ប៉ែកទី៤សេចក្ដីអធិស្ឋានរបស់ម៉ូសេ ជាអ្នកសំណប់របស់ព្រះ។ 1 ឱព្រះអម្ចាស់អើយ ទ្រង់បានធ្វើជាទីអាស្រ័យនៅនៃយើងខ្ញុំ នៅអស់ទាំងដំណតមក 2 គឺមុនដែលអស់ទាំងភ្នំបានកើតឡើង ក្នុងកាលដែលទ្រង់មិនទាន់បង្កើតផែនដី នឹងមនុស្សលោកនៅឡើយ ចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច នោះគឺទ្រង់ហើយជាព្រះ 3 ទ្រង់ធ្វើឲ្យមនុស្សត្រឡប់ទៅជាធូលីដីវិញ ដោយបន្ទូលថា អស់ទាំងមនុស្សជាតិអើយ ចូរត្រឡប់វិលទៅវិញចុះ 4 ដ្បិតនៅព្រះនេត្រទ្រង់ នោះ១ពាន់ឆ្នាំរាប់ដូចជាថ្ងៃម្សិល ដែលកន្លងហួសទៅហើយ ក៏ដូចជាយាម១ក្នុងវេលាយប់ប៉ុណ្ណោះ 5 ទ្រង់កៀរយកគេទៅ ដូចជាទឹកជន់ ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះ នៅពេលព្រឹកគេធៀបដូចជាស្មៅដែលលាស់ឡើង 6 គឺនៅពេលព្រឹកវារីកផ្កា ហើយលាស់ឡើង ដល់ល្ងាចគេត្រូវច្រូតកាត់ទៅ ហើយក៏ក្រៀមស្វិតវិញ 7 ដ្បិតយើងខ្ញុំត្រូវវិនាសទៅដោយសេចក្ដីខ្ញាល់របស់ទ្រង់ ហើយសេចក្ដីក្រោធរបស់ទ្រង់ក៏បំភ័យយើងខ្ញុំ 8 ទ្រង់បានដាក់អស់ទាំងអំពើទុច្ចរិត របស់យើងខ្ញុំនៅចំពោះទ្រង់ ព្រមទាំងអំពើបាបដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់ផង 9 ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំបានកន្លងបាត់ទៅ ដោយសេចក្ដីក្រោធនៃទ្រង់ យើងខ្ញុំបង្ហើយអាយុយើងខ្ញុំដូចជាសូរថ្ងូរ 10 កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាក នឹងសេចក្ដីទុក្ខព្រួយទទេ ដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់ 11 តើមានអ្នកណាដែលស្គាល់អំណាចនៃសេចក្ដីខ្ញាល់ នឹងសេចក្ដីក្រោធរបស់ទ្រង់ តាមដែលគួរកោតខ្លាចដល់ទ្រង់នោះ 12 ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា 13 ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ តើដល់កាលណាទៅ សូមសំរាលព្រះហឫទ័យ ចំពោះពួកអ្នកបំរើទ្រង់ផង 14 ឱសូមចំអែតយើងខ្ញុំ ដោយសេចក្ដីសប្បុរសនៃទ្រង់ នៅពេលព្រឹក ដើម្បីឲ្យយើងខ្ញុំបានរីករាយឡើង ហើយមានសេចក្ដីអំណររហូតដល់អស់១ជីវិត 15 សូមឲ្យយើងខ្ញុំបានថ្ងៃអរសប្បាយ ឲ្យស្មើនឹងថ្ងៃ ដែលទ្រង់បានធ្វើទុក្ខដល់យើងខ្ញុំហើយ គឺឲ្យស្មើនឹងអស់ទាំងឆ្នាំ ដែលយើងខ្ញុំទ្រាំរង សេចក្ដីអាក្រក់នោះ 16 សូមឲ្យកិច្ចការរបស់ទ្រង់សំដែងមកច្បាស់ ដល់ពួកអ្នកបំរើទ្រង់ ហើយឲ្យឃើញសិរីល្អនៃទ្រង់ស្ថិតលើកូនចៅគេផង 17 សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ បានសណ្ឋិតលើយើងខ្ញុំ ហើយតាំងការនៃដៃយើងខ្ញុំ ឲ្យខ្ជាប់ខ្ជួនឡើង អើ សូមតាំងការនៃដៃយើងខ្ញុំឲ្យស្ថិតស្ថេរចុះ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia