ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ ពេត្រុស 1 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
១ ពេត្រុស 1

ពាក្យជម្រាបសួរ

1 ពី​ខ្ញុំ ពេត្រុស ដែលជា​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជូនចំពោះ​ពួក​អ្នក​ដែល​ត្រូវបានជ្រើសតាំង ជា​ជនរស់នៅបណ្ដោះអាសន្ន​ដែលត្រូវបាន​កម្ចាត់កម្ចាយ​ទៅ​ប៉ុនតុស កាឡាទី កាប៉ាដូគា អាស៊ី និង​ប៊ីធូនា

2 ជាពួកអ្នកដែលត្រូវបានជ្រើសតាំង​ស្របតាម​ការជ្រាបជាមុន​របស់​ព្រះដែលជាព្រះបិតា ដោយ​ការញែកជាវិសុទ្ធ​របស់​ព្រះវិញ្ញាណ ដែល​នាំទៅរក​ការស្ដាប់បង្គាប់ និង​ការប្រោះ​ព្រះលោហិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ត្រូវបាន​បង្កើន​ដល់​អ្នករាល់គ្នា​!

សេចក្ដីសង្ឃឹមដ៏រស់

3 ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​កើតជាថ្មី​ទៅក្នុង​សេចក្ដីសង្ឃឹម​ដ៏​រស់ ស្របតាម​សេចក្ដីមេត្តា​ដ៏លើសលប់​របស់​ព្រះអង្គ តាមរយៈ​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពីចំណោម​មនុស្សស្លាប់

4 ដើម្បីឲ្យ​យើងបានទទួល​មរតក​ដែលមិនចេះសាបសូន្យ ឥតសៅហ្មង និង​មិនចេះរលាយបាត់ ដែល​មាន​រក្សាទុក​នៅ​ស្ថានសួគ៌​សម្រាប់​អ្នករាល់គ្នា​។

5 អ្នករាល់គ្នា​ត្រូវបាន​ការពារ​ដោយ​ព្រះចេស្ដា​របស់​ព្រះ តាមរយៈ​ជំនឿ សម្រាប់​សេចក្ដីសង្គ្រោះ​ដែលត្រូវបាន​រៀបចំជាស្រេច​ដើម្បី​សម្ដែងឲ្យឃើញ​នៅ​គ្រា​ចុងបញ្ចប់​។

6 ដោយហេតុនេះ អ្នករាល់គ្នា​ក៏​ត្រេកអរយ៉ាងខ្លាំង ទោះបីជា​ឥឡូវនេះ អ្នករាល់គ្នា​ត្រូវតែ​ព្រួយចិត្ត​មួយរយៈ ដោយសារតែ​ការសាកល្បង​ផ្សេងៗ​ក៏ដោយ

7 ដើម្បីឲ្យ​ជំនឿ​ដែលត្រូវបានពិសោធ​របស់អ្នករាល់គ្នា (​ជា​ជំនឿ​ដែលមានតម្លៃជាង​មាស​ដែល​រមែងតែងតែ​សាបសូន្យ ទោះបីជា​ត្រូវ​ពិសោធ​ដោយ​ភ្លើង​ក៏ដោយ​) ត្រូវបាន​ចាត់ទុកថា​សមនឹង​ការសរសើរ សិរីរុងរឿង និង​កិត្តិយស នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សម្ដែងឲ្យឃើញ​។

8 ទោះបីជា​អ្នករាល់គ្នា​មិន​បាន​ឃើញ​ព្រះអង្គ​ក៏ដោយ ក៏​អ្នករាល់គ្នា​ស្រឡាញ់​ព្រះអង្គ​; ទោះបីជា​អ្នករាល់គ្នា​មើលមិនឃើញ​ព្រះអង្គ​នៅ​ឥឡូវនេះ​ក៏ដោយ ក៏​អ្នករាល់គ្នា​នៅតែ​ជឿលើ​ព្រះអង្គ ហើយ​ត្រេកអរយ៉ាងខ្លាំង​ដោយ​អំណរ​ដ៏រុងរឿង​ដែល​រកពាក្យថ្លែងពុំបាន

9 ដ្បិត​អ្នករាល់គ្នា​កំពុងតែ​ទទួល​លទ្ធផល​នៃ​ជំនឿ​របស់អ្នករាល់គ្នា គឺ​សេចក្ដីសង្គ្រោះ​ដល់​ព្រលឹង​របស់អ្នករាល់គ្នា​។

10 ចំពោះ‍សេចក្ដីសង្គ្រោះ​នេះ បណ្ដា​ព្យាការី​ដែល​ព្យាករ​អំពី​ព្រះគុណ​ដែល​អ្នករាល់គ្នា​បាន​ទទួល ពួកគេ​បាន​ស្វែងរក និង​ស្រាវជ្រាវយ៉ាងល្អិតល្អន់

11 គឺ​បាន​ស្រាវជ្រាវ​ថា អ្វីដែល​ព្រះវិញ្ញាណ​របស់​ព្រះ​គ្រីស្ទ​ដែល​ស្ថិត​នៅក្នុង​ពួកគេ​បាន​បញ្ជាក់ ដោយ​ថ្លែងទុកមុន​អំពី​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ និង​សិរីរុងរឿង​ដែល​មកតាមក្រោយ​នោះ តើ​សំដៅលើ​ពេលណា ‍ឬ​ស្ថានភាព​បែបណា​។

12 មាន​បើកសម្ដែង​ដល់​ពួកគេ​ថា ការដែល​ពួកគេ​បម្រើ​នោះ មិនមែន​សម្រាប់​ខ្លួនពួកគេ​ទេ គឺ​សម្រាប់​អ្នករាល់គ្នា​វិញ​។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះ​ត្រូវបាន​ប្រកាស​ដល់​អ្នករាល់គ្នា តាមរយៈ​ពួក​អ្នក​ដែល​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ត្រូវបាន​ចាត់ឲ្យមក​ពី​លើមេឃ ហើយ​បណ្ដា​ទូតសួគ៌​ក៏​ប្រាថ្នាចង់​សង្កេតមើល​ការទាំងនោះ​ដែរ​។

រស់នៅយ៉ាងវិសុទ្ធ

13 ដូច្នេះ ចូរ​ត្រៀម​គំនិត​របស់អ្នករាល់គ្នា ចូរ​មានគំនិតមធ្យ័ត ចូរ​សង្ឃឹម​ទាំងស្រុង​លើ​ព្រះគុណ​ដែល​កំពុង​ត្រូវបាន​នាំមក​ឯ​អ្នករាល់គ្នា នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សម្ដែងឲ្យឃើញ​។

14 ក្នុងនាមជា​កូន​នៃ​ការស្ដាប់បង្គាប់ កុំ​ត្រាប់តាម​តណ្ហា​នៃ​ភាពអវិជ្ជា​ពីមុន​របស់អ្នករាល់គ្នា​ឡើយ

15 ផ្ទុយទៅវិញ ដូចដែល​ព្រះអង្គ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ទ្រង់​វិសុទ្ធ​យ៉ាងណា អ្នករាល់គ្នា​ក៏​ត្រូវតែ​បាន​វិសុទ្ធ​ក្នុង​គ្រប់ទាំង​កិរិយា​យ៉ាងនោះដែរ

16 ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“ចូរឲ្យ​អ្នករាល់គ្នា​បាន​វិសុទ្ធ ពីព្រោះ​យើង​វិសុទ្ធ”។

17 ដោយ​អ្នករាល់គ្នា​ហៅ​ព្រះអង្គនោះ​ដែល​ជំនុំជម្រះ​តាម​ការប្រព្រឹត្ត​របស់​ម្នាក់ៗ​ដោយ​ឥតលំអៀង ថា​ព្រះ​បិតា ដូច្នេះ​ចូរ​រស់នៅ​ដោយ​ការកោតខ្លាច ក្នុង​ពេល​ដែល​អ្នករាល់គ្នា​ជា​ជនរស់នៅបណ្ដោះអាសន្ន​ចុះ

18 ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា អ្នករាល់គ្នា​ត្រូវបាន​ប្រោសលោះ​ពី​របៀបរស់នៅ​ឥតប្រយោជន៍​របស់អ្នករាល់គ្នា​ដែល​បន្តពីដូនតា​មក មិនមែន​ដោយ​អ្វី​ដែលរមែងតែងតែសាបសូន្យ​ដូច​ប្រាក់ ឬ​មាស​នោះ​ទេ

19 គឺ​ដោយ​ព្រះលោហិត​ដ៏វិសេស​របស់​ព្រះ​គ្រីស្ទ​វិញ ដែល​ប្រៀបដូចជា​កូនចៀម​ដ៏ឥតសៅហ្មង និង​ឥតប្រឡាក់​។

20 ព្រះអង្គ​ត្រូវបាន​ជ្រើសតាំងជាមុន មុន​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ ប៉ុន្តែ​ត្រូវបាន​សម្ដែង​នៅ​គ្រា​ចុងបញ្ចប់​នេះ ដោយយល់ដល់​អ្នករាល់គ្នា​។

21 តាមរយៈ​ព្រះអង្គ អ្នករាល់គ្នា​ជឿ​លើ​ព្រះ​ដែល​លើក​ព្រះគ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ព្រមទាំង​ប្រទាន​សិរីរុងរឿង​ដល់​ព្រះអង្គ ដើម្បីឲ្យ​ជំនឿ និង​សេចក្ដីសង្ឃឹម​របស់អ្នករាល់គ្នា​បាន​ពឹងអាងលើ​ព្រះ​។

22 ដោយ​អ្នករាល់គ្នា​បាន​ជម្រះ​ព្រលឹង​របស់អ្នករាល់គ្នា​ឲ្យបរិសុទ្ធ​ដោយ​ការស្ដាប់បង្គាប់​សេចក្ដីពិត ធ្វើឲ្យ​មាន​សេចក្ដីស្រឡាញ់ជាបងប្អូន​ដែល​ឥតពុតត្បុត ដូច្នេះ​ចូរ​ស្រឡាញ់​គ្នាទៅវិញទៅមក​យ៉ាងអស់ពីចិត្ត​ដោយ​ចិត្ត​បរិសុទ្ធ​ចុះ​។

23 អ្នករាល់គ្នា​បាន​កើតជាថ្មី មិនមែន​ពី​គ្រាប់ពូជ​ដែលរមែងតែងតែសាបសូន្យ​ទេ គឺ​ពី​គ្រាប់ពូជ​ដែលមិនចេះសាបសូន្យ​វិញ តាមរយៈ​ព្រះបន្ទូល​ដ៏​មានជីវិតរស់ និង​ដ៏​នៅស្ថិតស្ថេរ​របស់​ព្រះ​។

24 ដ្បិត “មនុស្ស ​ទាំងអស់​ប្រៀបដូចជា​ស្មៅ ហើយ​គ្រប់ទាំង​សិរីរុងរឿង​របស់​ពួកគេ​ក៏​ប្រៀបដូចជា​ផ្កា​ស្មៅ​ដែរ​; ស្មៅ​ក៏​ក្រៀមស្វិត ហើយ​ផ្កា​ក៏​រុះរោយ

25 រីឯ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅស្ថិតស្ថេរ​ជារៀងរហូត”។ នេះ​ហើយ ជា​ព្រះបន្ទូល​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អ្នករាល់គ្នា​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative