ទំនុកតម្កើង 53 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកជាសេចក្ដីបង្រៀនរបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង ត្រូវលេងដោយខ្លុយ។ 1 មនុស្សល្ងង់ខ្លៅបានគិតក្នុងចិត្តថា គ្មានព្រះឡើយ គេសុទ្ធតែជាមនុស្សខូចអាក្រក់ ហើយបានប្រព្រឹត្តការទុច្ចរិតគួរស្អប់ខ្ពើម ឥតមានអ្នកណាមួយដែលប្រព្រឹត្តល្អសោះ 2 ព្រះទ្រង់បានទតមើលពីលើស្ថានសួគ៌ ចំពោះពួកកូនមនុស្ស ដើម្បីឲ្យបានជ្រាបថា មានអ្នកណាខ្លះដែលមានគំនិត គឺដែលស្វែងរកព្រះឬទេ 3 គ្រប់គ្នាបានវង្វេងចេញ បានត្រឡប់ទៅជា ស្មោកគ្រោកទាំងអស់ គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង 4 ឯអស់អ្នកដែលប្រព្រឹត្តទុច្ចរិតដូច្នេះ តើគ្មានប្រាជ្ញាទេឬ ជាពួកអ្នកដែលស៊ីរាស្ត្រអញ ដូចជាស៊ីអាហារ ហើយមិនដែលអំពាវនាវដល់ព្រះឡើយ 5 យ៉ាងនោះ គេមានសេចក្ដីភ័យជាខ្លាំង នៅកន្លែងដែល ឥតមានហេតុគួរឲ្យភ័យផង ដ្បិតព្រះទ្រង់បានកំចាត់កំចាយឆ្អឹង របស់ពួកអ្នកដែល បោះទ័ពទាស់នឹងឯង ឯងបានធ្វើឲ្យគេអៀនខ្មាស ដោយព្រោះព្រះបាន លះចោលគេហើយ 6 ឱបើសិនជាសេចក្ដីសង្គ្រោះនៃសាសន៍អ៊ីស្រាអែល បានចេញពីស៊ីយ៉ូនមកទៅអេះ កាលណាព្រះទ្រង់នាំពួកឈ្លើយនៃរាស្ត្រទ្រង់មកវិញ នោះយ៉ាកុបនឹងអរសប្បាយឡើង ហើយអ៊ីស្រាអែលនឹងរីករាយសាទរ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia