មហាបូជាចារ្យម៉ិលគីស្សាដែក1 អស់ទាំងមហាបូជាចារ្យដែលត្រូវបានជ្រើសរើសពីចំណោមមនុស្ស គឺត្រូវបានតែងតាំងជំនួសមនុស្សឲ្យធ្វើអ្វីៗខាងឯព្រះ ដើម្បីថ្វាយតង្វាយ និងយញ្ញបូជាសម្រាប់បាប។ 2 លោកអាចប្រាស្រ័យទាក់ទងនឹងអ្នកដែលលេលា និងវង្វេង ពីព្រោះខ្លួនលោកក៏មានភាពខ្សោយដែរ 3 ហើយដោយព្រោះហេតុនេះ លោកត្រូវតែថ្វាយយញ្ញបូជាសម្រាប់បាបដើម្បីខ្លួនឯង ដូចដែលលោកថ្វាយដើម្បីប្រជាជនយ៉ាងនោះដែរ។ 4 គ្មានអ្នកណាអាចយកងារដ៏ប្រសើរនេះឲ្យខ្លួនឯងបានឡើយ គឺមានតែត្រូវព្រះត្រាស់ហៅដូចអើរ៉ុនប៉ុណ្ណោះ។ 5 ដូចគ្នាដែរ ព្រះគ្រីស្ទក៏មិនបានលើកតម្កើងសិរីរុងរឿងដល់អង្គទ្រង់ដោយធ្វើជាមហាបូជាចារ្យឡើយ ផ្ទុយទៅវិញ គឺព្រះដែលមានបន្ទូលនឹងព្រះអង្គថា:“អ្នកជាបុត្ររបស់យើង ថ្ងៃនេះយើងបានបង្កើតអ្នក” ទេតើ ដែលលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ។ 6 ដូចដែលព្រះអង្គមានបន្ទូលនៅកន្លែងមួយទៀតថា:“អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។ 7 នៅគ្រាដែលព្រះគ្រីស្ទគង់នៅក្នុងរូបសាច់របស់ព្រះអង្គ ព្រះអង្គបានថ្វាយសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរដោយសម្រែកយ៉ាងខ្លាំង និងដោយទឹកភ្នែក ដល់ព្រះដែលអាចសង្គ្រោះព្រះអង្គពីសេចក្ដីស្លាប់បាន ហើយដោយព្រោះជំនឿស៊ប់ ពាក្យរបស់ព្រះអង្គក៏ត្រូវបានសណ្ដាប់។ 8 ទោះបីព្រះអង្គជាព្រះបុត្រាក៏ដោយ ក៏ព្រះអង្គបានរៀនឲ្យចេះស្ដាប់បង្គាប់តាមរយៈអ្វីដែលព្រះអង្គបានរងទុក្ខ។ 9 នៅពេលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ហើយ ព្រះអង្គបានក្លាយជាប្រភពនៃសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចដល់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ 10 ព្រមទាំងត្រូវព្រះហៅថាជាមហាបូជាចារ្យ “ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។ បញ្ហាខ្វះភាពចាស់ទុំ11 ចំពោះការនេះ យើងមានពាក្យជាច្រើនដែលត្រូវនិយាយ ប៉ុន្តែយើងពិបាកពន្យល់ ពីព្រោះអ្នករាល់គ្នាបែរជាខ្ជិលស្ដាប់។ 12 តាមពិត អ្នករាល់គ្នាគួរតែធ្វើជាគ្រូត្រឹមពេលឥឡូវនេះ ប៉ុន្តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀនគោលការណ៍បឋមនៃព្រះបន្ទូលរបស់ព្រះម្ដងទៀត។ អ្នករាល់គ្នាបែរជាត្រូវការទឹកដោះទៅវិញ គឺមិនមែនអាហាររឹងទេ។ 13 ដ្បិតអស់អ្នកដែលផឹកទឹកដោះ គឺមិនប្រសប់ខាងព្រះបន្ទូលនៃសេចក្ដីសុចរិតទេ ពីព្រោះអ្នកនោះជាកូនក្មេង 14 រីឯអាហាររឹងគឺសម្រាប់មនុស្សពេញវ័យ ជាពួកអ្នកដែលសមត្ថភាពវែកញែកត្រូវបានបង្វឹក ដោយឆ្លងកាត់ការអនុវត្ត រហូតដល់ចេះវែកញែករវាងការល្អ និងការអាក្រក់ផង៕ |