បទចម្រៀងសាឡូម៉ូន 7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឱនាង ជាអ្នកមានត្រកូលខ្ពស់អើយ ជើងនាងល្អណាស់ហ្ន៎ ដោយពាក់ស្បែកជើងដូច្នេះ ត្រគាកដែលរៀវក្លំរបស់នាងដូចជាត្បូង ជាស្នាដៃនៃជាងឆ្នៃយ៉ាងជំនាញ 2 ផ្ចិតនាងរាងដូចជាកែវក្រពុំ ដែលឥតខ្វះស្រាទំពាំងបាយជូរលាយណាឡើយ ពោះនាងប្រៀបដូចជាគំនរស្រូវសាលី មានផ្កាកំភ្លឹងដោតជុំវិញ 3 ដោះនាងទាំង២ដូចជាកូនក្តាន់២ ដែលជាកូនភ្លោះរបស់មេ១ 4 កនាងប្រៀបដូចជាប៉មធ្វើពីភ្លុក ភ្នែកនាងដូចស្រះទឹកនៅក្រុងហែសបូន ដែលនៅជិតទ្វារបាត-រ៉ាប៊ីម ច្រមុះនាងដូចជាប៉មល្បាណូន ដែលបែរទៅខាងដាម៉ាស 5 ក្បាលដែលនៅលើខ្លួននាងដូចជាភ្នំកើមែល សក់ក្បាលនាងមើលទៅដូចជាពណ៌ស្វាយ ស្តេចទ្រង់ជាប់ចិត្តដោយដុំសក់នោះ។ 6 ៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អ ហើយប្រិមប្រិយ គួររីករាយណាស់ហ្ន៎ 7 កំពស់ឯងដូចជាដើមលម៉ើ ហើយដោះឯងដូចជាចង្កោមផ្លែលម៉ើ 8 អញបានថា អញនឹងឡើងដើមនោះ អញនឹងចាប់ធាងតោងឡើង សូមឲ្យដោះឯងបានដូចជាចង្កោមទំពាំងបាយជូរ ហើយក្លិនខ្យល់ដង្ហើមឯងបានដូចជាផ្លែសារី 9 នឹងមាត់ឯងក្រអូបដូចជាស្រាទំពាំងបាយជូរយ៉ាងឯក ដែលហូរចុះទៅដោយស្រួល សំរាប់មាសសំឡាញ់អញ ក៏ធ្វើឲ្យបបូរមាត់មនុស្សដេកលក់បាននិយាយឡើង។ 10 ៙ ខ្ញុំម្ចាស់ជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំ ហើយទ្រង់មានសេចក្ដីប៉ងប្រាថ្នាចំពោះរូបខ្ញុំម្ចាស់ 11 ឱស្ងួនសំឡាញ់អើយ សូមមក យើងនឹងចេញទៅឯវាល សូមឲ្យយើងស្នាក់នៅតាមភូមិគេ 12 យើងនឹងឡើងទៅឯចំការទំពាំងបាយជូរពីព្រលឹម សូមឲ្យយើងទៅមើលបើទំពាំងបាយជូរបានប៉ិចឡើង ឬមានផ្កាហើយឬនៅ ហើយបើដើមទទឹមកំពុងផ្កាឬទេ នៅទីនោះខ្ញុំម្ចាស់នឹងប្រគល់សេចក្ដីស្រឡាញ់ថ្វាយទ្រង់ 13 ផ្លែស្នេហ៍ផ្សាយក្លិនក្រអូបសុសសាយទៅ ឱស្ងួនសំឡាញ់ខ្ញុំម្ចាស់អើយ នៅមាត់ទ្វាផ្ទះយើងមានផលយ៉ាងវិសេសគ្រប់មុខ ទាំងថ្មីនឹងចាស់ផង ដែលខ្ញុំម្ចាស់បានប្រមូលទុក សំរាប់ទ្រង់។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia