ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង នៅវេលាដែលដូអេក ជាសាសន៍អេដំម មកទូលស្តេចសូលថា ដាវីឌបានចូលទៅក្នុងផ្ទះអ័ហ៊ីម៉ាលេក ជាសេចក្ដីបង្រៀន។ 1 ឱមនុស្សខ្លាំងពូកែអើយ ហេតុអ្វីបានជាអួតខ្លួនពីអំពើអាក្រក់ដូច្នេះ សេចក្ដីសប្បុរសនៃព្រះស្ថិតស្ថេរនៅជាដរាប 2 ឯអណ្តាតឯង នោះបង្កើតសេចក្ដីអាក្រក់ ទាំងប្រព្រឹត្តឧបាយឆបោក ដូចជាកាំបិតកោរយ៉ាងមុត 3 ឯងស្រឡាញ់សេចក្ដីអាក្រក់ជាជាងសេចក្ដីល្អ នឹងការភូតភរជាជាងការសុចរិត។ –បង្អង់ 4 ៙ ឱអណ្តាតកំភូតអើយ ឯងស្រឡាញ់គ្រប់អស់ទាំង ពាក្យដែលនាំឲ្យវិនាសបង់ 5 ព្រះទ្រង់នឹងបំផ្លាញឯងអស់កល្បជានិច្ច គឺទ្រង់នឹងចាប់យកឯងទៅ នឹងកន្ត្រាក់ឯងចេញពីទីលំនៅ ហើយរំលើងឯងផុតពីស្ថានរបស់មនុស្សរស់ចេញ។ –បង្អង់ 6 ៙ មនុស្សសុចរិតនឹងឃើញដែរ ហើយនឹងកោតខ្លាច គេនឹងសើចឡកឲ្យ ដោយពាក្យថា 7 មើល នេះនែបុរសដែលមិនបានយកព្រះជាទីពឹង គឺបានទុកចិត្តនឹងទ្រព្យសម្បត្តិខ្លួនដ៏មានជាបរិបូរ ហើយបានចំរើនកំឡាំង ដោយការអាក្រក់របស់ខ្លួន 8 ឯខ្ញុំវិញ ខ្ញុំដូចជាដើមអូលីវខៀវខ្ចីនៅក្នុងដំណាក់ព្រះ ខ្ញុំទុកចិត្តនឹងសេចក្ដីសប្បុរសនៃព្រះជានិច្ច 9 ទូលបង្គំនឹងសរសើរដល់ទ្រង់ជាដរាប ដោយព្រោះទ្រង់បានសំរេចការនោះ ហើយទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមទ្រង់ ដ្បិតព្រះនាមទ្រង់ល្អវិសេស នៅចំពោះពួកអ្នកបរិសុទ្ធរបស់ទ្រង់។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia