ពាក្យជម្រាបសួរ1 ពីខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ ជូនចំពោះក្រុមជំនុំអ្នកថែស្សាឡូនីច ដែលនៅក្នុងព្រះដែលជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ 2 សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា! រង្វាន់ពីព្រះអម្ចាស់3 បងប្អូនអើយ យើងត្រូវតែអរព្រះគុណជានិច្ចដល់ព្រះ អំពីអ្នករាល់គ្នា ដ្បិតដែលធ្វើដូច្នេះជាការស័ក្ដិសម ពីព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នាម្នាក់ៗចំពោះគ្នាទៅវិញទៅមក ក៏កំពុងចម្រើនឡើងដែរ។ 4 ដូច្នេះ ខ្លួនយើងផ្ទាល់អួតអំពីអ្នករាល់គ្នានៅក្នុងបណ្ដាក្រុមជំនុំរបស់ព្រះ ដោយព្រោះការស៊ូទ្រាំ និងជំនឿរបស់អ្នករាល់គ្នា ក្នុងការបៀតបៀនគ្រប់បែបយ៉ាង និងទុក្ខវេទនាដែលអ្នករាល់គ្នាកំពុងស៊ូទ្រាំ។ 5 ការទាំងអស់នេះជាភស្តុតាងនៃការជំនុំជម្រះដ៏សុចរិតយុត្តិធម៌របស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានចាត់ទុកថាស័ក្ដិសមនឹងអាណាចក្ររបស់ព្រះ ដែលអ្នករាល់គ្នាក៏កំពុងរងទុក្ខសម្រាប់អាណាចក្រនេះឯង។ 6 ដ្បិតជាសេចក្ដីសុចរិតយុត្តិធម៌សម្រាប់ព្រះ ដែលសងទុក្ខវេទនាដល់ពួកដែលធ្វើទុក្ខអ្នករាល់គ្នា 7 ហើយសងសេចក្ដីសម្រាកដល់អ្នករាល់គ្នាដែលរងទុក្ខ និងដល់យើងដែរ នៅពេលព្រះអម្ចាស់យេស៊ូវត្រូវបានសម្ដែងឲ្យឃើញពីលើមេឃ ជាមួយបណ្ដាទូតសួគ៌នៃព្រះចេស្ដារបស់ព្រះអង្គ 8 នៅក្នុងភ្លើងសន្ធោសន្ធៅ ទាំងដាក់ទោសសងសឹកអ្នកដែលមិនស្គាល់ព្រះ និងអ្នកដែលមិនស្ដាប់បង្គាប់ដំណឹងល្អរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង។ 9 ពួកគេនឹងទទួលទោស គឺសេចក្ដីវិនាសដ៏អស់កល្បជានិច្ច ដោយឃ្លាតឆ្ងាយពីព្រះភក្ត្ររបស់ព្រះអម្ចាស់ និងពីសិរីរុងរឿងនៃឫទ្ធានុភាពរបស់ព្រះអង្គ 10 នៅថ្ងៃនោះដែលព្រះអង្គយាងមកដើម្បីត្រូវបានលើកតម្កើងសិរីរុងរឿងពីវិសុទ្ធជនរបស់ព្រះអង្គ និងដើម្បីត្រូវបានស្ងើចពីអស់អ្នកដែលជឿ——ដ្បិតទីបន្ទាល់របស់យើងដល់អ្នករាល់គ្នាត្រូវបានជឿហើយ។ 11 ដោយហេតុនេះ យើងក៏តែងតែអធិស្ឋានសម្រាប់អ្នករាល់គ្នាជានិច្ចដែរ ឲ្យព្រះនៃយើងបានរាប់ថាអ្នករាល់គ្នាស័ក្ដិសមនឹងការត្រាស់ហៅរបស់ព្រះអង្គ ហើយបានបំពេញឲ្យសម្រេចនូវគ្រប់ទាំងបំណងដ៏ល្អ និងកិច្ចការនៃជំនឿ ដោយព្រះចេស្ដា 12 ដើម្បីឲ្យព្រះនាមរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង ត្រូវបានលើកតម្កើងសិរីរុងរឿងដោយសារតែអ្នករាល់គ្នា ហើយដោយសារតែព្រះអង្គ អ្នករាល់គ្នាក៏ត្រូវបានលើកតម្កើងសិរីរុងរឿងដែរ ស្របតាមព្រះគុណរបស់ព្រះនៃយើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ៕ |