ពាក្យជំរុញទឹកចិត្តទៅកាន់ពួកចាស់ទុំ1 ដូច្នេះ ខ្ញុំ ដែលជាចាស់ទុំដូចគ្នា និងជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ ព្រមទាំងជាអ្នកមានចំណែកក្នុងសិរីរុងរឿងដែលរៀបនឹងត្រូវបានសម្ដែង ខ្ញុំសូមជំរុញទឹកចិត្តពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា 2 ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅក្នុងចំណោមអ្នករាល់គ្នា ទាំងយកចិត្តទុកដាក់ស្របតាមបំណងព្រះហឫទ័យរបស់ព្រះ មិនមែនដោយត្រូវគេបង្ខំទេ គឺដោយស្ម័គ្រចិត្តវិញ ហើយក៏មិនមែនដោយលោភចង់បានកម្រៃទុច្ចរិតដែរ គឺដោយចិត្តឆេះឆួលវិញ 3 ក៏មិនមែនដោយជិះជាន់លើអ្នកដែលត្រូវបានប្រទានមកឲ្យអ្នករាល់គ្នាមើលថែនោះទេ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ហ្វូងចៀម។ 4 ធ្វើដូច្នេះ កាលណាមេអ្នកគង្វាលលេចមក អ្នករាល់គ្នានឹងទទួលមកុដនៃសិរីរុងរឿងដែលមិនចេះរលាយបាត់។ 5 ដូចគ្នាដែរ អ្នករាល់គ្នាដែលនៅក្មេងអើយ ចូរចុះចូលនឹងពួកចាស់ទុំចុះ។ អ្នកទាំងអស់គ្នាត្រូវបំពាក់ខ្លួនដោយការបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ដ្បិត “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។ 6 ដូច្នេះ ចូរបន្ទាបខ្លួននៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានលើកតម្កើងអ្នករាល់គ្នានៅពេលកំណត់។ 7 ចូរទម្លាក់គ្រប់ទាំងកង្វល់របស់អ្នករាល់គ្នាលើព្រះ ដ្បិតព្រះអង្គខ្វល់ព្រះហឫទ័យនឹងអ្នករាល់គ្នា។ សរុបសេចក្ដី8 ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។ 9 ចូរតតាំងនឹងវាដោយជំនឿដ៏រឹងមាំ ដ្បិតអ្នករាល់គ្នាដឹងហើយថា បងប្អូនរបស់អ្នករាល់គ្នាក៏រងទុក្ខលំបាកដូចគ្នានៅជុំវិញពិភពលោកដែរ។ 10 ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈហើយ ព្រះនៃព្រះគុណគ្រប់យ៉ាងដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៏អស់កល្បជានិច្ចរបស់ព្រះអង្គក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះអង្គផ្ទាល់នឹងប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ ទាំងពង្រឹង ប្រទានកម្លាំង ហើយតាំងអ្នករាល់គ្នាឡើង។ 11 សូមឲ្យមានព្រះចេស្ដាដល់ព្រះអង្គជារៀងរហូត! អាម៉ែន។ 12 ខ្ញុំបានសរសេរដោយសង្ខេប តាមរយៈស៊ីលវ៉ានដែលខ្ញុំចាត់ទុកជាបងប្អូនដ៏ស្មោះត្រង់ ដើម្បីជំរុញទឹកចិត្តអ្នករាល់គ្នា និងធ្វើបន្ទាល់ថា នេះជាព្រះគុណដ៏ពិតប្រាកដរបស់ព្រះ។ ដូច្នេះ ចូរឈរមាំក្នុងព្រះគុណនេះចុះ។ 13 លោកស្រីដែលនៅបាប៊ីឡូន ដែលត្រូវបានជ្រើសរើសជាមួយអ្នករាល់គ្នា ព្រមទាំងម៉ាកុសកូនប្រុសរបស់ខ្ញុំ ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ 14 ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដែលមកពីសេចក្ដីស្រឡាញ់។ សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នកទាំងអស់គ្នាដែលនៅក្នុងព្រះគ្រីស្ទ!៕៚ |