ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ចោទិយ‌កថា 33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ចោទិយ‌កថា 33

លោក​ម៉ូសេ​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល

1 មុន​ពេល​ទទួល​មរណ‌ភាព លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖

2 «ព្រះ‌អម្ចាស់​យាង​មក​ពី​ភ្នំ​ស៊ីណៃ ព្រះអង្គ​ក្រោក​ឡើង​ពី​ភ្នំ​សៀរ ដូច​ថ្ងៃ​រះ ព្រះអង្គ​បំភ្លឺ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពី​ភ្នំ​ប៉ារ៉ាន ព្រះអង្គ​យាង​មក​ជា​មួយ​ទេវតា* យ៉ាង​ច្រើន​អនេក‌អនន្ត ព្រះអង្គ​កាន់​ក្រឹត្យ‌វិន័យ​ដែល​មាន​ពន្លឺ​ដូច​ភ្លើង មក​ប្រគល់​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។

3 ព្រះអង្គ​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​រក្សា​ប្រជា‌ជន​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ពួក​គេ​ក្រាប​នៅ​ទៀប​ព្រះ‌បាទា ដើម្បី​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។

4 ក្រឹត្យ‌វិន័យ​ដែល​លោក​ម៉ូសេ​ប្រគល់​ឲ្យ​ពួក​យើង ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​កូន​ចៅ​លោក​យ៉ាកុប។

5 នៅ​ពេល​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យេស៊ូ‌រូន និង​កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ជួប‌ជុំ​គ្នា ពួក​គេ​ទទួល​ស្គាល់​ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​របស់​ពួក​គេ។

6 សូម​ឲ្យ​រូបេន​មាន​ជីវិត ឥត​ស្លាប់​ឡើយ ហើយ​ឲ្យ​គេ​កើន​ចំនួន​ច្រើន​ឡើង!។

7 ចំណែក​ឯ​កុល‌សម្ព័ន្ធ​យូដា​វិញ លោក​ថ្លែង​ថា: ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​យូដា សូម​នាំ​គេ​ឲ្យ​ជា​នា​នឹង​បងប្អូន​របស់​ខ្លួន​វិញ សូម​ឲ្យ​គេ​ជួយ​ការពារ​បងប្អូន​របស់​ខ្លួន ហើយ​សូម​ព្រះអង្គ​ជួយ​យូដា ក្នុង​ពេល​តទល់​នឹង​ខ្មាំង​សត្រូវ។

8 ចំពោះ​កុល‌សម្ព័ន្ធ​លេវី លោក​ថ្លែង​ថា: ព្រះអង្គ​បាន​ប្រគល់​ធូមីម និង​យូរីម* ទៅ​ឲ្យ​កូន​ចៅ​លេវី ជា​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ បន្ទាប់​ពី​ព្រះអង្គ​បាន​ល្បង‌ល​ពួក​គេ​នៅ​ម៉ាសា ព្រម​ទាំង​វិនិច្ឆ័យ​ទោស​ពួក​គេ​នៅ​មេរី‌បា។

9 ពួក​លេវី​ស្រឡាញ់​ព្រះអង្គ​ជាង​ឪពុក‌ម្ដាយ បងប្អូន និង​កូន​ចៅ​របស់​ខ្លួន​ទៅ​ទៀត ដ្បិត​ពួក​គេ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ។

10 ពួក​គេ​បង្រៀន​វិន័យ​របស់​ព្រះអង្គ ដល់​កូន​ចៅ​លោក​យ៉ាកុប ពួក​គេ​បង្រៀន​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ដល់​កូន​ចៅ​អ៊ីស្រា‌អែល ពួក​គេ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះអង្គ ហើយ​ថ្វាយ​តង្វាយ​ទាំង​មូល​នៅ​លើ​អាសនៈ របស់​ព្រះអង្គ។

11 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​ពួក​គេ​មាន​កម្លាំង សូម​ប្រទាន​ពរ​ដល់​អ្វីៗ​ដែល​ពួក​គេ​ធ្វើ។ សូម​បំបាក់​ចង្កេះ​អស់​អ្នក​ប្រឆាំង​នឹង​ពួក​គេ សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ពួក​គេ ត្រូវ​បរា‌ជ័យ ងើប​លែង​រួច!។

12 ចំពោះ​កូន​ចៅ​បេន‌យ៉ាមីន លោក​ថ្លែង​ថា: ព្រះ‌អម្ចាស់​ស្រឡាញ់​បេន‌យ៉ាមីន​ណាស់ គេ​នៅ​ជា​មួយ​ព្រះអង្គ​យ៉ាង​កក់​ក្ដៅ ព្រះ‌អម្ចាស់​ការពារ​គេ​ជានិច្ច ហើយ​ព្រះអង្គ​គង់​នៅ​ជា​មួយ​គេ។

13 ចំពោះ​កូន​ចៅ​លោក​យ៉ូសែប លោក​ម៉ូសេ​ថ្លែង​ថា: ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ស្រុក​របស់​គេ ភ្លៀង និង​សន្សើម​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​ទឹក​ក៏​ផុស​ចេញ​ពី​ក្នុង​ដី​មក ស្រោច​ស្រព​ទឹក​ដី​របស់​គេ​យ៉ាង​បរិបូណ៌។

14 កម្ដៅ​ថ្ងៃ​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង បង្កើត​ភោគ‌ផល​យ៉ាង​ច្រើន​រៀង​រាល់​ខែ។

15 ស្រុក​របស់​គេ​មាន​ភ្នំ​ជុំ​ជិត ធ្វើ​ឲ្យ​ដី​មាន​ជី‌ជាតិ​ល្អ​គ្រប់​ពេល​វេលា។

16 ទឹក​ដី​របស់​គេ​សម្បូណ៌​ទៅ​ដោយ ភោគ​ទ្រព្យ​ធម្ម‌ជាតិ។ សូម​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​គុម្ពោត សន្ដោស​ដល់​កូន​ចៅ​យ៉ូសែប ដែល​ជា​មេ​ដឹក​នាំ​បងប្អូន​របស់​ខ្លួន។

17 កុល‌សម្ព័ន្ធ​យ៉ូសែប​ប្រៀប​ដូច​ជា​គោ​បា ដែល​មាន​កម្លាំង និង​ភាព​ថ្កុំ‌ថ្កើង អំណាច​របស់​គេ​ខ្លាំង‌ក្លា​ដូច​ស្នែង​ក្របី ដែល​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយ ហើយ​រុញ​ច្រាន​ជាតិ​សាសន៍​ទាំង​នោះ រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ ស្នែង​ម្ខាង គឺ​អេប្រាអ៊ីម ដែល​មាន​គ្នា​ច្រើន​អនេក‌អនន្ត ស្នែង​ម្ខាង​ទៀត គឺ​ម៉ាណា‌សេ ដែល​មាន​គ្នា​ច្រើន​ឥត​គណនា។

18 ចំពោះ​កូន​ចៅ​សាប់យូ‌ឡូន លោក​ថ្លែង​ថា: សាប់យូ‌ឡូន​អើយ ចូរ​សប្បាយ​រីក‌រាយ នៅ​ពេល​អ្នក​ចេញ​ទៅ​ច្បាំង! រីឯ​អ៊ីសា‌ខារ​វិញ ចូរ​សប្បាយ​រីក‌រាយ​នៅ​ក្នុង​ជំរំ​របស់​អ្នក!

19 ពួក​គេ​ប្រមូល​ជាតិ​សាសន៍​នានា​នៅ​លើ​ភ្នំ នៅ​ទី​នោះ ពួក​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដ៏​សុចរិត ដ្បិត​ពួក​គេ​ទទួល​ភោគ‌ផល​ដ៏​បរិបូណ៌​ពី​សមុទ្រ ព្រម​ទាំង​កំណប់​ដែល​ស្ថិត​នៅ​ក្នុង​ខ្សាច់។

20 ចំពោះ​កូន​ចៅ​កាដ លោក​ថ្លែង​ថា: សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ប្រទាន ឲ្យ​កាដ​មាន​ទឹក​ដី​ទូលំ‌ទូលាយ! កាដ​សម្ងំ​ដូច​សិង្ហ​ញី​សម្ងំ​ចាំ​ចាប់​រំពា ដោយ​ហែក​ពី​ចុង​ជើង​រហូត​ដល់​ក្បាល។

21 កាដ​ចាប់​យក​ដី​មួយ​ចំណែក​ដ៏​ល្អ​នៅ​ក្នុង​ស្រុក ជា​ចំណែក​សម្រាប់​មេ​ដឹក​នាំ កាដ​ដើរ​នៅ​មុខ​ប្រជា‌ជន គេ​បាន​សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះ‌អម្ចាស់ ហើយ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រា‌អែល តាម​វិន័យ​របស់​ព្រះអង្គ។

22 ចំពោះ​កូន​ចៅ​ដាន់ លោក​ថ្លែង​ថា: ដាន់​ប្រៀប​បាន​នឹង​សិង្ហ​ស្ទាវ ដែល​លោត​សង្គ្រុប​ទៅ​លើ​ស្រុក​បាសាន។

23 ចំពោះ​កូន​ចៅ​ណែប‌ថាលី លោក​ថ្លែង​ថា: ណែប‌ថាលី​ទទួល​ការ​សន្ដោស និង​ព្រះ‌ពរ​ដ៏​លើស‌លុប​ពី​ព្រះ‌អម្ចាស់ ដូច្នេះ ឲ្យ​គេ​វាត​ទឹក​ដី​ទៅ​ទិស​ខាង​លិច និង​ទិស​ខាង​ត្បូង​ចុះ!។

24 ចំពោះ​កូន​ចៅ​អេ‌ស៊ើរ លោក​ថ្លែង​ថា: សូម​ឲ្យ​អេ‌ស៊ើរ​បាន​ទទួល​ពរ​នៅ​ក្នុង​ចំណោម កូន​ចៅ​លោក​យ៉ាកុប! សូម​ឲ្យ​បងប្អូន​អាណិត​ស្រឡាញ់​គេ ហើយ​សូម​ឲ្យ​គេ​មាន​ប្រេង​ដ៏​សម្បូណ៌​ហូរ‌ហៀរ។

25 រនុក​ទ្វារ​ធ្វើ​អំពី​ដែក និង​លង្ហិន ផ្ដល់​សន្តិ‌សុខ​ឲ្យ​អេ‌ស៊ើរ សូម​ឲ្យ​កម្លាំង​របស់​គេ​នៅ​ស្ថិត‌ស្ថេរ ដូច​អាយុ​ជីវិត​របស់​គេ​ដែរ!។

26 យេស៊ូ‌រូន​អើយ គ្មាន​ព្រះ​ណា​អាច​ផ្ទឹម​ស្មើ នឹង​ព្រះ​របស់​អ្នក​ឡើយ ព្រះអង្គ​យាង​កាត់​ផ្ទៃ​មេឃ មក​សង្គ្រោះ​អ្នក ដោយ​គង់​យ៉ាង​រុងរឿង​នៅ​លើ​ពពក*។

27 ព្រះអង្គ​ជា​ជម្រក​របស់​អ្នក តាំង​ពី​ដើម​រៀង​មក ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ទ្រ​អ្នក​ជានិច្ច ព្រះអង្គ​ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​មុខ​អ្នក ហើយ​បញ្ជា​ឲ្យ​អ្នក​ប្រល័យ​ពួក​គេ។

28 អ៊ីស្រា‌អែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត កូន​ចៅ​របស់​លោក​យ៉ាកុប​ស្ថិត​នៅ​ដាច់​ពី​គេ នៅ​ក្នុង​ស្រុក​ដែល​សម្បូណ៌​ទៅ​ដោយ ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី ព្រម​ទាំង​មាន​សន្សើម ធ្លាក់​ពី​លើ​មេឃ​យ៉ាង​បរិបូណ៌។

29 អ៊ីស្រា‌អែល​អើយ អ្នក​មាន​សុភមង្គល​ហើយ គ្មាន​ជាតិ​សាសន៍​ណា​ដែល​ព្រះ‌អម្ចាស់​សង្គ្រោះ ដូច​ព្រះអង្គ​សង្គ្រោះ​អ្នក​ឡើយ ព្រះអង្គ​ជា​ខែល​ការពារ​អ្នក និង​ជា​ដាវ ដែល​ផ្ដល់​ឲ្យ​អ្នក​មាន​ជ័យ‌ជម្នះ។ ខ្មាំង​សត្រូវ​បរា‌ជ័យ​នៅ​ចំពោះ​មុខ​អ្នក ហើយ​អ្នក​នឹង​ជាន់​កម្ទេច​ទីសក្ការៈ​របស់​ពួក​គេ ដែល​នៅ​តាម​ទួល​ខ្ពស់ៗ»។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies