ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ ធីម៉ូថេ 3 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
២ ធីម៉ូថេ 3

ទុក្ខលំបាកនៃគ្រាចុងក្រោយ

1 ចូរ​អ្នក​ដឹង​ការនេះ​ថា នៅ​ថ្ងៃចុងបញ្ចប់ នឹង​មាន​គ្រា​លំបាក​មកដល់​។

2 ដ្បិត​មនុស្ស​នឹង​ទៅជា​អ្នក​ស្រឡាញ់ខ្លួនឯង អ្នក​ស្រឡាញ់លុយ មនុស្សអួតបំប៉ោង មនុស្សក្រអឺតក្រទម មនុស្សប្រមាថព្រះ មនុស្ស​មិនស្ដាប់បង្គាប់​ឪពុកម្ដាយ មនុស្ស​អកតញ្ញូ មនុស្ស​មិនវិសុទ្ធ

3 មនុស្ស​គ្មានមនោសញ្ចេតនា មនុស្ស​គ្មានអធ្យាស្រ័យ មនុស្ស​ចោទប្រកាន់ដោយព្យាបាទ មនុស្ស​មិនចេះគ្រប់គ្រងចិត្ត មនុស្ស​ឃោរឃៅ មនុស្ស​មិនស្រឡាញ់ការល្អ

4 មនុស្សក្បត់ មនុស្ស​តក់ក្រហល់ មនុស្ស​មានចិត្តធំ មនុស្ស​ស្រឡាញ់ការសប្បាយ​ជាជាង​ស្រឡាញ់ព្រះ

5 មាន​បែបផែន​នៃ​ការគោរពព្រះ ប៉ុន្តែ​បដិសេធ​អំណាច​នៃ​ការគោរពព្រះ​វិញ​។ ដូច្នេះ ចូរ​ចៀសវាង​ពី​មនុស្ស​បែបនេះ​ចុះ​។

6 ដ្បិត​ក្នុងចំណោម​ពួកគេ មាន​អ្នក​ដែល​លបចូល​ទៅក្នុង​ផ្ទះ​នានា ហើយ​ទាក់យក​ស្ត្រីល្ងង់ខ្លៅ​ដែល​ពេញ​ដោយ​បាប ដែល​ត្រូវបាន​នាំទៅតាម​តណ្ហា​ផ្សេងៗ​។

7 ពួកគេ​តែងតែ​រៀន​ជានិច្ច ប៉ុន្តែ​មិន​អាច​ទៅ​ដល់​ចំណេះដឹង​នៃ​សេចក្ដីពិត​បាន​ឡើយ​។

8 ដូចដែល​យ៉ានេស និង​យ៉ាមប្រេស​បាន​តតាំង​នឹង​ម៉ូសេ​យ៉ាងណា អ្នកទាំងនោះ​ក៏​តែងតែ​តតាំង​នឹង​សេចក្ដីពិត​យ៉ាងនោះដែរ​។ ពួកគេជា​មនុស្ស​ដែល​មាន​គំនិត​ខូច ហើយ​ធ្លាក់ចេញពីការពិសោធ​ខាងឯ​ជំនឿ​។

9 ប៉ុន្តែ​ពួកគេ​មិន​អាច​ទៅមុខបានឆ្ងាយ​ឡើយ ដ្បិត​ភាពលេលា​របស់​ពួកគេ​នឹង​ត្រូវបាន​លាតត្រដាង​ដល់​មនុស្ស​ទាំងអស់ ដូចដែល​បាន​កើតឡើង​ដល់​អ្នកទាំងពីរនោះ​ដែរ​។

ព្រះគម្ពីរទាំងមូល គឺសុទ្ធតែការបើកសម្ដែងពីព្រះ

10 រីឯ​អ្នក​វិញ អ្នក​បាន​ដើរតាម​សេចក្ដីបង្រៀន របៀបរស់នៅ គោលបំណង ជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ និង​ការស៊ូទ្រាំ​របស់ខ្ញុំ

11 ព្រមទាំង​ការបៀតបៀន និង​ទុក្ខលំបាក​ដែល​កើតឡើង​ដល់​ខ្ញុំ​នៅ​អាន់ទីយ៉ូក នៅ​អ៊ីកូនាម និង​នៅ​លីស្ត្រា​។ ខ្ញុំ​បាន​ស៊ូទ្រាំ​នឹង​ការបៀតបៀន​ដ៏ខ្លាំង​យ៉ាងណា​! ព្រះអម្ចាស់​បាន​ស្រោចស្រង់​ខ្ញុំ​ពី​ការ​ទាំងអស់​នេះ​។

12 ជាការពិត អស់អ្នក​ដែល​ចង់​រស់នៅ​ដោយ​គោរពព្រះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នឹង​ត្រូវបាន​បៀតបៀន​ដែរ

13 រីឯ​មនុស្ស​អាក្រក់ និង​មនុស្សបោកប្រាស់​នឹង​បាន​កាន់តែអាក្រក់ទៅៗ ទាំង​បោក​គេ និង​ចាញ់បោក​ផង​។

14 រីឯ​អ្នក​វិញ ចូរ​ស្ថិតនៅ​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន និង​បាន​ជឿជាក់ ពីព្រោះ​អ្នក​ដឹង​ថា​ខ្លួនអ្នក​បាន​រៀន​ពី​អ្នកណា

15 ព្រមទាំង​ដឹង​ថា អ្នក​បាន​ស្គាល់​ព្រះគម្ពីរ​ដ៏វិសុទ្ធ​តាំងពី​ក្មេង​មកម្ល៉េះ​។ ព្រះគម្ពីរ​អាច​ធ្វើឲ្យ​អ្នក​មានប្រាជ្ញា ដែល​នាំទៅដល់​សេចក្ដីសង្គ្រោះ តាមរយៈ​ជំនឿ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។

16 ព្រះគម្ពីរ​ទាំងមូល គឺ​សុទ្ធតែ​ការបើកសម្ដែងពីព្រះ ហើយ​មានប្រយោជន៍​សម្រាប់​ការបង្រៀន ការស្ដីប្រដៅ ការកែតម្រង់ និង​ការបង្ហាត់​ក្នុង​សេចក្ដីសុចរិត

17 ដើម្បីឲ្យ​មនុស្ស​របស់​ព្រះ​បាន​គ្រប់លក្ខណ៍ ទាំង​ត្រៀមបានពេញលេញ​សម្រាប់​ការល្អ​គ្រប់យ៉ាង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative