ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 53 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
អេសាយ 53

1 តើ​នរណា​បាន​ជឿ​ដំណឹង​របស់ពួកយើង​? តើ​ព្រះពាហុ​របស់​ព្រះយេហូវ៉ា​ត្រូវបាន​សម្ដែង​ដល់​នរណា​?

2 ដ្បិត​លោក​ធំឡើង​នៅចំពោះ​ព្រះអង្គ ដូចជា​រុក្ខជាតិខ្ចី ក៏​ធំឡើង​ដូចជា​ឫស​ពីក្នុង​ដី​ហួតហែង​; លោក​មិន​មាន​រូបឆោម ក៏​គ្មាន​អានុភាព​ដែល​ធ្វើឲ្យ​ពួកយើង​ចាប់អារម្មណ៍​នឹង​លោក​ទេ ហើយ​គ្មាន​សម្រស់​ដែល​ធ្វើឲ្យ​ពួកយើង​ប្រាថ្នាចង់បាន​លោក​ឡើយ​។

3 លោក​ត្រូវបាន​មើលងាយ ហើយ​ត្រូវបាន​បដិសេធ​ពី​មនុស្ស ក៏ជា​មនុស្ស​នៃ​ការឈឺចាប់ ហើយ​ធ្លាប់ស្គាល់​រោគា​; លោក​ត្រូវបាន​មើលងាយ​ដូចជា​អ្នកដែល​លាក់​មុខ​ពី​គេ ហើយ​ពួកយើង​ក៏​មិន​បាន​ឲ្យតម្លៃ​លោក​សោះ​។

4 ពិតមែនហើយ លោក​បាន​ផ្ទុក​រោគា​របស់ពួកយើង ហើយ​បាន​ទទួលយក​ការឈឺចាប់​របស់ពួកយើង យ៉ាងណាមិញ ពួកយើង​បាន​ចាត់ទុកថា លោក​ត្រូវបាន​ដាក់ទោស ត្រូវ​ព្រះ​វាយ និង​ត្រូវបាន​ធ្វើទុក្ខ​។

5 តាមពិត លោក​រងរបួស​ដោយព្រោះ​ការបំពាន​របស់ពួកយើង លោក​ត្រូវបាន​ជាន់កម្ទេច​ដោយព្រោះ​អំពើទុច្ចរិត​របស់ពួកយើង​។ ការវាយប្រដៅ​ដែលនាំឲ្យ​ពួកយើង​មាន​សេចក្ដីសុខសាន្ត បានធ្លាក់​ទៅលើ​លោក ហើយ​ដោយសារតែ​ស្នាមរំពាត់​របស់លោក ពួកយើង​ត្រូវបាន​ប្រោសឲ្យជា​។

6 យើង​ទាំងអស់គ្នា​បាន​វង្វេង​ដូច​ចៀម ម្នាក់ៗ​បាន​បែរចេញ​ទៅតាម​ផ្លូវ​រៀងៗខ្លួន ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​ទម្លាក់​សេចក្ដីទុច្ចរិត​របស់យើង​ទាំងអស់គ្នា​ទៅលើ​លោក​។

7 លោក​ត្រូវគេ​សង្កត់សង្កិន ក៏​រងទុក្ខ ប៉ុន្តែ​លោក​មិន​បាន​បើក​មាត់​សោះ​; ដូចដែល​កូនចៀម​ត្រូវគេ​ដឹក​ទៅ​សម្លាប់ ដូចដែល​ចៀម​នៅស្ងៀមស្ងាត់​នៅមុខ​អ្នក​កាត់រោម​វា​យ៉ាងណា លោក​ក៏​មិន​បាន​បើក​មាត់​យ៉ាងនោះដែរ​។

8 លោក​ត្រូវបាន​ដកចេញ​ដោយ​ការសង្កត់សង្កិន និង​ដោយ​ការកាត់ទោស​។ តើ​នរណា​នឹង​រៀបរាប់​អំពី​ជំនាន់​របស់លោក​? ដ្បិត​លោក​ត្រូវបាន​កាត់ចេញ​ពី​ស្ថានមនុស្សរស់ ហើយត្រូវគេ​វាយ ដោយព្រោះ​ការបំពាន​របស់​ប្រជាជន​ខ្ញុំ​។

9 ទោះបីជា​លោក​មិនដែល​ធ្វើ​អំពើហិង្សា ហើយ​គ្មាន​សេចក្ដីបោកបញ្ឆោត​នៅក្នុង​មាត់​របស់លោក​ក៏ដោយ ក៏​គេ​កំណត់​ផ្នូរ​លោក​ឲ្យ​នៅក្នុង​ផ្នូរ​មនុស្ស​អាក្រក់​ដែរ យ៉ាងណាមិញ ក្នុង​មរណភាព​របស់លោក ផ្នូរ​លោក​នៅក្នុង​ផ្នូរ​អ្នកមាន​ម្នាក់​។

10 ជាការពិត ព្រះយេហូវ៉ា​សព្វព្រះហឫទ័យ​នឹង​កម្ទេច​លោក ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​លោក​ឈឺចាប់​។ កាលណា​លោក​យក​ជីវិត​របស់ខ្លួន​ធ្វើជា​តង្វាយលោះទោស លោក​ក៏​នឹង​ឃើញ​ពូជពង្ស​របស់លោក ហើយ​លោក​នឹង​ធ្វើឲ្យ​អាយុ​លោក​វែង​; សេចក្ដីត្រេកអរ​របស់​ព្រះយេហូវ៉ា​នឹង​ចម្រើនឡើង​តាមរយៈ​ដៃ​របស់លោក​។

11 ក្រោយពី​ទុក្ខវេទនា​នៃ​ព្រលឹង​របស់លោក លោក​នឹង​ឃើញ​ពន្លឺ នោះ​លោក​នឹង​ស្កប់ចិត្ត​ផង​។ “អ្នកបម្រើ​ដ៏សុចរិត​របស់យើង នឹង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ការស្គាល់​គាត់ ហើយ​គាត់​នឹង​ផ្ទុក​សេចក្ដីទុច្ចរិត​របស់ពួកគេ​។

12 ដោយហេតុនេះ យើង​នឹង​ឲ្យ​គាត់​មានចំណែក​ជាមួយ​ពួក​អ្នកធំ ហើយ​គាត់​នឹង​ចែក​ជ័យភណ្ឌ​ជាមួយ​ពួកមនុស្ស​ខ្លាំងពូកែ ពីព្រោះ​គាត់​បាន​ច្រូច​ព្រលឹង​របស់ខ្លួន​ចេញ​រហូតដល់​មរណភាព​។ គាត់​ត្រូវគេ​រាប់បញ្ចូល​ជាមួយ​មនុស្ស​បំពាន ប៉ុន្តែ​គាត់​ផ្ទុក​បាប​របស់​មនុស្ស​ជាច្រើន ហើយ​បាន​ទូល​អង្វរ​ជំនួស​មនុស្ស​បំពាន​វិញ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative