1 ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ តើស្ងួនសំឡាញ់របស់នាងបានទៅឯណា ដើម្បីឲ្យយើងស្វែងរកទ្រង់ជាមួយនឹងនាងផង តើស្ងួនសំឡាញ់របស់នាងបានបែរទៅខាងណា។ 2 ៙ ស្ងួនសំឡាញ់របស់ខ្ញុំបានចុះទៅឯសួនច្បាររបស់ទ្រង់ គឺទៅឯទីដាំគ្រឿងក្រអូប ដើម្បីឃ្វាលសត្វនៅក្នុងសួនច្បារ ហើយនឹងបេះផ្កាកំភ្លឹង 3 ខ្ញុំជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំ ហើយទ្រង់ ជារបស់ផងខ្ញុំដែរ ទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង។ 4 ៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អដូចក្រុងធើសា ហើយស្រស់ប្រិមប្រិយដូចជាក្រុងយេរូសាឡិម ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផង 5 ចូរបែរភ្នែកចេញពីអញទៅ ដ្បិតភ្នែកឯងឈ្នះអញហើយ សក់របស់ឯងប្រៀបដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំកាឡាត 6 ធ្មេញឯងដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម រួចឡើងមកពីការលាងជំរះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ 7 តើកឯងដែលបាំងដោយស្បៃ នោះមើលទៅដូចជាផ្លែទទឹម១ចំហៀង 8 មានពួកភរិយា៦០នាក់ នឹងអ្នកម្នាង៨០នាក់ ក៏មានស្រីក្រមុំៗឥតគណនា 9 ប៉ុន្តែមានតែ១ទេ ដែលជាព្រាប ជាអ្នកបរិសុទ្ធរបស់អញ នាងជាកូនពន្លករបស់ម្តាយ ជាកូនសំឡាញ់ របស់អ្នកដែលបង្កើតនាងមក ពួកកូនស្រីទាំងឡាយបានឃើញនាង ហើយក៏ហៅថាជាអ្នកមានពរ អើ ព្រមទាំងពួកភរិយានឹងពួកអ្នកម្នាង ក៏សរសើរនាងដែរ។ 10 ៙ តើនាងណានុ៎ះ ដែលលេចចេញមកដូចជាអរុណរះ ស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផងដូច្នេះ។ 11 ៙ ខ្ញុំបានចុះទៅឯចំការឈើមានផ្លែគ្រាប់ ដើម្បីមើលកូនឈើខៀវខ្ចីដែលដុះនៅក្នុងច្រកភ្នំ ហើយឲ្យដឹងបើទំពាំងបាយជូរប៉ិចឡើងឬនៅ ហើយបើទទឹមមានផ្កាផង 12 រីឯមុនដែលខ្ញុំដឹងខ្លួន នោះចិត្តបាននាំខ្ញុំ ទៅដាក់នៅក្នុងព្រះរាជរថនៃសាសន៍ដ៏សទ្ធារបស់ខ្ញុំ។ 13 ៙ សូមវិលមក វិលមកវិញ ឱនាងសាសន៍ស៊ូឡាមអើយ សូមត្រឡប់មក ត្រឡប់មកចុះ ដើម្បីឲ្យយើងខ្ញុំ បានមើលនាងផង។ ៙ តើអ្នករាល់គ្នាចង់មើលនាងសាសន៍ស៊ូឡាមធ្វើអី តើដូចជាមើលការរាំរបស់ពួករបាំ២ពួកឬ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia