ការជំនុំជម្រះចំពោះប្រជាជាតិនានា1 ប្រជាជាតិនានាអើយ ចូរចូលមកជិតដើម្បីស្ដាប់ចុះ! ជាតិសាសន៍នានាអើយ ចូរយកចិត្តទុកដាក់ចុះ! ចូរឲ្យផែនដី និងរបស់សព្វសារពើដែលនៅទីនោះ ព្រមទាំងពិភពលោក និងរបស់ទាំងអស់ដែលកើតចេញពីទីនោះស្ដាប់ចុះ! 2 ដ្បិតព្រះពិរោធរបស់ព្រះយេហូវ៉ាមកលើគ្រប់ទាំងប្រជាជាតិ ហើយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គមកលើពលទ័ពទាំងអស់របស់ពួកគេ។ ព្រះអង្គបានញែកចេញបំផ្លាញពួកគេ ក៏បានប្រគល់ពួកគេទៅការកាប់សម្លាប់។ 3 អ្នកដែលត្រូវគេសម្លាប់ក្នុងពួកគេ នឹងត្រូវបានបោះចោល; ក្លិនស្អុយពីសាកសពទាំងនោះនឹងសាយឡើង ហើយភ្នំទាំងឡាយនឹងរលាយទៅដោយឈាមរបស់ពួកគេ។ 4 ចំណែកឯអស់ទាំងពលបរិវារនៃមេឃនឹងរលាយសូន្យ ហើយផ្ទៃមេឃនឹងត្រូវបានមូរទុកដូចជាក្រាំង។ អស់ទាំងពលបរិវារនៃមេឃនឹងស្រពោនជ្រុះ ដូចដែលស្លឹកស្រពោនជ្រុះពីដើមទំពាំងបាយជូរ និងដូចដែលស្លឹកស្រពោនជ្រុះពីដើមល្វា។ ការជំនុំជម្រះចំពោះអេដំ5 ដ្បិតដាវរបស់យើងបានផឹកឆ្អែតនៅលើមេឃហើយ មើល៍! វានឹងចុះមកលើជនជាតិអេដំដើម្បីជំនុំជម្រះ គឺចុះមកលើប្រជាជនដែលយើងបានញែកចេញបំផ្លាញ! 6 ដាវរបស់ព្រះយេហូវ៉ាបានប្រឡាក់ឈាមដាប ក៏ជោកដោយខ្លាញ់ គឺដោយឈាមរបស់កូនចៀម និងពពែឈ្មោល ព្រមទាំងខ្លាញ់ក្រលៀនរបស់ចៀមឈ្មោល ពីព្រោះព្រះយេហូវ៉ាទ្រង់ធ្វើពិធីថ្វាយយញ្ញបូជានៅបុសរ៉ា ហើយមានការកាប់សម្លាប់យ៉ាងធំនៅដែនដីអេដំ។ 7 គោព្រៃនឹងដួលចុះជាមួយពួកគេ គោស្ទាវនឹងដួលចុះជាមួយគោបា; ទឹកដីរបស់ពួកគេនឹងផឹកឆ្អែតដោយឈាម ធូលីដីរបស់ពួកគេនឹងជោកដោយខ្លាញ់។ 8 ដ្បិតព្រះយេហូវ៉ាមានថ្ងៃនៃការសងសឹក ជាឆ្នាំនៃការតបសងចំពោះរឿងក្ដីរបស់ស៊ីយ៉ូន។ 9 ទឹកជ្រោះនៅអេដំនឹងក្លាយជាជ័រម្រ័ក្សណ៍ ធូលីដីរបស់នាងនឹងក្លាយជាស្ពាន់ធ័រ ហើយទឹកដីរបស់នាងនឹងក្លាយជាជ័រម្រ័ក្សណ៍ដែលកំពុងឆេះ—— 10 ភ្លើងនោះនឹងមិនរលត់ទាំងយប់ទាំងថ្ងៃ ផ្សែងរបស់វានឹងហុយឡើងជារៀងរហូត ស្រុកនោះនឹងនៅជាទីហិនហោចពីជំនាន់មួយទៅជំនាន់មួយ គ្មានអ្នកណាឆ្លងកាត់តាមនោះជារៀងរហូតតទៅ។ 11 សត្វទុង និងកាំប្រមានឹងកាន់កាប់ស្រុកនោះវិញ ហើយសត្វគូក និងក្អែកនឹងរស់នៅស្រុកនោះដែរ; ព្រះអង្គនឹងសន្ធឹងខ្សែរង្វាស់នៃការហិនហោចនៅលើស្រុកនោះ ក៏សន្ធឹងខ្សែប្រយោលនៃភាពទទេសូន្យ។ 12 នៅទីនោះគ្មានអភិជនរបស់អេដំដែលនឹងប្រកាសរាជ្យអំណាចឡើយ មេដឹកនាំទាំងអស់របស់នាងក៏នឹងអស់ទៅដែរ។ 13 បន្លានឹងដុះឡើងនៅបន្ទាយរបស់ស្រុកនោះ គុម្ពបន្លា និងអញ្ចាញនឹងដុះឡើងនៅទីមាំមួនរបស់ស្រុកនោះ។ ស្រុកនោះនឹងបានជាលំនៅរបស់ឆ្កែព្រៃ និងជាទីលានសម្រាប់អូទ្រីស។ 14 សត្វព្រៃនៅទីរហោស្ថាននឹងជួបជាមួយសត្វស្វាន ពពែព្រៃនឹងស្រែកហៅគ្នាទៅវិញទៅមក ចំណែកឯសត្វទីទុយនឹងមកទំនៅទីនោះ ហើយរកឃើញទីសម្រាកសម្រាប់ខ្លួន។ 15 ទីទុយធំនឹងធ្វើសម្បុកនៅទីនោះ ព្រមទាំងពង ហើយញាស់កូនផង ក៏ប្រមូលកូនមកក្រោមម្លប់របស់វា; ប្រាកដមែន ស្ទាំងនឹងមកទាំងគូៗ ផ្ដុំគ្នានៅទីនោះ។ 16 ចូរស្វែងរកក្នុងសៀវភៅរបស់ព្រះយេហូវ៉ា ហើយអានមើល៍ចុះ! គ្មានសត្វណាមួយក្នុងសត្វទាំងនោះខានមក គ្មានសត្វណាមួយខ្វះគូឡើយ ដ្បិតព្រះឱស្ឋរបស់ព្រះអង្គបានបង្គាប់ការនេះ គឺព្រះវិញ្ញាណរបស់ព្រះអង្គហើយ ដែលប្រមូលពួកវាមក។ 17 ព្រះអង្គបានចាប់ឆ្នោតឲ្យពួកវា ហើយព្រះហស្តរបស់ព្រះអង្គបានចែកស្រុកនោះឲ្យពួកវាដោយខ្សែរង្វាស់។ ពួកវានឹងកាន់កាប់ស្រុកនោះជារៀងរហូត ហើយរស់នៅស្រុកនោះពីជំនាន់មួយទៅជំនាន់មួយ៕ |