ទំនុកតម្កើង 91 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 អ្នកណាដែលនៅជាប់ក្នុងទីកំបាំង នៃព្រះដ៏ខ្ពស់បំផុត នោះនឹងបានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា។ 2 ឯទូលបង្គំ នឹងពោលពីព្រះយេហូវ៉ាថា ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។ 3 ៙ ពិតប្រាកដជាទ្រង់នឹងជួយឲ្យឯងរួច ពីលប់របស់នាយព្រាន ហើយពីសេចក្ដីវេទនាដែលនាំឲ្យអន្តរាយ 4 ទ្រង់នឹងក្រុងឯងដោយស្លាបទ្រង់ ហើយឯងនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់ សេចក្ដីពិតរបស់ទ្រង់ជាខែល ហើយជាអាវក្រោះ 5 ឯងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះទាំងសេចក្ដីស្ញែងខ្លាចនៅពេលយប់ ឬព្រួញដែលហើរនៅពេលថ្ងៃ 6 ឬសេចក្ដីវេទនាដែលតែងមាននៅក្នុងទីងងឹត ឬសេចក្ដីហិនវិនាសដែលបំផ្លាញនៅពេលថ្ងៃត្រង់ផង 7 នឹងមានមនុស្ស១ពាន់នាក់ដួលស្លាប់នៅក្បែរឯង ហើយ១ម៉ឺននាក់នៅខាងដៃស្តាំឯងដែរ តែសេចក្ដីនោះនឹងមិនមកជិតឯងឡើយ 8 ឯងនឹងបានក្រឡេកឃើញការតបស្នង ដល់ពួកមនុស្សអាក្រក់ ដោយភ្នែកតែប៉ុណ្ណោះទេ 9 ពីព្រោះឯងបានថា ព្រះយេហូវ៉ាជាទីពឹងជ្រកនៃឯង គឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់ឯង 10 យ៉ាងនោះ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើង ដល់ឯងឡើយ ក៏គ្មានវេទនាណាមកជិតទីលំនៅរបស់ឯងដែរ 11 ដ្បិតទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ ពីដំណើរឯង ឲ្យបានថែរក្សាឯង ក្នុងគ្រប់ទាំងផ្លូវរបស់ឯង 12 ទេវតាទាំងនោះនឹងទ្រឯងដោយដៃ ក្រែងជើងឯងទង្គិចនឹងថ្ម 13 ឯងនឹងជាន់លើទាំងសត្វសិង្ហ នឹងពស់ហនុមានផង ឯសិង្ហស្ទាវ នឹងនាគ នោះឯងនឹងអាចជាន់ឈ្លីដោយជើងបាន។ 14 ៙ ដោយព្រោះវាបានយកអញជាទីស្រឡាញ់ នោះអញនឹងជួយឲ្យរួច អញនឹងតាំងឡើងយ៉ាងខ្ពស់ ពីព្រោះវាបានស្គាល់ឈ្មោះអញ 15 វានឹងអំពាវនាវដល់អញ ហើយអញនឹងឆ្លើយតប អញនឹងនៅជាមួយនឹងវាក្នុងគ្រាទុក្ខលំបាក ក៏នឹងដោះឲ្យរួចចេញ ហើយនឹងលើកមុខឲ្យ 16 អញនឹងឲ្យវាស្កប់ចិត្តដោយអាយុយឺនវែង ហើយនឹងបង្ហាញឲ្យឃើញសេចក្ដីសង្គ្រោះរបស់អញ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia