ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ហេព្រើរ 2 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ហេព្រើរ 2

កុំធ្វើព្រងើយនឹងសេចក្ដីសង្គ្រោះ

1 ដោយហេតុនេះ យើង​ត្រូវតែ​យកចិត្តទុកដាក់​ឲ្យ​កាន់តែខ្លាំងឡើង​ចំពោះ​សេចក្ដី​ដែល​យើង​បាន​ឮ ក្រែងលោ​យើង​ត្រូវបាន​ធ្វើឲ្យរសាត់បាត់ទៅ​។

2 ដ្បិត​ប្រសិនបើ​ព្រះបន្ទូល​ដែល​ត្រូវបាន​ប្រកាស​តាមរយៈ​បណ្ដា​ទូតសួគ៌​បាន​ប្រាកដប្រជា ហើយ​គ្រប់ទាំង​ការល្មើស និង​ការមិនស្ដាប់បង្គាប់​បាន​ទទួល​ការតបសង​ដែលត្រូវទទួល​ទៅហើយ

3 តើ​យើង​នឹង​គេចផុត​យ៉ាងដូចម្ដេច​បាន ប្រសិនបើ​យើង​ធ្វើព្រងើយ​នឹង​សេចក្ដីសង្គ្រោះ​ដ៏ធំយ៉ាងនេះ​? សេចក្ដីសង្គ្រោះនេះ​ត្រូវបាន​ប្រកាស​តាមរយៈ​ព្រះអម្ចាស់​ជាមុន ‍រួចមក​ត្រូវបាន​បញ្ជាក់​ដល់​យើង​តាមរយៈ​ពួក​អ្នក​ដែល​បាន​ឮ​។

4 ព្រះ​បាន​ធ្វើបន្ទាល់ ដោយ​ទីសម្គាល់ ការអស្ចារ្យ និង​មហិទ្ធិឫទ្ធិ​ផ្សេងៗ ព្រមទាំង​ដោយ​អំណោយទាន​ពី​ព្រះវិញ្ញាណដ៏វិសុទ្ធ ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​។

ព្រះយេស៊ូវ និងមនុស្សជាតិ

5 ជាការពិត ព្រះអង្គ​មិន​បាន​ធ្វើឲ្យ “លោក​ខាងមុខ” ដែល​យើង​កំពុង​និយាយ​នេះ ចុះចូល​នឹង​បណ្ដា​ទូតសួគ៌​ឡើយ

6 ប៉ុន្តែ​មាន​គេ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​នៅកន្លែងមួយ​ក្នុងគម្ពីរ​ថា​: “តើ​មនុស្ស​ជា​អ្វី បានជា​ព្រះអង្គ​យកចិត្តទុកដាក់​នឹង​គេ​? តើ​កូនមនុស្ស​ជា​អ្វី បានជា​ព្រះអង្គ​មើលថែ​គេ​?

7 ព្រះអង្គ​បាន​ធ្វើឲ្យ​គេ​ទាប​ជាង​បណ្ដា​ទូតសួគ៌​មួយរយៈ​; ព្រះអង្គ​បាន​យក​សិរីរុងរឿង និង​កិត្តិយស បំពាក់ជាមកុដ​លើ​គេ​;

8 ព្រះអង្គ​បាន​ធ្វើឲ្យ​របស់​សព្វសារពើ​ចុះចូល​នៅក្រោម​ជើង​គេ”។ ដោយព្រោះព្រះ​បាន​ធ្វើឲ្យ​របស់​សព្វសារពើ​ចុះចូល​នឹង​គេ​ហើយ ដូច្នេះ​គ្មានអ្វី​មិនចុះចូល​នឹង​គេ​នៅសល់​ឡើយ ក៏ប៉ុន្តែ​សព្វថ្ងៃនេះ យើង​មិនទាន់​ឃើញរបស់​សព្វសារពើ​ចុះចូល​នឹង​គេ​នៅឡើយទេ​។

9 យ៉ាងណាមិញ យើង​ឃើញ​ព្រះយេស៊ូវ​ដែលត្រូវបាន​ធ្វើឲ្យទាប​ជាង​បណ្ដា​ទូតសួគ៌​មួយរយៈ ដោយសារតែ​ទុក្ខលំបាក​នៃ​សេចក្ដីស្លាប់ រួច​បាន​ទទួល​សិរីរុងរឿង និង​កិត្តិយស​ពាក់ជាមកុដ ដើម្បីឲ្យ​ព្រះអង្គ​បាន​ភ្លក់​សេចក្ដីស្លាប់​ជំនួស​មនុស្ស​ទាំងអស់ ដោយ​ព្រះគុណ​របស់​ព្រះ​។

10 ការ​បំពេញមុខងារ​ជា​ស្ថាបនិក​នៃ​សេចក្ដីសង្គ្រោះ ដោយ​នាំ​កូន​ជាច្រើន​មករក​សិរីរុងរឿង​តាមរយៈ​ទុក្ខលំបាក ជា​ការ​សមគួរ​សម្រាប់​ព្រះអង្គ​ដែល​របស់​សព្វសារពើ​មាននៅ​សម្រាប់​ព្រះអង្គ និង​ដោយសារតែ​ព្រះអង្គ​។

11 ដ្បិត​ទាំង​អ្នក​ដែល​ញែកជាវិសុទ្ធ និង​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ សុទ្ធតែ​មកពី​ព្រះអង្គ​តែមួយ​។ ហេតុនេះហើយបានជា​ព្រះអង្គ​មិន​អៀនខ្មាស​នឹង​ហៅ​ពួកគេ​ថា​បងប្អូន

12 ទាំង​មានបន្ទូលថា​: “ទូលបង្គំ​នឹង​ប្រកាស​ព្រះនាម​របស់ព្រះអង្គ​ដល់​បងប្អូន​របស់ទូលបង្គំ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ នៅ​កណ្ដាលចំណោម​អង្គប្រជុំ”។

13 ព្រះអង្គ​មានបន្ទូល​ទៀត​ថា​:“ខ្ញុំ​នឹង​ទុកចិត្ត​លើ​ព្រះអង្គ” ហើយ​ថា​:“មើល៍! ខ្ញុំ និង​កូន‍ៗ ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ​!”។

14 ដូច្នេះ ដោយព្រោះ​កូន‍ៗ​មានចំណែក​ក្នុង​សាច់ និង​ឈាម ព្រះអង្គ​ក៏​ទទួលចំណែក​ក្នុង​សាច់ និងឈាម​ដូចគ្នា​ដែរ ដើម្បី​តាមរយៈ​ការសុគត ព្រះអង្គ​អាច​បំផ្លាញ​អ្នក​ដែល​កាន់​អំណាច​នៃ​សេចក្ដីស្លាប់ (​នោះគឺ​មារ​)

15 ព្រមទាំង​អាច​រំដោះ​អស់អ្នកដែល​ជាប់​ក្នុង​ភាពជាទាសករ​អស់មួយជីវិត​ដោយ​ការភ័យខ្លាច​សេចក្ដីស្លាប់​។

16 ពិតមែនហើយ ព្រះអង្គ​មិន​ជួយ​ទូតសួគ៌​ទេ គឺ​ជួយ​ពូជពង្ស​របស់​អ័ប្រាហាំ​វិញ​។

17 ដូច្នេះ ព្រះអង្គ​ត្រូវតែ​បានដូច​បងប្អូន​ក្នុង​គ្រប់ជំពូក ដើម្បីឲ្យ​ព្រះអង្គ​បានជា​មហាបូជាចារ្យ​ដែល​មានចិត្តមេត្តា និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ខាងឯ​ព្រះ ដើម្បី​ថ្វាយយញ្ញបូជាលួងព្រះហឫទ័យ​សម្រាប់​បាប​របស់​ប្រជាជន​។

18 ដោយសារ​ព្រះអង្គ​ផ្ទាល់​បាន​រងទុក្ខ​ក្នុង​ការ​ល្បងល ដូច្នេះ​ព្រះអង្គ​អាច​ជួយ​អ្នក​ដែល​ត្រូវបាន​ល្បងល​ដែរ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative