ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ ពេត្រុស 3 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
១ ពេត្រុស 3

ប្រពន្ធ និងប្ដី

1 ដូចគ្នាដែរ ប្រពន្ធ​រាល់គ្នា​អើយ ចូរ​ចុះចូល​នឹង​ប្ដី​របស់ខ្លួន​។ ធ្វើដូច្នេះ ទោះបីជា​មាន​ប្ដី​ខ្លះ​មិនព្រមជឿ​ព្រះបន្ទូល​ក៏ដោយ ក៏​ពួកគេ​នឹង​ត្រូវ​ឈ្នះបានមកវិញ​តាមរយៈ​កិរិយា​របស់​ប្រពន្ធ ដោយមិនបាច់មាន​ពាក្យសម្ដី​អ្វី​ឡើយ

2 ពីព្រោះ​ពួកគេ​នឹង​ឃើញ​កិរិយា​ដ៏បរិសុទ្ធ និង​ការកោតខ្លាច​របស់អ្នករាល់គ្នា​។

3 កុំ​ឲ្យ​អ្នករាល់គ្នា​តុបតែងខ្លួន​បែប​ខាងក្រៅ ដោយ​ការក្រង​សក់ ដោយ​ការពាក់​មាស ‍ឬ​ដោយ​ការស្លៀក​សម្លៀកបំពាក់​ផ្សេងៗ​ឡើយ

4 ផ្ទុយទៅវិញ ចូរតុបតែង​បុគ្គល​ខាងក្នុង​នៃ​ចិត្ត​ដោយ​អ្វី​ដែលមិនចេះសាបសូន្យ គឺ​វិញ្ញាណ​បន្ទាបខ្លួន និង​ស្រគត់ស្រគំ ដែល​មានតម្លៃ​នៅចំពោះ​ព្រះ​។

5 ដ្បិត​កាលពីដើម ពួក​ស្ត្រី​ដ៏វិសុទ្ធ​ដែល​សង្ឃឹម​លើ​ព្រះ ក៏​បាន​តែងខ្លួន​យ៉ាងដូច្នោះ​ដែរ ទាំង​ចុះចូល​នឹង​ប្ដី​របស់ខ្លួន

6 ដូច​សារ៉ា​ដែល​ស្ដាប់បង្គាប់​អ័ប្រាហាំ ទាំង​ហៅ​លោក​ថា​លោកម្ចាស់​ទៀតផង​។ ប្រសិនបើ​អ្នករាល់គ្នា​ធ្វើល្អ​ដោយ​មិន​ភ័យខ្លាច​ចំពោះ​សេចក្ដីគំរាមកំហែង​ណាមួយ នោះ​អ្នករាល់គ្នា​បានជា​កូន​របស់​សារ៉ា​ដែរ​។

7 ដូចគ្នាដែរ ប្ដី​រាល់គ្នា​អើយ ចូរ​រស់នៅជាមួយ​ប្រពន្ធ​ដោយ​ការយោគយល់ ទាំង​គោរព​ស្ត្រី​ក្នុងនាម​នាង​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង ពីព្រោះពួកនាងជា​អ្នករួមទទួលមរតក​ជា​ព្រះគុណ​នៃ​ជីវិត​។ ធ្វើដូច្នេះ ការអធិស្ឋាន​របស់អ្នករាល់គ្នា​នឹង​មិន​ត្រូវ​រារាំង​ឡើយ​។

កុំធ្វើអាក្រក់

8 ជាទីបញ្ចប់ ចូរឲ្យ​គ្រប់គ្នា​មាន​ចិត្តគំនិតតែមួយ អាណិតអាសូរគ្នាទៅវិញទៅមក ស្រឡាញ់គ្នាជាបងប្អូន មេត្តាករុណា និង​មានចិត្តបន្ទាបខ្លួន​។

9 កុំ​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់ ឬ​តបសង​នឹង​ការត្មះតិះដៀល​ដោយ​ការត្មះតិះដៀល​ឡើយ ផ្ទុយទៅវិញ ចូរ​ឲ្យពរ ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ​ឯង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ទទួល​ព្រះពរ​ជាមរតក​។

10 ជាការពិត “អ្នក​ដែល​មានបំណងចង់​ស្រឡាញ់​ជីវិត និង​មានបំណងចង់​ឃើញ​គ្រា​ដ៏ល្អ អ្នកនោះ​ត្រូវ​ទប់​អណ្ដាត​ពី​ការនិយាយ​អាក្រក់ ព្រមទាំង​ទប់​បបូរមាត់​កុំឲ្យ​និយាយ​ពាក្យបោកប្រាស់​ឡើយ​។

11 ចូរ​បែរចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការល្អ​វិញ ចូរ​ស្វែងរក​សន្តិភាព ហើយ​ដេញតាម​វា​;

12 ដ្បិត​ព្រះនេត្រ​របស់​ព្រះអម្ចាស់​នៅលើ​មនុស្ស​សុចរិត ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៅនឹង​សេចក្ដីអធិស្ឋាន​របស់​ពួកគេ ប៉ុន្តែ​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់​ទាស់នឹង​មនុស្ស​ដែល​ប្រព្រឹត្ត​ការ​អាក្រក់”។

រងទុក្ខដោយអយុត្តិធម៌

13 ប្រសិនបើ​អ្នករាល់គ្នា​ជា​អ្នកស៊ប់​ខាង​ការល្អ តើ​នរណា​នឹង​ធ្វើបាប​អ្នករាល់គ្នា​?

14 ប៉ុន្តែ​ទោះបីជា​អ្នករាល់គ្នា​ត្រូវ​រងទុក្ខ​ដោយសារតែ​សេចក្ដីសុចរិត​ក៏ដោយ ក៏​អ្នករាល់គ្នា​មានពរ​ហើយ​។កុំ​ខ្លាច​អ្វីដែល​គេ​ភ័យខ្លាច​នោះ​ឡើយ ហើយក៏កុំ​មានអំពល់​ដែរ

15 ផ្ទុយទៅវិញ ចូរ​អ្នករាល់គ្នា​តម្កើង​ព្រះ​គ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់​ទុក​ជា​វិសុទ្ធ​នៅក្នុង​ចិត្ត​របស់អ្នករាល់គ្នា ទាំង​ត្រៀមជាស្រេច​ជានិច្ច​ដើម្បី​ឆ្លើយការពារ នឹង​អ្នកណាក៏ដោយដែល​ទាមទារ​ហេតុផល​អំពី​សេចក្ដីសង្ឃឹម​ដែល​ស្ថិត​នៅក្នុង​អ្នករាល់គ្នា​។

16 យ៉ាងណាមិញ ចូរឆ្លើយ​ដោយ​សុភាពរាបសា និង​ដោយ​ការកោតខ្លាច ទាំង​រក្សា​សតិសម្បជញ្ញៈ​ត្រឹមត្រូវ ដើម្បី​កាលណា​អ្នករាល់គ្នា​ត្រូវគេ​មួលបង្កាច់ ពួក​អ្នក​ដែល​ត្មះតិះដៀល​កិរិយា​ល្អ​របស់អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រីស្ទ បាន​អាម៉ាស់មុខ​វិញ​។

17 ជាការពិត ប្រសិនបើ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ ការ​រងទុក្ខ​ដោយសារ​ធ្វើល្អ ប្រសើរ​ជាង​ការ​រងទុក្ខ​ដោយសារ​ធ្វើអាក្រក់​។

18 ដ្បិត​ព្រះ​គ្រីស្ទ​បាន​រងទុក្ខ​ម្ដង​ដើម្បី​ប្រោសលោះ​បាប គឺ​អ្នក​សុចរិត​បាន​ជំនួស​អ្នក​ទុច្ចរិត ដើម្បីឲ្យ​ព្រះអង្គ​នាំ​អ្នករាល់គ្នា​ទៅ​ឯ​ព្រះ​។ ព្រះគ្រីស្ទ​ត្រូវគេ​ធ្វើគុត​ខាងសាច់ឈាម ប៉ុន្តែ​មានព្រះជន្ម​រស់ឡើងវិញ​ខាងវិញ្ញាណ​។

19 ក្នុង​សភាពនោះ ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ដល់​បណ្ដា​វិញ្ញាណ​ដែល​ជាប់ឃុំឃាំង

20 គឺ​បណ្ដាវិញ្ញាណ​ដែល​មិនព្រមជឿ​កាលពីមុន នៅ​សម័យ​ណូអេ ខណៈដែល​ទូកធំ​កំពុង​ត្រូវបាន​សាងសង់ ហើយ​ព្រះ​កំពុង​ទន្ទឹងរង់ចាំ​ដោយ​ការអត់ធ្មត់​។ នៅក្នុង​ទូកនោះ មាន​មនុស្ស​តែបន្តិច​ទេ​ដែល​រួចជីវិត​ដោយ​ឆ្លងកាត់​ទឹក គឺ​មាន​តែ​ប្រាំបី​នាក់​ប៉ុណ្ណោះ​។

21 ទឹកនោះ ជា​រូបតំណាង​នៃ​ពិធីជ្រមុជទឹក​ដែល​សង្គ្រោះ​អ្នករាល់គ្នា​ឥឡូវនេះ​ដែរ​។ នេះ​មិនមែន​ជា​ការលាងសម្អាត​ភាពស្មោកគ្រោក​ចេញពី​រូបកាយ​នោះ​ទេ គឺ​ជា​ការទូលសុំ​ដល់​ព្រះ​នូវ​សតិសម្បជញ្ញៈ​ត្រឹមត្រូវ តាមរយៈ​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។

22 ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ឡើងទៅ​លើមេឃ ហើយ​គង់នៅ​ខាងស្ដាំ​ព្រះ ដែល​បណ្ដា​ទូតសួគ៌ សិទ្ធិអំណាច និង​ឫទ្ធិអំណាច​ចុះចូល​នឹង​ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative