​ទឹក​ភ្នែក​ទូលបង្គំ​ទុក ព្រះអង្គ​បាន​រាប់​តំណក់​ទឹក​ភ្នែក ទាំង​នោះ​ក្នុង​បញ្ជី​ស្រាប់​ហើយ។

9 នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​មុខ​ជា​ដក​ខ្លួន​ថយ ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះ‌ជាម្ចាស់​ទ្រង់​គង់​នៅ​ខាង​ខ្ញុំ។

10 ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

11 ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ អាច​ធ្វើ​អ្វី​ខ្ញុំ​បាន?

12 ឱ​ព្រះ‌ជាម្ចាស់​អើយ! ទូលបង្គំ​ត្រូវ​តែ​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​ទូលបង្គំ​បាន​បន់‌ស្រន់​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ​ព្រះអង្គ។

13 ដ្បិត​ព្រះអង្គ​បាន​រំដោះទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់ ជើង​ទូលបង្គំ​នឹង​មិន​ត្រូវ​ជំពប់​ដួល​ឡើយ ហើយ​ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ក្រោម​ពន្លឺ​ដែល​បំភ្លឺ​មនុស្ស​លោក។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies