1 ក្រោយការទាំងនោះមក ព្រះទ្រង់ល្បងអ័ប្រាហាំ ដោយមានបន្ទូលហៅគាត់ថា អ័ប្រាហាំអើយ គាត់ក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ 2 រួចទ្រង់មានបន្ទូលថា ចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវ នាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាដង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ។ 3 អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម ចាត់ចែងចងកែបលាខ្លួន ហើយពុះឱសសំរាប់ដង្វាយដុត រួចនាំយកបាវ២នាក់ នឹងអ៊ីសាកជាកូនទៅជាមួយ ក៏ដើរដំរង់ទៅឯកន្លែងដែលព្រះមានបន្ទូលប្រាប់នោះ 4 លុះដើរបាន៣ថ្ងៃហើយ នោះគាត់ងើបភ្នែកឡើង មើលទៅ ឃើញកន្លែងនោះពីចំងាយ 5 រួចប្រាប់ទៅបាវថា ចូរឯងនៅទីនេះសិនមើលលាផង អញនឹងទៅឯណោះថ្វាយបង្គំជាមួយនឹងកូនអញ រួចសឹមមកឯឯងវិញ 6 នោះគាត់ចាប់យកឱសដែលសំរាប់ដង្វាយដុតដាក់ឲ្យអ៊ីសាកជាកូនលី ហើយគាត់យកភ្លើង នឹងកាំបិតកាន់នៅដៃ បណ្តើរគ្នាទៅ 7 អ៊ីសាកនិយាយនឹងឪពុកថា លោកឪពុកអើយ គាត់ក៏ឆ្លើយថា អីកូន រួចវានិយាយថា នេះមានភ្លើងនឹងឱសហើយ តែកូនចៀមសំរាប់ដង្វាយដុតតើនៅឯណា 8 អ័ប្រាហាំឆ្លើយថា កូនអើយ កូនចៀមដែលសំរាប់ជាដង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ ដូច្នេះក៏នាំគ្នាទៅទៀត។ 9 លុះដល់កន្លែងដែលព្រះបានមានបន្ទូលប្រាប់គាត់ហើយ នោះអ័ប្រាហាំក៏ស្អាងអាសនា១នៅទីនោះ រួចដំរៀបឧស ហើយចងអ៊ីសាកជាកូនដាក់លើឱសនៅលើអាសនា 10 គាត់លូកដៃទៅចាប់យកកាំបិតមកប្រុងនឹងសំឡាប់កូន 11 តែទេវតានៃព្រះយេហូវ៉ាមានបន្ទូលពីលើមេឃហៅគាត់ថា អ័ប្រាហាំៗអើយ នោះគាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ 12 រួចទ្រង់មានបន្ទូលថា កុំឲ្យលូកដៃទៅលើកូនក្មេងនោះឡើយ កុំឲ្យធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែ១នេះនឹងអញសោះ 13 នោះអ័ប្រាហាំគាត់ងើបភ្នែកឡើងឃើញចៀមឈ្មោល១ជាប់ស្នែងនៅព្រៃខាងក្រោយខ្លួន រួចក៏ទៅយកចៀមឈ្មោលនោះ មកថ្វាយជាដង្វាយដុត ជំនួសកូនខ្លួនវិញ 14 អ័ប្រាហាំហៅកន្លែងនោះថា «យេហូវ៉ា-យីរេ» ដូចជាគេក៏និយាយដរាបដល់សព្វថ្ងៃនេះដែរ ថានៅភ្នំនៃព្រះយេហូវ៉ា គឺទ្រង់នឹងផ្គត់ផ្គង់ឲ្យ។ 15 ទេវតានៃព្រះយេហូវ៉ាទ្រង់ក៏ហៅពីលើមេឃមកអ័ប្រាហាំម្តងទៀត 16 ទ្រង់មានបន្ទូលថា អញបានស្បថដោយនាមរបស់អញ ព្រោះឯងបានធ្វើដូច្នេះ គឺដែលមិនបានសំចៃទុកនូវកូនឯងតែ១នេះ 17 នោះអញនឹងឲ្យពរដល់ឯង ហើយនឹងចំរើនពូជឯងឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ពូជឯងនឹងបានគ្រប់គ្រងលើទ្វារក្រុងនៃពួកខ្មាំងសត្រូវ 18 គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង ពីព្រោះឯងបានស្តាប់តាមពាក្យអញ 19 នោះអ័ប្រាហាំក៏វិលទៅឯបាវវិញ ហើយគេក្រោកឡើងដើរជាមួយគ្នាទៅឯបៀរ-សេបាទៅ ក៏អាស្រ័យនៅត្រង់បៀរ-សេបានោះ។ 20 ក្រោយការទាំងនោះមក មានគេមកប្រាប់អ័ប្រាហាំថា មើល នាងមីលកាក៏បានបង្កើតកូនឲ្យណាឃរប្អូនលោកដែរ 21 គឺអ៊ូសជាកូនច្បងគាត់ ហើយប៊ូសជាប្អូន នឹងកេមូអែលដែលជាឪពុកអើរ៉ាម 22 ហើយកេសែឌ ហាសូរ ពីលដាស យីតឡាប នឹងបេធូអែល 23 ឯបេធូអែលបានបង្កើតរេបិកា គឺកូនទាំង៨នាក់នោះ ដែលមីលកាបានបង្កើតឲ្យណាឃរជាប្អូនអ័ប្រាហាំ 24 ចំណែកប្រពន្ធចុងរបស់គាត់ដែលឈ្មោះរេយូម៉ា នាងបង្កើតបានធេបា កាហាំ ថាហាស នឹងម្អាកា។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia