មែកពីឫសរបស់អ៊ីសាយ1 លំពង់មួយនឹងដុះចេញពីដង្គត់របស់អ៊ីសាយ មែកមួយពីឫសរបស់គាត់ នឹងបង្កើតផល។ 2 ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ានឹងសណ្ឋិតនៅលើអ្នកនោះ គឺព្រះវិញ្ញាណនៃប្រាជ្ញា និងការយល់ដឹង ព្រះវិញ្ញាណនៃដំបូន្មាន និងមហិទ្ធិឫទ្ធិ ព្រះវិញ្ញាណនៃចំណេះដឹង និងការកោតខ្លាចដល់ព្រះយេហូវ៉ា។ 3 លោកនឹងរីករាយក្នុងការកោតខ្លាចដល់ព្រះយេហូវ៉ា ហើយមិនជំនុំជម្រះតាមអ្វីដែលមើលឃើញដោយភ្នែកឡើយ ក៏មិនសម្រេចសេចក្ដីតាមអ្វីដែលស្ដាប់ឮដោយត្រចៀកដែរ 4 គឺលោកនឹងជំនុំជម្រះអ្នកក្រខ្សត់ដោយសេចក្ដីសុចរិតយុត្តិធម៌ ហើយសម្រេចសេចក្ដីឲ្យមនុស្សតូចទាបនៅផែនដីដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ ព្រមទាំងសម្លាប់មនុស្សអាក្រក់ដោយខ្យល់ដង្ហើមនៃបបូរមាត់ផង។ 5 សេចក្ដីសុចរិតយុត្តិធម៌នឹងបានជាខ្សែក្រវាត់នៅនឹងត្រគាករបស់លោក សេចក្ដីពិតត្រង់នឹងបានជាខ្សែក្រវាត់នៅនឹងចង្កេះរបស់លោក។ 6 ចចកនឹងរស់នៅជាមួយកូនចៀម ខ្លារខិននឹងដេកជាមួយកូនពពែ កូនគោ តោស្ទាវ និងកូនគោបំប៉ននឹងនៅជាមួយគ្នា ហើយក្មេងតូចនឹងនាំពួកវា។ 7 គោញី និងខ្លាឃ្មុំនឹងស៊ីស្មៅ កូនវានឹងដេកជាមួយគ្នា ហើយតោនឹងស៊ីចំបើងដូចគោ។ 8 ទារកនៅបៅនឹងលេងនៅក្បែររន្ធពស់វែក ក្មេងផ្ដាច់ដោះនឹងដាក់ដៃទៅក្នុងរូងពស់ពិស។ 9 ពួកវានឹងមិនធ្វើទុក្ខ ឬបំផ្លាញ នៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ ដ្បិតផែនដីនឹងពេញដោយចំណេះដឹងអំពីព្រះយេហូវ៉ា ដូចដែលទឹកគ្របលើសមុទ្រ។ អ៊ីស្រាអែលត្រូវបានប្រមូលមកវិញ10 នៅថ្ងៃនោះ ឫសរបស់អ៊ីសាយនឹងឈរឡើងជាទង់សញ្ញាដល់ជាតិសាសន៍ទាំងឡាយ; ប្រជាជាតិនានានឹងស្វែងរកអ្នកនោះ ហើយទីសម្រាករបស់លោកនឹងបានរុងរឿង។ 11 នៅថ្ងៃនោះ ព្រះអម្ចាស់របស់ខ្ញុំនឹងលាតព្រះហស្តរបស់ព្រះអង្គម្ដងទៀតជាលើកទីពីរ ដើម្បីលោះសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ពីអាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និងពីកោះទាំងឡាយនៅសមុទ្រមកវិញ។ 12 ព្រះអង្គនឹងលើកទង់សញ្ញាមួយឡើងសម្រាប់ប្រជាជាតិនានា ហើយកោះហៅអ្នកដែលត្រូវបានបណ្ដេញចេញនៃអ៊ីស្រាអែល ក៏នឹងប្រមូលអ្នកដែលខ្ចាត់ខ្ចាយនៃយូដា ពីជ្រុងទាំងបួននៃផែនដី។ 13 សេចក្ដីច្រណែនរបស់ពួកអេប្រាអិមនឹងបាត់ទៅ ហើយភាពជាសត្រូវរបស់ពួកយូដានឹងត្រូវបានកាត់ចេញ; ពួកអេប្រាអិមនឹងលែងច្រណែនពួកយូដា ហើយពួកយូដានឹងលែងធ្វើជាសត្រូវនឹងពួកអេប្រាអិម។ 14 ពួកគេនឹងឆាបលើស្មារបស់ភីលីស្ទីននៅទិសខាងលិច ក៏នឹងប្លន់មនុស្សនៅទិសខាងកើតជាមួយគ្នា; ពួកគេនឹងលាតដៃទាស់នឹងអេដំ និងម៉ូអាប់ រីឯកូនចៅអាំម៉ូននឹងចុះចូលនឹងពួកគេ។ 15 ព្រះយេហូវ៉ានឹងធ្វើឲ្យឈូងសមុទ្រអេហ្ស៊ីបរីងស្ងួត ហើយគ្រវីព្រះហស្តរបស់ព្រះអង្គទៅលើទន្លេធំដោយខ្យល់ដ៏ខ្លាំងរបស់ព្រះអង្គ ក៏នឹងវាយទន្លេនោះឲ្យចេញជាដៃទន្លេប្រាំពីរ ដើម្បីឲ្យដើរកាត់បានដោយពាក់ស្បែកជើង។ 16 នោះនឹងមានផ្លូវធំមួយពីអាស្ស៊ីរី សម្រាប់សំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ដូចដែលធ្លាប់មានសម្រាប់អ៊ីស្រាអែល នៅគ្រាដែលពួកគេបានឡើងមកពីដែនដីអេហ្ស៊ីបដែរ៕ |