1 ឱព្រះជាម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង សូមកាន់ក្ដីទូលបង្គំតទល់នឹងមនុស្សទមិឡ! សូមរំដោះទូលបង្គំឲ្យរួចផុត ពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។ 2 ព្រះជាម្ចាស់នៃទូលបង្គំអើយ ព្រះអង្គជាព្រះការពារទូលបង្គំ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ? 3 សូមប្រទានពន្លឺ និងសេចក្ដីពិតរបស់ព្រះអង្គ មកដឹកនាំទូលបង្គំឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធ* របស់ព្រះអង្គ ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ! 4 ពេលនោះ ឱព្រះជាម្ចាស់អើយ ទូលបង្គំនឹងទៅជិតអាសនៈរបស់ព្រះអង្គ ទូលបង្គំនឹងទៅជិតព្រះជាម្ចាស់ដែលជាប្រភព នៃអំណរដ៏លើសលុបរបស់ទូលបង្គំ។ ឱព្រះជាម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយសំឡេងពិណ! 5 ខ្ញុំនិយាយមកខ្លួនឯងថា «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!» ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គសង្គ្រោះខ្ញុំ ហើយព្រះអង្គជាព្រះនៃខ្ញុំ ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies